កម្ពុជា

សម រង្ស៊ី៖ «យើង​ទៅស្រុក​យើងវិញ ទៅផ្ទះ​យើងវិញ»

មេដឹកនាំប្រឆាំង ដែលប្រកាសម្ដងហើយ ម្ដងទៀត ពីដំណើរវិលត្រឡប់ ចូលប្រទេស​កម្ពុជាវិញ បានថ្លែងថា «យើងទៅស្រុកយើងវិញ ទៅផ្ទះ​យើងវិញ» ដើម្បីអំពាវនាវ​នៅថ្ងៃនេះ ឲ្យអ្នកគាំទ្រលោក រួមដំណើរមាតុភូមិនិវត្តន៍​ជាមួយលោក ដើម្បីអ្វីមួយ​ដែលលោក​ហៅថា ជាការដណ្ដើមប្រទេសកម្ពុជា ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក សម រង្ស៊ី បានថ្លែងយ៉ាងនេះ នៅលើបណ្ដាញសង្គម ដោយប្រើភាសាខ្លីៗ និងសាមញ្ញថា៖

«សូមបងប្អូន កូនក្មួយ មកតាមខ្ញុំ។ យើងទៅស្រុកយើងវិញ ទៅផ្ទះយើងវិញ ទៅដណ្តើម យកប្រទេសយើងមកវិញ ពីជនក្បត់ជាតិ ហ៊ុន សែន។»

ប្រធានស្ដីគណបក្សប្រឆាំង បន្តថា៖

«យើងទៅរៀបចំស្រុកខ្មែរឡើងវិញ ទៅជួយអ្នកក្រីក្រ និងអ្នកទន់ខ្សោយ ធ្វើយ៉ាងណាឲ្យកូនខ្មែរគ្រប់រូប រស់បានយ៉ាងសុខសាន្ត សម្បូរសប្បាយ និងថ្លៃថ្នូរ លើទឹកដីកំណើតរបស់ខ្លួន ក្នុងសង្គមមួយ ប្រកបដោយសេរីភាព និងយុត្តិធម៌។»

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនធ្វើការតបត នឹងរាល់ការលើកឡើងរបស់លោក សម រង្ស៊ី ទេ ដោយចាត់ទុកមេដឹកនាំប្រឆាំងរូបនេះ ថាកំពុង​មានរោគចិត្ត។

ការប្រកាសជាច្រើនលើក ច្រើនគ្រារបស់លោក សម រង្ស៊ី ត្រូវបានក្រមអ្នកគាំទ្រមួយភាគ ទទួលស្វាគមន៍។ សាររបស់លោកខាងលើ ក៏ទទួលបានការចែករំលែក ជាច្រើនរយកនាក់ដែរ គ្រាន់តែក្នុងរយៈពេល ប៉ុន្មានម៉ោងប៉ុណ្ណោះ។

តែក្រុមអ្នករិះគន់វិញ បានលើកឡើងថា មេដឹកនាំប្រឆាំងដូចជានិយាយ ច្រើនដងពេកហើយ និងនិយាយ ច្រើនជាងការអនុវត្តន៍៕

១៥ ឧសភា ២០១៩ / 15 May 2019 – Let’s go back home! (*) សូមបងប្អូន កូនក្មួយ មកតាមខ្ញុំ។ យើងទៅស្រុកយើងវិញ ទៅផ្ទះយើងវិញ…

Publiée par Sam Rainsy sur Mardi 14 mai 2019
សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។