កាលពីមុននេះបន្តិច នៅលើបណ្ដាញសង្គម គេឃើញលោក ហ៊ុន សែន បង្ហោះចម្រៀង បែបចំអកមួយ ជាមួយនឹងរូបភាពមួយចំនួន។ ចម្រៀងនោះ ជាចម្រៀងពីសង្គមចាស់ ដែលមានចំណងជើងថា «ទទាយំឆ្លង» ច្រៀងដោយអ្នកនាង ឈុន វណ្ណា។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី មិនបានចម្លងចម្រៀងនោះ មកសរសេរដូចដើមនោះទេ។ លោកបានកែទំនុកចម្រៀងខ្លះៗ ដែលហាក់ជាសារនយោបាយមួយ ក្នុងន័យថា «មិនឆ្លើយមិនឆ្លង» «ចិត្តអូនចិត្តដាច់ ព្រោះចិត្តបងខ្មៅ» និង«ជិតដល់ពេលសន្យា»ហើយ។ លោក ហ៊ុន សែន សរសេរថា៖
«ទទាយំឆ្លង ត្រយ៉ងបងអើយអត់ឆ្លើយ (ពីរដង)
សង្សារបងអើយ ដល់ពេលហើយឬនៅ?
ចិត្តអូនចិត្តដាច់ ដោយសារចិត្តបងចិត្តខ្មៅ (ពីរដង)
ស្ពានក៏បាក់ ទឹកក៏ជ្រៅ ធ្វើម្តេចបានទៅតាមកិច្ចសន្យា។»
នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ គូបដិបក្ខនយោបាយរបស់លោក ហ៊ុន សែន គឺលោក សម រង្ស៊ី បានប្រកាសសារនយោបាយខ្លាំងៗ ពីក្រៅប្រទេស ចាត់ទុកបុរសខ្លាំងកម្ពុជា ថាជា«ជនផ្ដាច់ការ-ក្បត់ជាតិ» និងអំពាវនាវ«ឲ្យពលរដ្ឋងើបឡើង ដើម្បីចាប់លោក ហ៊ុន សែន ទៅកាត់ទោស»។
រីឯប្រព័ន្ធផ្សព្វផ្សាយស្និតរដ្ឋាភិបាលកម្ពុជា បានចុះផ្សាយជារៀងរាល់ថ្ងៃ នូវចំនួនថ្ងៃផុតកំណត់ នៃការផ្នាល់រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលនឹងមកដល់នៅដើមខែមិនាខាងមុខ។
យ៉ាងណា លោក សោរ ចាន់ដេត អតីតព្រឹទ្ធសមាជិកពីគណបក្ស សម រង្ស៊ី ដែលស្និតនឹងលោក សម រង្ស៊ី បានបង្ហោះសារ ចាត់ទុកការ«បង្ហោះចម្រៀង»ខាងលើ របស់លោក ហ៊ុន សែន ថាជា«សំដីលេងសើចដូចកូនក្មេង»។ លោក ចាន់ដេត បានបង្ហើបថា លោក ហ៊ុន សែន កំពុងនៅជាប់ក្នុងគ្រែ មិនទាន់ចុះរួចនៅឡើយទេ។
មន្ត្រីប្រឆាំងរូបនេះ ដែលកំពុងរស់នៅក្នុងប្រទេសកាណាដា បានសរសេរថា៖
«ស្រណោះណាស់ព្រះអេីយ ប៉ុន្មានសប្ដាហ៍នេះ សូម្បីចុះពីលេីគ្រែមិនរួចផង។ តែដោយសារខ្លាចគេ “រត់ចោល” ក៏ខិតខំយករូបចាស់ៗមកបង្ហោះ “បន្លំ” គេឯង ជាមួយនឹងពាក្យសំដីលេងសើច ដូចកូនក្មេងអញ្ចឹង!»៕
លោក ហ៊ុន សែន បានខកខានបង្ហាញខ្លួនជាសាធារណៈ តាំងពីចុងខែមករាកន្លងមក ដែលខុសពីទម្លាប់រាល់ដង។ នៅលើបណ្ដាញសង្គម គេគ្រាន់តែឃើញលោកបង្ហោះរូបភាព អមដោយពាក្យពេជន៍ដដែលៗ ដែលថាកម្ពុជាត្រូវរក្សា ការពារចាំបាច់នូវសន្តិភាព ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ។
កាលពីប៉ុន្មានថ្ងៃមុន លោក ហ៊ុន សែន បានបង្ហោះសារតបលោក សោរ ចាន់ដេត ម្ដងហើយ ដោយលោកចាត់ទុក ការលើកឡើងរបស់លោក សោរ ចាន់ដេត ចំពោះបញ្ហាសុខភាពរបស់លោក ថាជាបំណងចង់ឲ្យលោកស្លាប់ និងព្រមានលោក ចាន់ដេត ឲ្យចាំជាតិក្រោយ ប្រសិនជាធ្វើនយោបាយ រង់ចាំតែលោកស្លាប់នោះ។
តែអតីតសមាជិកព្រឹទ្ធសភា មិនបានស្ងាត់មាត់ទេ។ លោក សោរ ចាន់ដេត ថែមទាំងបានអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជាគួរជ្រើសរើសបេក្ខជនថ្មី ជំនួសលោក ហ៊ុន សែន ឲ្យហើយទៅ ដើម្បីបញ្ចៀសអំពើបក្សប្រហារ ដែលអាចកើតឡើង បន្ទាប់ពីអវត្តមានលោក ហ៊ុន សែន៕