កម្ពុជា

ផៃ ស៊ីផាន ហៅ​ក្រុម​ព្រឹទ្ធសមាជិក​អាមេរិក ជា​មេក្លោង​ក្រុមប្រឆាំង​នៅ​កម្ពុជា

អ្នកនាំពាក្យរបបដឹកនាំក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានធ្វើប្រតិកម្មតបនឹងការស្នើច្បាប់ កាលពីសប្ដាហ៍មុន ពីសំណាក់ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយ​ហៅ​ទង្វើរបស់ក្រុមព្រឹទ្ធសមាជិកទាំងនោះ បង្ហាញកាន់តែច្បាស់ ថាពួកគេជា«មេក្លោង» របស់ក្រុមប្រឆាំងនៅកម្ពុជា។

សេចក្ដីស្នើច្បាប់លេខ «S.1468» ត្រូវបានផ្ដួចផ្ដើមឡើង ដោយលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) មកពីគណបក្សសាធារណរដ្ឋ និងត្រូវបានដាក់ចូល ទៅព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។ បន្ទាប់មកច្បាប់នេះ ត្រូវបានគាំទ្រដោយសមាជិកព្រឹទ្ធសភាអាមេរិក ចំនួនពីររូបទៀត គឺលោក ឌិក ឌើប៊ិន (Dick Durbin) ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ខាងគណបក្សសាធារណរដ្ឋ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ផ្សាយជាខេមរភាសា បានអះអាងថា សេចក្ដីស្នើច្បាប់ខាងលើ ដែលមានឈ្មោះ «CARI Act» មានលក្ខណៈមិនខុសគ្នា ពីសេចក្ដីស្នើច្បាប់ «CARI Act» កាលពីឆ្នាំ២០១៨នោះទេ។

សេចក្តីស្នើច្បាប់ បានទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ពីការឃុំឃាំង​ក្នុង​លំនៅដ្ឋាន​- ទម្លាក់ចោល​បទចោទ​ប្រកាន់នានា​ ប្រឆាំង​នឹង​លោក​ សម រង្ស៊ី និង​អ្នករិះគន់រដ្ឋាភិបាល​ជាច្រើន​រូប​ទៀត រាប់ទាំង​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ ចំនួន​ពីរនាក់ផង។​

បើតាមសេចក្ដីស្នើច្បាប់នោះ ក្រុងភ្នំពេញត្រូវតែលុបចោល នូវច្បាប់វិសោធនកម្ម ស្តីពីគណបក្សនយោបាយ ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំង បើកដំណើរការឡើងវិញ និង ផ្តល់នីតិសម្បទា ដល់មន្រ្តីគណបក្សប្រឆាំងទាំងអស់ ដែល​រង​បម្រាម​សិទ្ធិ​នយោបាយ។

ក្នុងករណីដែលក្រុងភ្នំពេញ មិនអនុវត្តន៍តាមទេនោះ សេចក្ដីស្នើច្បាប់ «CARI Act» នឹង​តម្រូវឱ្យ​បង្កកទ្រព្យ​សម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​ដែលមាន​ទ្រព្យ​ធន​រក្សា​ទុក​នៅសហរដ្ឋ​អាមេរិក​ – និង​ឱ្យ​សហរដ្ឋ​អាមេរិក​ ព្យួរប្រព័ន្ធអនុគ្រោះពន្ធ (GSP) ក៏ដូចជាជំទាស់​រាល់​ប្រាក់កម្ចីទៅប្រទេស​កម្ពុជា​។ ក្រៅពីនេះ «CARI Act»នឹង​តម្រូវឲ្យ​កម្ពុជា ​«ការពារ​អធិបតេយ្យ​ខ្លួន ​ពីការ​ចូល​ជ្រៀតជ្រែក​‍» ពី​ប្រទេស​ចិនកុម្មុយនិស្ត​ថែមទៀត។

សម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ បានពន្យល់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកថា កម្ពុជាមិនមែនជាប្រទេសអាយ៉ង របស់សហរដ្ឋអាមេរិកទេ ដូច្នេះសេចក្ដីស្នើច្បាប់ខាងលើ បើទោះជាត្រូវបានអនុម័ត ចេញជារូបរាងក៏ដោយ ក៏គ្មានន័យចំពោះកម្ពុជាឡើយ។

អ្នកនាំពាក្យបានចាត់ទុកទង្វើ របស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកប៉ុន្មាននាក់នេះ ថាគ្រាន់តែជាការបញ្ចេញមតិមួយ និងកាន់តែឆ្លុះបង្ហាញថា ពួកគេជាមេក្លោង របស់ក្រុមប្រឆាំងនៅកម្ពុជា ដែលកំពុងរងចំណាត់ការ ពីសំណាក់តុលាការ។ លោកថា៖

«ការស្នើហ្នឹងបង្ហាញថា ក្រុមគេហ្នឹង ជាក្រុមតែមួយ ហើយជាមេខ្លោង នៃសកម្មភាពដែលតុលាការ ធ្វើការចោទប្រកាន់លើបទសង្ស័យ លើជនទាំងអស់នោះ៕»

ជា ធីរិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។