កម្ពុជា

សម រង្ស៊ី ស្វែងរកជនម្នាក់ ដែលត្រកងជនរងគ្រោះពីព្រឹត្តិការណ៍គប់គ្រាប់បែក

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានប្រកាសស្វែងរកបុរសម្នាក់ ដែលបានបីត្រកងជនរងគ្រោះ ក្នុងហេតុការណ៍គប់គ្រាប់បែកច្រើនគ្រាប់ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ នៅខាងមុខរដ្ឋសភាចាស់។

នៅលើបណ្ដាញសង្គម លោក សម រង្ស៊ី បានអះអាងថា លោកស្គាល់«អ្នកក្លាហាន»ម្នាក់នេះ ថាមានឈ្មោះ «ក្រឹម» និងមានអាយុមកដល់សព្វថ្ងៃ ជាង៤០ឆ្នាំ តែលោកមិនដឹងថា គាត់នៅឯណា និងមានជីវភាពបែបណាឡើយ។ ប្រធានស្ដីទីគណបក្សប្រឆាំង បានសរសេរឲ្យដឹងថា៖

«សូមសម្គាល់មុខបុរសដ៏ក្លាហាននេះ ដែលកំពុងតែបីជនរងគ្រោះ បន្ទាប់ភ្លាមៗ ពីការវាយប្រហារដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មិនា ១៩៩៧។ បុរសនេះ ឈ្មោះ ក្រឹម ដែលធ្លាប់ធ្វើជាសកម្មជនគណបក្ស សម រង្ស៊ី។ ឥឡូវ គាត់អាយុជាង៤០ ឆ្នាំហើយ។»

លោកបន្តថា៖

«បើលោកអ្នកជួបប្រទះគាត់ នៅប្រទេសកម្ពុជា សូមមេត្តាជួយមើលខុសត្រូវ ចំពោះជីវភាពរស់នៅរបស់គាត់ផង ហើយសូមមត្តាប្រាប់គាត់ ឲ្យទាក់ទងខ្ញុំ តាម Email។»

Posted by Sam Rainsy on Monday, June 17, 2019


នៅថ្ងៃនោះ ក្រុមបាតុករដឹកនាំដោយ លោក សម រង្ស៊ី នៅមុខវិមានរដ្ឋសភាចាស់ ក្បែរព្រះបរមរាជវាំង បានប្រមូលគ្នា ធ្វើបាតុកម្មដើម្បីទាមទាររកយុត្តិធម៌សង្គម លក្ខខណ្ឌការងាររបស់ក្រុមកម្មករ និងកែទម្រង់ប្រព័ន្ធតុលាការ។ ប៉ុន្តែ ការជួបជុំដោយសន្តិវិធីនេះ បានបញ្ចប់ទៅ ដោយការបោកគ្រាប់បែកដៃ ចំនួន៤គ្រាប់ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ ចំនួន១៦នាក់ និងរបួសជាង ១៥០នាក់។

ប៉ុន្តែរហូតមកទល់ពេលនេះ គឺមានរយៈពេល២២ឆ្នាំហើយ ដែលជនប្រព្រឹត្តិ និងជននៅពីក្រោយទង្វើបោកគ្រាប់បែក មិនត្រូវបានគេចាប់ខ្លួន មកផ្ដន្ទាទោសនោះឡើយ។ សម្រាប់អាជ្ញាធរកម្ពុជា នៅតែអះអាងថា ខ្លួនកំពុងបន្តចំណាត់ការនីតិវិធី និងអំពាវនាវឲ្យជនរងគ្រោះ ចូលរួមសហការ បើសិនជាដឹងតំរ៉ុយ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។