កម្ពុជា

សម រង្ស៊ី បន្តប្រាប់ ហ៊ុន សែន កុំដើររករឿងគេឯង«ទាំងងងើល»

ភាគបន្ត នៃសង្គ្រាមពាក្យសំដី ហ៊ុន សែន-សម រង្ស៊ី អាចនឹងរកទីបញ្ចប់គ្មាន។ ក្នុងយប់ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩នេះ មេដឹកនាំប្រឆាំងបានបន្តលើកឡើង ដោយប្រើពាក្យខ្លាំងៗថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន «ល្មមទទួលស្គាល់ ការពិតខ្លះទៅ» ហើយ «កុំចេះតែដើររករឿងគេឯង ទាំងងងើល ដូចសព្វថ្ងៃ»។

តាមរយៈទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បានសរសេរថា៖

«ហ៊ុន សែន ឯង យល់ច្រឡំហើយ ក្នុងការចោទប្រកាន់គណបក្សសង្គ្រោះជាតិ មានទាំងរូបខ្ញំុផងដែរ ថាបានទៅញុះញង់សហគមន៍អន្តរជាតិ ឲ្យទិតៀនរបប ហ៊ុន សែន ឯង រហូតដល់ទៅដាក់ទណ្ឌកម្ម មកលើរបប ហ៊ុន សែន ឯង។ តាំងពីច្រើនឆ្នាំមកហើយ ហ៊ុន សែន ឯង តែងតែលើកឡើងថា អ្នកសារព័ត៌មានដែលមិនស៊ីលុយ ហ៊ុន សែន ឯង អង្គការសង្គមស៊ីវិលឯករាជ្យ រដ្ឋាភិបាលបស្ចឹមប្រទេស អង្គការសិទ្ធិមនុស្សអន្តរជាតិ ស្ថាប័នអន្តរជាតិជាច្រើន រហូតដល់ទៅអង្គការសហប្រជាជាតិ ហ៊ុន សែន ឯងថា ក្រុមមនុស្ស អង្គការ ប្រទេស និងស្ថាប័នទាំងអស់នោះ គឺសុទ្ធតែចូលដៃ ជាមួយគណបក្សប្រឆាំង នៅប្រទេសកម្ពុជា ដើម្បីទិតៀន និងថ្កោលទោស របប ហ៊ុន សែន ឯង។»

«ហ៊ុន សែន ឯងមិនយល់ពីរបៀបគិតគូរ និងធ្វើការ របស់ក្រុមមនុស្ស អង្គការ ប្រទេស និងស្ថាប័នទាំងនោះ ដែលគេមានជំនាញ និងមនសិការរបស់គេ ដើម្បីបញ្ចេញយោបល់ និងធ្វើសេចក្តីសម្រេច ដោយខ្លួនគេ។ ពួកគេមិនទទួលបញ្ជាពីនរណាទេ មិនស៊ីឈ្នួលនរណាទេ ហើយក៏មិនចេះតែញាក់តាមការញុះញង់ ពីនរណាឡើយ។»

«បើគេទាំងអស់គ្នា និយាយដូចគ្នា ហើយគណបក្សប្រឆាំងនៅប្រទេសកម្ពុជា ក៏និយាយដូចគ្នាអញ្ចឹងដែរ មានន័យថា អ្វីដែលគេនិយាយដូចគ្នាទាំងអស់គ្នានោះ គឺវាជាការពិត ដូចជា ២ + ២ = ៤ អញ្ចឹង ដែលគ្មាននរណាប្រកែកបាន ថាមិនពិត។»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបញ្ចប់ឃ្លាថា៖

«ដូច្នេះ ហ៊ុន សែន ឯងល្មមទទួលស្គាល់ការពិតខ្លះទៅ កុំចេះតែដើររករឿងគេឯង ទាំងងងើល ដូចសព្វថ្ងៃ។»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។