កម្ពុជា

សម រង្ស៊ី ស្នើឲ្យ​ស៊ើបអង្កេត​ជាអន្តរជាតិ​អំពី ​មូលដ្ឋានយោធា​ចិន​នៅ​កម្ពុជា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញលិខិតមួយ កាលពីដើមសប្ដាហ៍នេះ ស្នើសុំឲ្យអង្គការសហប្រជាជាតិ បង្កើតគណៈកម្មការអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតទៅលើករណីដាក់តាំង ​មូលដ្ឋានយោធា​ចិន​នៅ​កម្ពុជា ដែលត្រូវបានសារព័ត៌មានបរទេស ចេញផ្សាយជាបន្តបន្ទាប់ ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ។

យ៉ាងណា ព័ត៌មានទាំងនោះ ត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជា ច្រានចោលដោយចាត់ទុកថា នោះជាការលាបពណ៌ មកលើរបបក្រុងភ្នំពេញ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លិខិតសរសេរជាភាសាអង់គ្លេស របស់លោក សម រង្ស៊ី ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ថា យោងតាមប្រភព​ដែលគួរឲ្យទុកចិត្តបាន ប្រទេសចិនប្រជាមានិត ដោយមានការយល់ព្រម ពីរដ្ឋាភិបាលក្រុងភ្នំពេញ កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើម មានជាអាទិ៍ព្រលានយន្ដហោះ និងកំពង់ផែសមុទ្រ នៅក្នុងខេត្តកោះកុង ដែលអាចត្រូវបានប្រើប្រាស់ សម្រាប់វិស័យយោធា។

មេដឹកនាំប្រឆាំងបានសរសេរថា៖

«ហេដ្ឋារចនាសម្ព័ន្ធនោះ មានលក្ខណៈដូចគ្នា នឹងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានប្រទេសចិន សាងសង់នៅក្នុងប្រជុំកោះស្ព្រែតលី (Spratly) ក្នុងដែនសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះទឹកដី (Editor’s Note: ជាជម្លោះដែនសមុទ្រ រវាងប្រទេសចិន ជាមួយប្រទេសជាច្រើន នៅក្នុងតំបន់)។»

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បានប្រកាន់នយោបាយ ងាកទៅរកប្រទេសចិន ដោយបើកចំហរ ដោយរពឹងថា នឹងទទួលបានការគាំពារ និងការគាំទ្រ ពីមហាយក្សតំបន់មួយនេះ នៅក្នុងវិស័យសេដ្ឋកិច្ចជាតិ និងវិស័យយុទ្ធសាស្ត្រនយោបាយ។

សម្រាប់លោក សម រង្ស៊ី បានជឿជាក់ថា ជំហរងាកទៅរកចិន និង​«ការជួយសម្រួល»​គ្រប់បែបយ៉ាង ពីសំណាក់របបដឹកនាំក្រុងភ្នំពេញ ធ្វើសម្រាប់ក្រុងប៉េកាំងនោះ បង្កើតឲ្យមានការរំលោភ​លើរដ្ឋធម្មនុញ្ញកម្ពុជា – រំលោភលើកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលតម្រូវឲ្យកម្ពុជា ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ – រំលោភលើអនុសញ្ញាអន្តរជាតិ និងការគម្រាមលើស្ថិរភាពតំបន់ ក៏ដូចជាសន្តិភាព និងសន្តិសុខ នៃបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។ 

ប្រធានស្ដីទីគណបក្សប្រឆាំង បានបន្តថា៖

«កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានក្លាយជាប្រទេសគ្មានច្បាប់ទម្លាប់ ខណៈរដ្ឋធម្មនុញ្ញ តែងត្រូវបានរដ្ឋាភិបាលរំលោភ យ៉ាងធ្ងន់ធ្ងរនិងជាបន្តបន្ទាប់ ជាពិសេសតាមរយៈ ការបោះឆ្នោតក្លែងក្លាយ ខែកក្កដា ឆ្នាំ២០១៨ និងការបង្ក្រាបផ្នែកនយោបាយ ដ៏ហិង្សា ដែលត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស។»

សារព័ត៌មានបរទេស ក្នុងនោះមានទាំងសារព័ត៌មាន «Asia Time» និង «South China Morning Post» ដែលមានទីតាំងក្នុងក្រុងហុងកុងផង បានចេញផ្សាយជាបន្តបន្ទាប់ ជុំវិញលទ្ធភាព នៃការដាក់តាំងមូលដ្ឋានយោធាចិន នៅក្នុងខេត្តកោះកុង ភាគខាងលិចនៃប្រទេសកម្ពុជា។

