កម្ពុជា

អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស ស្នើ EU ឲ្យបន្ថែមទណ្ឌកម្ម​លើរបបក្រុង​ភ្នំពេញ

សម្រាប់ អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស (Human Rights Watch) បានលើកឡើងថា ការចាប់ចងលោក រ៉ុង ឈុន ជាព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្ស​ចុងក្រោយ និងថ្មីទៀត របស់របប​ក្រុង​ភ្នំពេញ ដែលសហភាពអ៊ឺរ៉ុប (EU) គួរ​ពិចារណា​បន្ថែមទណ្ឌកម្ម ពីលើ​ទណ្ឌកម្ម​​ដែលបាន​សម្រេចធ្វើ រួចមកហើយ។ នេះ បើតាម​សេចក្ដីថ្លែងការណ៍​មួយ របស់អង្គការ​នេះ ដែល​ទើប​នឹងចេញផ្សាយ នៅប៉ុន្មាននាទីមុន។

អង្គការអន្តរជាតិ ដែលមានជំនាញខាង​ឃ្លាំមើលសិទ្ធិមនុស្ស បានពន្យល់ថា លោក រ៉ុង ឈុន គឺជា​មេដឹកនាំ​សហជីព ដែលសកម្ម និងជាសកម្មជននយោបាយ ដែលបាន​តស៊ូ​ដើម្បីសិទ្ធិមនុស្ស និងសិទ្ធិកម្មករ​នៅប្រទេស​កម្ពុជា អស់រយៈពេល​ជាច្រើនឆ្នាំ។

សេចក្ដីថ្លែងការណ៍ បានលើកឡើងថា៖

«លោក រ៉ុង ឈុន បានបង្ហាញការព្រួយបារម្ភ ជាយូរមកហើយ អំពីការបោះបង្គោលព្រំដែន រវាងវៀតណាម​និងកម្ពុជា។ លោកបានជួបម្តង​ហើយម្តងទៀត ជាមួយអ្នកភូមិកម្ពុជា ដែលរងផលប៉ះពាល់ ដើម្បីស្តាប់ការព្រួយបារម្ភ របស់ពលរដ្ឋ​ទាំងនោះ ដែលថា​ការបោះ​បង្គោល​ព្រំដែន បានរំលោភយកដីរបស់ពួកគេ។»

លោកសាស្ត្រាចារ្យ រ៉ុង ឈុន ត្រូវបាន​អាជ្ញាធរ​របបក្រុងភ្នំពេញ ចាប់ខ្លួនទាំងកណ្ដាល​យប់ (យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០) «ទាំងគ្មានដីកាត្រឹមត្រូវ» ពីគេហដ្ឋាន​​របស់​លោក ក្នុងសង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ការចាប់ខ្លួនលោក ធ្វើឡើង​ក្រោម«បទល្មើសជាក់ស្ដែង» បណ្ដាលមកពីសេចក្ដីថ្លែងការណ៍​​របស់លោកមួយ ដែល​ចេញ​ផ្សាយ តាំងពី​​១០ថ្ងៃមុន។

បន្ទាប់មក លោក រ៉ុង ឈុន ត្រូវបាន​​​តុលាការ​​រាជធានី ចោទប្រកាន់​ក្នុង​​រសៀល​ថ្ងៃទី១ ខែសីហា ពីបទ​«ញុះញង់» បង្កឲ្យមានភាព​​វិកវរ​ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម មុននឹងបញ្ជូន ទៅឃុំខ្លួន​​ជាបណ្ដោះអាសន្ន នៅ​ពន្ធនាគារ​​ព្រៃសរ។

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករង​ប្រចាំតំបន់​អាស៊ី​ នៃអង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស ត្រូវបាន​ស្រង់សំដី មកចុះផ្សាយ ក្នុងសេចក្ដីថ្លែងការណ៍​​របស់អង្គការលោកថា៖

«ការចាប់ខ្លួនលោក រ៉ុង ឈុន គឺជាភ័ស្ដុតាងចុងក្រោយមួយទៀត នៃការបង្ក្រាប​មិន​ស្រាកស្រាន្ដ របស់រដ្ឋាភិបាលកម្ពុជា  ទៅលើសកម្មជន ដែលព្យាយាមការពារសិទ្ធិ ជា​មូលដ្ឋាន​របស់ប្រជាជនសាមញ្ញ។»

