កម្ពុជា

ផែង វណ្ណៈ ត្រូវ​បាន​ចាប់ខ្លួន​ទាក់ទង​ការបង្ហោះ​មួយ​អំពី ហ៊ុន សែន

៊លោក ផែង វណ្ណៈ មន្ត្រីយោធាមួយរូប ដែលគេស្គាល់ថា ជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បី និងជាអ្នកគាំទ្រលោក ហ៊ុន សែន ដ៏មុតមាំនោះ ត្រូវបានកងកម្លាំងរាជអាវុធហត្ថ ចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ។

ការចាប់ខ្លួននោះ ធ្វើឡើងទាក់ទង​នឹងការបង្ហោះមួយ​​របស់លោក ផែង វណ្ណៈ ក្នុងថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ ដែលធ្វើការប្រៀបធៀបការយកប្រាក់ ទៅចូលបុណ្យសពយុវតីរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ថាមិនខុសគ្នា​ពីការចូលបុណ្យ​ធ្វើចេតិយ៍​សពលោក កែម ឡី ពីសំណាក់មេកាសែត «Fresh News» ដែលតំណាងឲ្យលោក ហ៊ុន សែន កាលពីពេលមុន​នោះទេ។



ការបង្ហោះ​ខាងលើ របស់លោក ផែង វណ្ណៈ ធ្វើឡើងបន្ទាប់ពីបណ្ដឹង របស់មេកាសែត «Fresh News» ដែលគេស្គាល់ថា ជាក្បាលម៉ាស៊ីនឃោសនា​ដ៏រឹងមាំមួយ​របស់​បុរសខ្លាំងកម្ពុជា និងរបបដឹកនាំរបស់លោក ប្ដឹងលោក ផែង វណ្ណៈ ឡើងទៅតុលាការ ពីបទបរិហារ្តិ៍ជាសាធារណៈ ជុំវិញការលើកឡើង​របស់មន្ត្រីយោធារូបនេះ រិះគន់កាសែតខាងលើ ថាធ្វើកិច្ចការខ្លួន តែនៅ​កន្លែងណា​ដែលមាន​លុយ​ប៉ុណ្ណោះ។

នៅក្នុងបណ្ដឹងមួយរបស់លោក គី តិច មេធាវីតំណាងឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ដាក់ទៅកាន់សាលាដំបូង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ម្សិលម៉ិញ បានអះអាងថា សំណេររបស់មន្ត្រីយោធា នៅលើបណ្ដាញសង្គម ពិតជាមានផែនការច្បាស់លាស់ និងចេតនាទុច្ចរិត ដោយធ្វើការប្រៀបធៀប ក្នុងបំណងចោទប្រកាន់ និងទម្លាក់កំហុសទៅលើលោក ហ៊ុន សែន ថាជាឃាតករសម្លាប់លោកបណ្ឌិត កែម ឡី។

លោក គី តិច បានបញ្ជាក់ក្នុងបណ្ដឹង នោះទៀតថា លោកមានភស្ដុតាងចំនួន ១៤ទំព័រ ដែលមានភ្ជាប់មកជាមួយ​ពាក្យបណ្ដឹង ដើម្បីដាក់បន្ទុកលើលោក ផែង វណ្ណៈ។

លោក ផែង វណ្ណៈ ជាមន្ត្រីយោធាស័ក្តិ ៤​កន្លះ បន្ទាប់​ពីលោក ត្រូវបាន​ផ្ទេរចេញ ​ពី​ក្រសួង​មហាផ្ទៃ ទៅកាន់ក្រសួងការពារជាតិ។ តាមរយៈគណនីហ្វេសប៊ុក និងទំព័រហ្វេសប៊ុករបស់លោក មន្ត្រីយោធារូបនេះ តែងបង្ហោះសរសើរ គាំទ្ររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកក៏ឧស្សាហ៍បង្ហោះសាររិះគន់ ទៅដល់អ្នកមានប្រាក់ មានអំណាច និងមន្ត្រីគ្រាក់ៗជាច្រើន នៅក្នុងរបបដឹកនាំមួយនេះដែរ។

បើតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា លោក ផែង វណ្ណៈ នៅពេលនេះ ត្រូវបាននាំខ្លួន ​បញ្ជូន​ទៅកាន់បញ្ជា​ការដ្ឋាន ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដេីម្បី​ធ្វើការសាកសួរ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។