មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញមកអះអាងនៅមុននេះ ថាការភ្នាល់រវាងរូបលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យនៅក្រៅឃុំនោះ ត្រូវបានចាត់ទុកជាមោឃៈរួចហើយ ដោយសារលោក ហ៊ុន សែន បាន«ប្ដូរលក្ខខណ្ឌតាមចិត្ត»។
ការភ្នាល់គ្នារវាងមេដឹកនាំទាំងពីរ បានកើតជារូបរាងភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសនៅតាមបណ្ដាញសង្គម កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ថាបើលោក កឹម សុខា មិនត្រូវបានដោះលែង ដូចការអះអាងរបស់លោកទេ លោកនឹងត្រឡប់មកប្រទេសកម្ពុជា ដើម្បីប្រគល់ខ្លួនឲ្យលោក ហ៊ុន សែន ចាប់។ មេដឹកនាំប្រឆាំង បានសរសេរនៅពេលនោះថា៖
«បើខ្ញុំចាញ់លោក ហ៊ុន សែន ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា»។
ការប្រកាសរបស់លោក សម រង្ស៊ី បានទាក់ទាញឲ្យលោក ហ៊ុន សែន ចូលរួមភ្នាល់ ដោយឆ្លើយតបតាមរយៈសារព័ត៌មានស្និតរដ្ឋាភិបាលថា៖
«ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី។ បើមានការដោះលែង កឹម សុខា មែន ខ្ញុំសុខចិត្តចុះចេញពីតំណែង តាមការបបួលភ្នាល់របស់ សម រង្ស៊ី។ ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងទេ លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ ហើយទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបញ្ចប់ការភ្នាល់»។
ប៉ុន្តែប្រធានស្ដីទីគណបក្សប្រឆាំង បានអះអាងនៅថ្ងៃពុធទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា តាំងពីពេលនោះមក លោក ហ៊ុន សែន បានផ្លាស់«ប្ដូរលក្ខខណ្ឌតាមចិត្ត»គាត់ និងជាជា«ឯកតោភាគី» ដែលធ្វើឲ្យការភ្នាល់នេះ ត្រូវបានចាត់ទុកជា«មោឃៈ»។
លោក សម រង្ស៊ី បានពន្យល់ថា លោកបានប្រកាសភ្នាល់ដោយសារការអះអាងរបស់លោក ហ៊ុន សែន ដែលបញ្ជាក់មិនដោះលែងលោក កឹម សុខា ជាដាច់ខាតរហូតលុះត្រា«ចាំសេះដុះស្នែង»។ លោកបានសរសេរ នៅលើបណ្ដាញសង្គមថា៖
«បន្ទាប់ពីបានចាប់សម្តីដ៏ខុសឆ្គងរបស់លោក ហ៊ុន សែន ខាងលើនេះ លោក សម រង្ស៊ី ក៏បបួលលោក ហ៊ុន សែន ភ្នាល់គ្នាថា បើលោក កឹម សុខា ត្រូវជាប់ឃុំឃាំងលើសពីថ្ងៃ ០៣មីនា២០១៩ នោះលោក សម រង្ស៊ី យល់ព្រមឲ្យលោក ហ៊ុន សែន ចាប់យកទៅឃុំខ្លួនជាមួយលោក កឹម សុខា។ តែបើលោក កឹម សុខា ត្រូវបានដោះលែងមុនថ្ងៃ ០៣មីនា២០១៩ នោះលោក ហ៊ុន សែន នឹងត្រូវចុះចេញពីតំណែងគាត់សព្វថ្ងៃជានាយករដ្ឋមន្ត្រី។»
ដោយស្រង់យកប្រភពពីសារព័ត៌មាន ដែលចេញផ្សាយពីហេតុការណ៍នៃការភ្នាល់គ្នាខាងលើ មកបញ្ជាក់ផង មេដឹកនាំប្រឆាំងបានបញ្ជាក់ថា លោក ហ៊ុន សែន ដែលបានចូលរួមភ្នាល់ជាមួយលោកនេះ ជាការធ្លាក់ក្នុងអន្ទាក់របស់លោក ដើម្បីបង្ហាញទៅពិភពលោកថា លោក ហ៊ុន សែន គឺជាអ្នកសម្រេចអ្វីៗទាំងអស់ នៅក្នុងប្រទេសកម្ពុជា មិនមែនតុលាការក្នុងប្រទេសនេះទេ។
លោក សម រង្ស៊ី បានស្រង់យកការវិភាគរបស់សាស្ត្រាចារ្យមួយរូប មកបញ្ជាក់ថា៖
«ក្នុងសារព័ត៌មានអន្តរជាតិ Asia Timesចុះថ្ងៃ ១២វិច្ឆិកា២០១៨ លោក អៀរ សុផល ជាសាស្ត្រចារ្យដើមកំណើតខ្មែរ នៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក (…)បានបកស្រាយថា លោក ហ៊ុន សែន ធ្លាក់ចូលក្នុងអន្ទាក់លោក សម រង្ស៊ី ហើយ ពីព្រោះគាត់(ហ៊ុន សែន)ទទួលស្គាល់ថា គាត់(ហ៊ុន សែន)ជាអ្នកសម្រេចអ្វីៗទាំងអស់នៅប្រទេសកម្ពុជា មិនមែនតុលាការទេ ក្នុងការចង់ចាប់នរណាឬចង់ដោះលែងនរណាតាមតែចិត្ត។»
មេដឹកនាំប្រឆាំង បានបន្តរៀបរាប់ថា៖
«នៅថ្ងៃ ១៤វិច្ឆិកា២០១៨ លោក ហ៊ុន សែន ទើបតែដឹងខ្លួនថា គាត់បានធ្លាក់ចូលក្នុងអន្ទាក់លោក សម រង្ស៊ី មែន ហើយគាត់ក៏បានរើបម្រះចេញពីអន្ទាក់នោះវិញ ដោយកែប្រែលក្ខខណ្ឌនៃការភ្នាល់គ្នា ជាមួយលោក សម រង្ស៊ី។»
«គាត់បានក្រឡាស់ពាក្យសម្តីរបស់គាត់ ហើយកែប្រែលក្ខខណ្ឌនៃការភ្នាល់គ្នានោះ ដោយដាក់បញ្ចូលលក្ខខណ្ឌថ្មីមួយ គឺការលើកលែងទោសពីព្រះមហាក្សត្រ ដែលលក្ខខណ្ឌនោះ មិនមានចែងនៅក្នុងការភ្នាល់គ្នាពីដើមទីឡើយ។ ការកែប្រែលក្ខខណ្ឌជាឯកតោភាគី ពីសំណាក់ភាគីមួយ ក្នុងការភ្នាល់គ្នាណាមួយ ធ្វើឲ្យការភ្នាល់គ្នានោះ ក្លាយទៅជាមោឃៈ»៕