លោក រ៉ូប៊ឺតសុន បន្តថា៖

«សហភាពអឺរ៉ុបគួររាប់បញ្ចូល នូវទង្វើដែលមិនចេះខ្មាសអៀននេះ ទៅក្នុងបញ្ជីរំលោភ​បំពាន​សិទ្ធិមនុស្ស ដ៏វែង​អន្លាយ ដែលចាំបាច់ ​ត្រូវឲ្យមាន​ការដោះស្រាយ នៅក្នុងការចរចា ជុំវិញប្រព័ន្ធអនុគ្រោះពន្ធ “អ្វីៗទាំងអស់ លើកលែង​តែអាវុធ” (ហៅកាត់ថា “EBA“)។»

សម្រាប់​លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន​ថ្លែង​ការពារចំណាត់ការ របស់​ក្រុមអាជ្ញាធរ ចំពោះការចាប់ចងលោក រ៉ុង ឈុន ដោយ​លោកអះអាងថា ព្រោះលោក រ៉ុង ឈុន បាន​ផ្សាយព័ត៌មាន​មិនពិត ពីករណីព្រំដែន ដែលជា«អំពើញុះញង់ បង្កឱ្យ​មាន​ភាព​វិកវរ​ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម»។

លោក គឹម សន្តិភាព បានបន្តថា៖

«ជាក់ស្តែងលោក រ៉ុង ឈុន បានប្រព្រឹត្តបទល្មើសជាក់ស្តែង តាមរយៈសកម្មភាព​ផ្សព្វផ្សាយ​លើ Facebook page ផ្ទាល់ខ្លួន អំពីព័ត៌មានមិនពិត ទាក់ទងនឹងករណី​ព្រំដែន ដូចអ្វីដែលមានក្នុងសេចក្តីថ្លែងការណ៍ របស់​គណៈកម្មាធិការ​ចម្រុះ​​កិច្ចការ​ព្រំដែន ហេតុនេះ ការអនុវត្ត​វិធានការច្បាប់ លើសកម្មភាព​ល្មើសច្បាប់​នេះ មិនមាន​អ្វីចម្លែក​នោះទេ។»

អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស ក៏បានរំឭកឡើងវិញដែរថា លោក រ៉ុង ឈុន រួមនឹងមេដឹកនាំ​សហជីព​​ ចំនួន​៥នាក់​ទៀត ធ្លាប់ត្រូវបានតុលាការរបបក្រុងភ្នំពេញ ផ្ដន្ទាទោសកាល​ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៨ ដោយភ្ជាប់​តួនាទី​របស់ពួកលោក ទៅនឹងការតវ៉ា​របស់​ក្រុម​កម្មករ នៅ​តាម​បណ្តោយផ្លូវ​វេងស្រេង ឆ្នាំ២០១៤ ដែលបានក្លាយ​ទៅជាអំពើហឹង្សា នៅ​ខណៈពេល ដែល​កងកម្លាំង​នគរបាល និងកងរាជអាវុធហត្ថ បានបាញ់ប្រហារ​​ទៅលើ​កម្មករ និង​អ្នកឈរ​មើល ដែល​គ្មានអាវុធ។

អង្គការអន្តរជាតិខាងលើ បានសង្កត់ធ្ងន់ថា៖

«មិនមានភ័ស្តុតាង ភ្ជាប់មេដឹកនាំសហជីព ដែលត្រូវបានផ្តន្ទាទោសខាងលើ ទៅនឹង​អំពើហឹង្សា ក្នុង​ផ្លូវវេងស្រង​នោះទេ។»

លោក ហ្វីល រ៉ូប៊ឺតសុន បានបញ្ជាក់បន្ថែមថា៖

«លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ទៅលើក្រុម​សហជីព​កម្មករ អ្នកការពារ​សិទ្ធិមនុស្ស និងអ្នករិះគន់ដទៃទៀត ដោយគ្រាន់តែពួកគេ មិនពេញ​ចិត្ត​ចំពោះ​គោលនយោបាយ របស់​រដ្ឋាភិបាល។ រដ្ឋាភិបាលបរទេសទាំងឡាយ  គួរតែ​លើក​ឡើង​​ពីករណី​របស់លោក រ៉ុង ឈុន ជាសាធារណៈ និង​អំពាវនាវ​រួមគ្នា ដល់រដ្ឋាភិបាល​កម្ពុជា ដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្ស របៀបនេះ៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។