មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានធ្វើសេចក្ដីថ្លែងការណ៍ផ្ទាល់មាត់មួយ ពីប្រទេសបារាំង អំពាវនាវឲ្យពលរដ្ឋរួបរួមគ្នា ក្នុងការប្រើឱកាស នៃការចាប់ខ្លួនលោក រ៉ុង ឈុន ដើម្បីងើបឈរឡើង ឈានទៅផ្លាស់ប្ដូររបបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបែបបទប្រជាធិបតេយ្យ។
សេចក្ដីថ្លែងការណ៍របស់ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ ធ្វើឡើងតាមរយៈវីដេអូមួយ ដែលបង្ហោះតាមបណ្ដាញសង្កម កាលពីប៉ុន្មាននាទីមុននេះ។ លោក សម រង្ស៊ី បានហៅលោក រ៉ុង ឈុន ថាជាឥស្សរជន និងជាបញ្ញាវ័ន្ដម្នាក់ ដែលប្រជាពលរដ្ឋខ្មែរគោរព ដោយសារសកម្មភាពជួយឈឺឆ្អាលពលរដ្ឋ ក្នុងរយៈពេលកន្លងមក។
លោកបន្តថា ការចាប់ខ្លួនលោក រ៉ុង ឈុន ដែលមានលក្ខណៈ«ធ្ងន់ធ្ងរ» កាលពីយប់ថ្ងៃទី៣១ ខែកក្កដា តម្រូវឲ្យមានការទាមទារ ដើម្បីដោះលែងរូបលោក ឲ្យមានសេរីភាពឡើងវិញ។
បន្ទាប់ពីបានផ្សាយឡើងវិញ នូវរូបភាពរបស់លោក រ៉ុង ឈុន ដែលត្រូវបានក្រុមសន្តិសុខ របស់សាលារាជធានី ចាប់បញ្ចូលរថយន្ដ តាំងពីច្រើនឆ្នាំមុនរួច មេដឹកនាំប្រឆាំងបានថ្លែងឡើងថា៖
«យើងនឹងធ្វើតាមបណ្ដាំលោក រ៉ុង ឈុន គឺយើងនឹងរួបរួមគ្នា កូនខ្មែរទាំងអស់ នឹងរួបរួមគ្នាជាធ្លុងមួយ មិនមែនត្រឹមតែទាមទារ ឲ្យដោះលែងលោក រ៉ុង ឈុន នោះទេ តែទាមទារឲ្យផ្លាស់ប្ដូរជាវិជ្ជមាន តាមបែបបទប្រជាធិបតេយ្យ ដូចប្រជារាស្ត្រខ្មែរចង់បាន តាំងពីយូរណាស់មកហើយ។»
យ៉ាងណា ការអំពាវនាវរបស់លោក សម រង្ស៊ី មិនបានបញ្ជាក់ឲ្យលំអិតទេ ថាតើការទាមទារ ឬការងើបឈរនេះ អាចធ្វើទៅបាន តាមរបៀបណា ខណៈរូបលោក នឹងមេដឹកនាំដ៏សំខាន់ៗ គណបក្សប្រឆាំង កំពុងរស់នៅនិរទេសខ្លួន ក្រៅប្រទេសកម្ពុជានៅឡើយនោះ។
លោក សម រង្ស៊ី បានបន្តទៀតថា៖
«ការចាប់ឃុំឃាំងលោក រ៉ុង ឈុន នេះ ជាឱកាសប្រវត្តិសាស្ត្រ ដើម្បីប្រជារាស្ត្រខ្មែរ ជាពិសេសយុវជន ជាពិសេសកម្មករ ជាពិសេសមន្ត្រីរាជការ គ្រូបង្រៀន ប៉ូលីសទាហានទាំងអស់ យើងត្រូវតែរួបរួមគ្នា ងើបឈរឡើង តស៊ូទាំងអស់គ្នា ដើម្បីរំដោះប្រទេសជាតិយើង ពីរបបផ្ដាច់ការ ពីរបបក្បត់ជាតិ ដឹកនាំដោយ ហ៊ុន សែន៕»