កម្ពុជា

សម រង្ស៊ី៖ ស្ដេច​«ទន់ជ្រាយ»​បែបនេះ គឺ​«ឥតប្រយោជន៍»​សម្រាប់​ប្រទេស

សម្រាប់លោក សម រង្ស៊ី ព្រះមហាក្សត្រកម្ពុជាសព្វថ្ងៃ ជាស្ដេច«ទន់ជ្រាយ» «ឥតប្រយោជន៍» ព្រោះ«សំងំសុខតែនៅក្នុងវាំង» និង«មិនដែលឈឺឆ្អាល» អំពីបញ្ហារាស្ត្រម្ដងណាទេ។ មេដឹកនាំប្រឆាំង បានថ្លែងដូច្នេះ នៅក្នុងប្រតិកម្មមួយរបស់លោក ដែលលោកបង្ហោះ នៅលើបណ្ដាញសង្គម ដើម្បីតបនឹងសាលក្រម របស់តុលាការរាជធានី។

កាលពីថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០១៩ម្សិលម៉ិញ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រម កាត់ទោសលោក សម រង្ស៊ី ពីបទចោទប្រកាន់ចំនួនពីរ ដោយសម្រេចផ្ដន្ទាទោសលោក ដាក់​ពន្ធនាគារ​កំណត់ ៨ឆ្នាំ (៤ឆ្នាំ សម្រាប់​បទល្មើស​នីមួយៗ) និង​ផាក​ពិន័យ​សរុប ​២០​ លាន​រៀល​។

បទចោទទីមួយ ជាបទ«ញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព» ទាក់ទងនឹងការអំពាវនាវ​​របស់​លោក កាល​ពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ២០១៧​ ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ ឈប់​ស្ដាប់​បង្គាប់​មេដឹកនាំ​«ផ្ដាច់ការ»។

រីឯសំណុំរឿងទីពីរ ជាបទ«ប្រមាថព្រះមហាក្សត្រ» ជុំវិញការ​​អះអាង ​របស់​លោក សម ​រង្ស៊ី កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៨ ដែល​ថា លិខិត​ព្រះមហាក្សត្រ​ ដែល​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ គឺ​ជា​លិខិត«ក្លែង​ក្លាយ» ​ឬ​ត្រូវ​ធ្វើ​ឡើង​«ក្រោម​ការ​គំរាម​កំហែង»។

ជាប្រតិកម្មតបនឹងសាលក្រម ខាងលើនេះ លោក សម រង្ស៊ី បញ្ជាក់ថា លោក«គ្រាន់តែនិយាយការពិត» ហើយនៅតែអះអាងជាថ្មី ថា«ព្រះមហាក្សត្រសព្វថ្ងៃ គឺជាចំណាប់ខ្មាំង»។ លោកសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិចថា៖

«ព្រះមហាក្សត្រសព្វថ្ងៃ គឺជាចំណាប់ខ្មាំង របស់ជនផ្តាច់ការ ហ៊ុន សែន ដែលបង្ខំឲ្យព្រះអង្គប្រថាប់ត្រា លើរាល់ទង្វើអាក្រក់របស់ជនផ្តាច់ការ ហ៊ុន សែន នេះ។»

ប្រធានស្ដីទីគណបក្សប្រឆាំង បានប្រើពាក្យខ្លាំងៗបន្ថែម នៅក្នុងសាររបស់លោកទៀតថា៖

«ព្រះមហាក្សត្រ”ទន់ជ្រាយ”បែបនេះ គឺ”ឥតប្រយោជន៍”ទាល់តែសោះ សម្រាប់ប្រទេសជាតិ ហើយមានតែធ្វើឲ្យខូចខាត ផលប្រយោជន៍ជាតិទៅវិញ។ ព្រះអង្គសំងំសុខ តែក្នុងវាំង ឬនៅប្រទេសចិន ហើយមិនដែលឈឺឆ្អាល អំពីទុក្ខវេទនារបស់ប្រជារាស្ត្រ ដងណាទេ ហើយក៏មិនដែលចេញមុខ ការពារប្រជារាស្ត្ររងគ្រោះ ដងណាឡើយ។»

ចំពោះសំនុំរឿងទីមួយ លោក សម រង្ស៊ី បានអះអាងថា លោកនឹងបន្តធ្វើសេចក្ដីអំពាវនាវ ឲ្យកាន់តែខ្លាំងឡើង ទៅកាន់កងកម្លាំងប្រដាប់អាវុធ ឲ្យ«ឈប់ស្ដាប់ និងឈប់ការពារជនផ្ដាច់ការ»។ លោកថា៖

«ខ្ញុំនឹងរឹតតែលើកទឹកចិត្ត កងកម្លាំងប្រដាប់អាវុធថែមទៀត សូមឲ្យឈប់ស្តាប់ និងឈប់ការពារជនផ្តាច់ការ ហ៊ុន សែន តែត្រូវ[ងាក]បែរ ទាំងទឹកចិត្ត ទាំងចុងកាំភ្លើង មកការពារប្រជារាស្ត្រវិញ ហើយចូលរួមចលនាស្រោចស្រង់ជាតិ ដោយកម្ចាត់របបផ្តាច់ការសព្វថ្ងៃ នៅកម្ពុជា៕»

០៣ ឧសភា ២០១៩ / 03 May 2019 សាលក្រមឲ្យជាប់ពន្ធនាគារ ពីរទៀត ចំពោះ សម រង្ស៊ី / Two more jail sentences for Sam Rainsy…

Publiée par Sam Rainsy sur Vendredi 3 mai 2019
ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។