កម្ពុជា

រ៉ុង ឈុន ត្រូវបានចាប់ខ្លួន នៅមុននេះបន្តិច

នៅវេលាម៉ោង ប្រមាណជា៩និង៤០នាទី យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ លោក​សាស្ត្រាចារ្យ រ៉ុង ឈុន ត្រូវបានអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនពីក្នុង​គេហដ្ឋាន​របស់លោក ដែលស្ថិតក្នុងសង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះ បើតាមដំណឹង ដែលផ្ដល់ដោយអ្នកជិតដិត របស់លោកនៅ​មុន​នេះបន្តិច។

ការចាប់ខ្លួនលោក រ៉ុង ឈុន សកម្មជនមិនចេះនឿយហត់ ក្នុងកិច្ចការពារសិទ្ធិមនុស្ស​ ប្រធានសហភាពសហជីពកម្ពុជា និងជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ធ្វើឡើង​បន្ទាប់ពី​លោកបានថ្លែង ​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ក្នុងការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី (RFA) កាលពីប៉ុន្មានម៉ោងមុន។

ដំណឹងចុងក្រោយ ដែលផ្សាយតាមរយៈប្រព័ន្ធឃោសនា របស់របបក្រុងភ្នំពេញ បានឲ្យ​ដឹង​ថា លោកសាស្ត្រាចារ្យ ត្រូវបានចាប់ខ្លួន ពីបទល្មើស«ជាក់ស្ដែង» ទាក់ទងនឹងការ«ញុះញង់ បង្កឲ្យ​មានភាព​វឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ លោក​សាស្ត្រាចារ្យ ទំនងជាត្រូវបានបញ្ជូនខ្លួន ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

ក្នុងព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន ដែលជាសេនាធិការមួយ របស់​របបដឹកនាំក្រុងភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ បដិសេធការលើកឡើង របស់លោក រ៉ុង ឈុន ដែលបាន​អះអាង​នៅក្នុង​សេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី២១ ខែកក្កដា ជុំវិញ​បញ្ហា​នៅតាមព្រំដែន កម្ពុជា-វៀតណាម។ គណៈកម្មកាធិការនោះ បានហៅទង្វើរបស់​លោកសាស្ត្រាចារ្យ ថាបានផ្សាយ​ព័ត៌មាន​មិនពិត និងបំផ្លើស អំពី​បញ្ហាព្រំដែន ជាមួយ​ប្រទេស​​ជិតខាង ក្នុងគោលបំណង​ឲ្យមតិជាតិ និងអន្តរជាតិ មានការភ័ន្តច្រឡំ។

ក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២១ ខែកក្កដា លោកសាស្ត្រាចារ្យ​បានលើកឡើងថា៖

«ការបោះ បង្គោលព្រំដែន ពីលេខ​១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែល​ធ្វើឲ្យពលរដ្ឋបាត់បង់ដី​អាស្រ័យផល ទៅខាងភាគីយួនជាច្រើនហិកតា ហើយបើ​គិតពី​បន្ទាប់​ព្រំដែន ចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូល​មក​ប្រហែល ៥០០ម៉ែត្រក្នុងដីកម្ពុជា… ។ ខ្សែបន្ទាត់ព្រំដែន ចេះតែរំកិល​បន្តិច​ម្តងៗ​ចូល​មកក្នុង​ទឹកដីកម្ពុជា ប្រមាណ ៣គីឡូម៉ែត្របច្ចុប្បន្ននេះ។»

មេដឹកនាំសហជីពរូបនេះ រៀបរាប់ទៀតថា៖

«អាជ្ញាធរយួនបានមកចូលរួមបណ្តេញ និងរុញច្រានប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ​ពីដីធ្លី​ចូលប្រមាណ​ជាង​២០០ម៉ែត្រ ក្នុងដីខ្មែរ ដែលអាជ្ញាធរខ្មែរ មិនបានទប់ស្កាត់​ចំពោះទង្វើ​អាជ្ញាធរ យួនធ្វើមកលើ​ពលរដ្ឋរងគ្រោះ នៅឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។