ការផ្សាយចុងក្រោយបំផុតមួយ ដែលធ្វើឡើង ដោយសារព័ត៌មានបរទេស ឈ្មោះ «War on the rocks» និងដែលមានចំណងជើងថា «ចិនលាក់ខ្លួនវាតទីនៅអាស៊ីអាគ្នេយ៍» បានពន្យល់យ៉ាងលំអិត អំពីការពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយភ្ជាប់រូបភាពមួយ បង្ហាញពីការឃើញថ្មី នៃការសាងសង់វាលយន្តហោះ នៅក្នុងខេត្តកោះកុង។

តាមរយៈរូបភាព ដែលទើបនឹងថតបានថ្មីៗ ពីប្រព័ន្ធផ្កាយរណបនោះ ធ្វើឲ្យគេយល់ថា ក្រុមហ៊ុនចិនឈ្មោះ យ៉ូញៀន ឌឹវិឡុបមិន គ្រុប (Union Development Group) កំពុងរូតរះសាងសង់ព្រលានយន្តហោះ នៅក្នុងខេត្តកោះកុង ឲ្យឆាប់ចប់រួចរាល់។ អត្ថបទរបស់ «War on the rocks» បានបន្តថា ព្រលានយន្តហោះនោះ គឺស្រដៀងគ្នានឹងវាលយន្តហោះចិន នៅលើកោះស្ព្រែតលី ដែលអាចឲ្យយោធាចិន ប្រើប្រាស់យន្តហោះឈ្លបយកការណ៍ យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក តាមផ្លូវអាកាសបាន។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ឈុំ សុជាតិ បានបដិសេធការចេញផ្សាយនោះ ដោយចាត់ទុកព័ត៌មានបែបនេះថា ជាការចោទប្រកាន់មួលបង្កាច់ របបក្រុងភ្នំពេញ ហើយមានចេតនានយោបាយទុច្ចរិត ធ្វើឱ្យពិភពលោកមានការភាន់ច្រឡំ មកលើប្រទេសកម្ពុជា។

កាលពីថ្ងៃទី​៩​ ខែឧសភា​ ឆ្នាំ​២០១៩​ កន្លងទៅ​នេះ​ មានគេហទំព័រអនឡាញបរទេសមួយឈ្មោះ​ War On The Rocks…

Publiée par នាយឧត្តមសេនីយ៍ ឈុំ សុជាត/ General Chhum Socheat sur Samedi 11 mai 2019


យ៉ាងណា សម្រាប់លោក សម រង្ស៊ី បានអះអាងថា ការបដិសេធរបស់រដ្ឋាភិបាលកម្ពុជាតែម្ខាង មិនគ្រប់គ្រាន់ទេ។ មេដឹកនាំប្រឆាំងបន្តសរសេរ នៅក្នុងលិខិតរបស់លោកថា៖

«កិច្ចព្រមព្រៀងសន្តិភាព ស្ដីពីប្រទេសកម្ពុជា ឆ្នាំ១៩៩១ ត្រូវបានចុះហត្ថលេខា ក្រោមយន្ដការនិងសមត្ថកិច្ច របស់អង្គការសហប្រជាជាតិ។ អញ្ចឹងនៅពេលនេះ អង្គការសហប្រជាជាតិ គួរបង្កើតគណៈកម្មការអន្តរជាតិមួយ ដើម្បីធ្វើការស៊ើបអង្កេត ទៅលើវត្តមានជាយថាហេតុណាមួយ អំពី ​មូលដ្ឋានយោធា​ចិន​នៅ​កម្ពុជា បើទោះជាគម្រោងនេះ ត្រូវបានលប់បំបាត់វិញក៏ដោយ។»

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨ ក្នុង​ដំណើរ​ទស្សនកិច្ច​ ​ទៅកាន់​ប្រទេស​វៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​ដោយ​ផ្ទាល់​ ប្រាប់​ទៅ​មេដឹកនាំ​វៀតណាមថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​ នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ឡើយ។ បុរសខ្លាំងកម្ពុជា បាន​ធានាចំពោះមេដឹកនាំវៀតណាម ដោយហៅ​ព័ត៌មាន ស្ដីពី​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជានោះ​ ថាជា​ព័ត៌មាន​ក្លែងក្លាយ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។