កម្ពុជា

សម រង្ស៊ី៖ ហ្វេសប៊ុក​អាច​បិទ​ទំព័រ ហ៊ុន សែន បើ​បន្ត​បង្ក្រា​បអ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម

ប្រធានស្ដីទីគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានអះអាងថា ក្រុមហ៊ុន «Facebook» អាចបិទទំព័រ «Facebook» របស់លោក ហ៊ុន សែន ប្រសិនណាជាអាជ្ញាធរក្រុងភ្នំពេញ នៅតែគាបសង្កត់ និងគំរាមកំហែង អ្នកប្រើប្រាស់បណ្តាញ Facebook នៅប្រទេសកម្ពុជា។

លោក សម រង្ស៊ី បានលើកឡើងដូច្នេះ កាលពីប៉ុន្មាននាទីមុន នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយពន្យល់ថា ការគំរាមកំហែង អ្នកប្រើប្រាស់បណ្តាញសង្គម ពីសំណាក់របប ហ៊ុន សែន គឺផ្ទុយពីក្រមសីលធម៌ របស់ក្រុមហ៊ុន «Facebook» ដែលមានទីស្នាក់ការកណ្តាល នៅសហរដ្ឋអាមេរិក។

លោកសរសេរថា៖

«ព័ត៌មានចុងក្រោយ ស្តីពីការចាប់អ្នកប្រើប្រាស់ “Facebook” មួយចំនួន នៅប្រទេសកម្ពុជា យកទៅឃុំឃាំង ឬយកទៅព្រមាន ចាប់ដាក់គុក ធ្វើឲ្យក្រុមហ៊ុន “Facebook” ពិចារណា អំពីការបិទទំព័រ “Facebook” របស់លោក ហ៊ុន សែន ជាប្រតិកម្ម ចំពោះទង្វើអាក្រក់​របស់ជនផ្តាច់ការនេះ មកលើពលរដ្ឋខ្មែរ ដែលគ្រាន់តែបញ្ចេញមតិ ដោយសន្តិវិធី តាមបែបបទប្រជាធិបតេយ្យ។»។

យ៉ាងណា លោក សម រង្ស៊ី មិនបានបញ្ជាក់ ពីប្រភពព័ត៌មាន ដែលលោកមាននោះទេ។

កាលពីចុងខែធ្នូ ឆ្នាំកន្លងទៅ ក្រុមហ៊ុន «Facebook» បានបិទទំព័រហ្វេសប៊ុក និងអ៊ិនស្តាហ្គ្រាម របស់ប្រធានាធិបតី នៃសាធារណរដ្ឋឆេកឆិន លោក «Ramzan Kadyrov» បន្ទាប់ពីមេដឹកនាំរូបនេះ ត្រូវបានរដ្ឋបាលសហរដ្ឋអាមេរិក រកឃើញថាបានជាប់ពាក់ព័ន្ធ និឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទៅលើពលរដ្ឋឆេកឆិន នៅក្នុងប្រទេស។ ទំព័រទាំងពីរនោះ របស់លោក «Ramzan Kadyrov» មានអ្នកតាមដានប្រមាណជា ៤លាននាក់៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។