កម្ពុជា

សម រង្ស៊ី ប្ដេជ្ញា​វិលចូល​កម្ពុជា​វិញ ក្នុងឆ្នាំ២០១៩នេះ

មេដឹកនាំប្រឆាំងកម្ពុជា លោក សម រង្ស៊ី បានអះអាងជាថ្មីថា លោក«ប្ដេជ្ញា​វិលចូល​កម្ពុជា​វិញ» ឲ្យខាងតែបាន នៅក្នុងឆ្នាំ២០១៩នេះ។ ការអះអាងរបស់លោក សម រង្ស៊ី បានធ្វើឡើងជាថ្មីទៀត បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរបបក្រុងភ្នំពេញផ្សេងទៀត អះអាងយ៉ាងសន្ធាប់ ក្នុងរយៈពេលចុងក្រោយនេះ នឹងបញ្ជាឲ្យចាប់ខ្លួនលោក យ៉ាងណាក្ដី។

លោក សម រង្ស៊ី បានថ្លែង ពីការប្ដេជ្ញារបស់លោក នៅលើបណ្ដាញសង្គម ទ្វីសធើរ កាលពី​ប៉ុន្មានម៉ោងមុន ដូច្នេះថា៖

«មិនមានឧទាហរណ៍ណាផ្សេង ដែលខ្ញុំបានសន្យាថា នឹងវិលត្រឡប់ មកកាន់ប្រទេស​កម្ពុជាវិញ ក្នុងថ្ងៃជាក់លាក់ណាមួយ ក្រៅតែពីថ្ងៃ ដែលខ្ញុំបានបញ្ជាក់ នៅរដ្ឋធានីសេអ៊ូល កាលពីឆ្នាំ២០១៥ នោះឡើយ។»

លោកបន្តទៀតថា៖

«ភាពមិនច្បាស់លាស់ និងមិនស្មោះត្រង់ ដែលចោទខ្ញុំថា បានក្បត់ពាក្យសន្យានោះ គួរត្រូវបញ្ចប់។ ហើយខ្ញុំប្តេជ្ញាថា នឹងត្រលប់មកវិញ ក្នុងឆ្នាំ២០១៩នេះ។»

បើទោះជាមិនបានបញ្ជាក់ ពីថ្ងៃជាក់លាក់ក៏ដោយ ក៏ក្នុងពេលកន្លងមក លោក សម រង្ស៊ី ធ្លាប់បានបញ្ជាក់ ជាច្រើនលើក ច្រើនសារហើយ អំពីការត្រឡប់របស់លោក វិលចូលកម្ពុជា​វិញ។ ម្ដងនោះ ថានឹងធ្វើក្នុងឆ្នាំ២០១៧ និងម្ដងទៀត ថានឹងធ្វើ ក្នុងឆ្នាំ២០១៨។ តែម្ដងណាក៏ដោយ ក៏លោក សម រង្ស៊ី នៅតែរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស ដដែលដែរ។

ភស្តុតាងនៃការលើកឡើងនោះ មានតាមរយៈការបង្ហោះ របស់លោកផ្ទាល់ ក្នុងបណ្ដាញសង្គម កាលពីខែកក្កដា ឆ្នាំ២០១៧ ដូចខាងក្រោម៖

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។