កម្ពុជា

សម រង្ស៊ី អះអាង​មិនងាយឈឺ នឹងជំងឺ​កូវីដ-១៩ ព្រោះលោក​ជាខ្មែរ

មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានអះអាងថា លោកមិនងាយធ្លាក់ខ្លួនឈឺ នឹងជំងឺ​កូវីដ-១៩ (Covid-19) នោះឡើយ ដោយសារលោក​មានឈាមជ័រ ជាជនជាតិខ្មែរ។

លោក សម រង្ស៊ី បានអះអាងដូច្នេះ នៅលើបណ្ដាញសង្គម ជាមួយនឹងរូបថតមួយសន្លឹក ដែលលោកថត នៅក្នុងសង្កាត់ទី៦​ដ៏ស្ងប់ស្ងាត់ នៃរដ្ឋធានីប៉ារីស ក្នុងថ្ងៃសុក្រ ទី៣០ ខែតុលានេះ ដែល​ជាថ្ងៃដំបូង ដែលរដ្ឋាភិបាលបារាំង ប្រកាសដាក់បម្រាមជាថ្មី ក្នុង​ការបង្ខាំង​​ពលរដ្ឋទូទាំង​ប្រទេស ឲ្យរស់នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់រលកទី២ នៃការរាតត្បាត​ជំងឺកូវីដ-១៩។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានរៀបរាប់ខ្លះៗ ទាក់ទងនឹងបម្រាមនេះថា៖

«ចាប់ពីថ្ងៃ ៣០ តុលា នេះ ដល់ថ្ងៃ ០១ ធ្នូ អាជ្ញាធរបារាំង តម្រូវឲ្យប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ឃុំខ្លួនឯងនៅក្នុងផ្ទះ (Confinement) ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ រាលដាលកាន់តែខ្លាំងឡើង។»

«ពលរដ្ឋម្នាក់ៗ អាចចេញពីផ្ទះបានតែម្តងក្នុង ១ ថ្ងៃ ក្នុងរយៈពេលតែ ១ ម៉ោង ដោយនៅក្នុងបរិវេណតែ ១គីឡូម៉ែត្រ ជុំវិញផ្ទះ។»

បន្ទាប់មកមេដឹកនាំប្រឆាំង បានប្រកាសថា លោកជាកូនខ្មែរ មានគ្រាប់ឈាម​ក្រហមពិសេស ដែលការពាររូបលោក ពីការធ្លាក់ខ្លួនឈឹ នឹងជំងឺ​កូវីដ-១៩ ឬបើធ្លាក់ខ្លួន​ឆ្លងជំងឺនេះ ក៏លោក​មិនឈឺធ្ងន់ធ្ងរ ណាស់ណានោះដែរ។ លោកសរសេរថា៖

«ខ្ញុំមានសំណាងណាស់ ដោយកើតមកជាជនជាតិខ្មែរ ដែលមានគ្រាប់ឈាម​ក្រហម​ពិសេស (Hémoglobine E) ដែលការពារមិនឲ្យឈឺ ពីជំងឺកូវីដ-១៩ ឬបើឈឺ ក៏ឈឺ​មិនធ្ងន់ធ្ងរណាស់ទេ។»

បើនិយាយតាមន័យត្រង់ គេមិនឃើញ​មានសារនយោបាយ នៅក្នុងការបង្ហោះ​របស់លោក​ខាងលើទេ។

ក្នុងពេលកន្លងមក លោក សម រង្ស៊ី បានផ្សព្វផ្សាយ នូវការសិក្សាស្រាវជ្រាវជាច្រើន ទាំងនៅតាម​សារព័ត៌មាន និងនៅលើបណ្ដាញសង្គម ស្ដីពីប្រព័ន្ធឈាមក្រហមពិសេស ដែលលោក​អះអាង​ថា អាចការពារប្រជាជនកម្ពុជា ពីការរាតត្បាត​នៃជំងឺដ៏ចង្រៃ​ខាងលើ។

កាលពីប៉ុន្មានសប្ដាហ៍មុន លោកបានប្រកាស ពីគម្រោងវិលចូលប្រទេសកម្ពុជា សារជាថ្មី​ទៀត បន្ទាប់ពីការប៉ុនប៉ងវិលចូលប្រទេស កាលពីលើកមុនៗ មិនទទួលបានលទ្ធផល ដូចការទន្ទឹងទុក របស់ក្រុមអ្នកគាំទ្រលោក។

យ៉ាងណា ក៏គម្រោងធ្វើមាតុភូមិ​ជាថ្មីរបស់លោក ទំនងជាមិនអាចធ្វើទៅរួចទេ រវាងពី​ពេលនេះ រហូតដល់ថ្ងៃទី១ ខែធ្នូខាងមុខ ក្រោមបម្រាម«បិទប្រទេស»ជាលើកទី២ របស់​រដ្ឋាភិបាលបារាំង៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។