កម្ពុជា

នាយករដ្ឋមន្ត្រី​«ជេរម៉ែ»​អ្នកវិភាគ ដែល​រិះគន់​ការដឹកនាំ​របស់​លោក

នៅចំពោះក្រុមអ្នកវិភាគឯករាជ្យ ដែលតែងលើកពីកំហុស និងចំណុចខ្វះខាត ពីរបបដឹកនាំរបស់លោកនោះ លោក ហ៊ុន សែន បានតំឡើងខ្លួនថា លោកជា«ឪបណ្ឌិត» ឬហៅក្រុមអ្នកវិភាគទាំងនោះ ឲ្យមកចូលស្បថជាមួយលោក។ តែនៅថ្ងៃនេះ លោកបានប្រើយុទ្ធសាស្ត្រថ្មី គឺ«ជេរម៉ែ»អ្នកវិភាគនោះតែម្ដង។

ថ្លែងនៅចំពោះនិស្សិតរាប់ពាន់នាក់ មកពីវិទ្យាស្ថានមួយ ក្នុងពិធីប្រគល់សញ្ញាបត្រ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន បានសំដែងក្ដីខឹងសម្បារ ដាក់អ្នកវិភាគរូបនោះ ដែលលោកមិនបញ្ចេញឈ្មោះ តែលោកអះអាងថា ជាអ្នកវិភាគដែលរត់ចោលស្រុក។

លោកថ្លែងឡើង ដោយប្រើពាក្យអសុរោះជេរប្រទេច​ដូច្នេះ៖

«មានអាឡប់រត់ចោលស្រុកមួយនោះ… ខ្ញុំមិនបានស្ដាប់វានិយាយទេ តែឮប្រពន្ធខ្ញុំប្រាប់ថា មានគេថា រឿងមកពីចែកលុយវាមិនស្មើ។ កន្តួយម៉ែអាគេបាញ់! និយាយឲ្យវាអញ្ចេះតែម្ដងទៅ។ អាហ្នឹងអញ្ចឹង បានវារត់ចោលស្រុកនោះ។»

មេដឹកនាំកម្ពុជាបានពន្យល់ថា ភាសាអសុរោះរបស់លោក ជាគ្រាមភាសា(ភាសាអ្នកស្រុក) ដែលលោកជានាយករដ្ឋមន្ត្រី ក៏មានសិទ្ធិក្នុងការប្រើប្រាស់ដែរ។ លោកថា៖

«អញជេរត្រង់ៗ អញ្ចឹងតែម្ដងទៅ។ អូ… ធ្វើនាយករដ្ឋមន្ត្រី ហាមជេរឬ? ទេ! ធ្វើនាយករដ្ឋមន្ត្រី ជេរបានទេតើ មនុស្សដូចគ្នា។ ប៉ិនលោកសង្ឃម៉េច នៅចេះបញ្ចោរ។ ឯ ហ៊ុន សែន ជាមនុស្សដែរ មើលដាក់ហ្អែងឲ្យវានេះមើល៍ ! តាំងវាថា អាហ្នឹងភាសាអសុរោះ ប៉ុន្តែវា​ជេរ​ម៉ែឯង តាមចិត្ត។ វាជេរយើងស្អីៗ វាជេរតាមចិត្ត។»

ជេរម៉ែ ជា«ភាសាគ្រាម»សម្រាប់លោក ហ៊ុន សែន

បុរសខ្លាំងកម្ពុជា មិនបានបញ្ចេញឈ្មោះ អ្នកវិភាគរូបនោះ ថាជានរណាទេ។ ប៉ុន្តែអ្នកវិភាគ ដែលនិរទេសខ្លួនចេញក្រៅស្រុក មិនមានច្រើនប៉ុន្មានឡើយ ដូចយ៉ាងលោក គឹម សុខ អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ ដែលសព្វថ្ងៃកំពុងរស់នៅ ជាមួយកូនស្រីលោក ក្នុងប្រទេសហ្វាំងឡង់ជាដើម។

ជេរត្រឹមប៉ុណ្ណេះ មិនទាន់អស់ចិត្តលោក ហ៊ុន សែន នៅឡើយ។ មេដឹកនាំកម្ពុជា បានបន្តជេរ ប្រទេចផ្ដាសារប៉ុន្មានម៉ាត់ នៅចុងបញ្ចប់នៃការថ្លែងរបស់លោក ទៅកាន់អ្នកវិភាគរូបនោះ បន្ថែមទៀត។ លោកថា៖

«វាថា ចែកលុយគ្នាមិនគ្រប់! ចែកលុយគ្នាមិនស្មើ បានជាមានរឿង (ផ្លាស់ប្ដូរការគ្រប់គ្រង ប្រព័ន្ធផ្លូវដែក)។ អាហ្នឹងវាជាភាសាគ្រាម ភាសារបស់ស្រុកខ្មែរ វាជេរអញ្ចឹង។ ជេរ… អារន្ទះបាញ់។ ជេរ… អាគេបាញ់៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។