កម្ពុជា

ទំព័រហ្វេសប៊ុក «មាតាធម្មជាតិ» បង្ហោះសារ​របស់ខ្លួន​ឡើងវិញ

បន្ទាប់ពីមិនឃើញមានសកម្មភាព អស់ជាច្រើនសប្ដាហ៍ ទំព័រហ្វេសប៊ុក នៃចលនា«មាតាធម្មជាតិ»បានបង្ហោះសាររបស់ខ្លួន បានជាថ្មីឡើងវិញ។ ស្ថាបនិកចលនានេះ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro G.Davidson) អះអាងថា ក្រុមលោកបានទាមទារទំព័រនេះ មកកាន់កាប់ឡើងវិញ ជាធម្មតា កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។

នៅប៉ុន្មានម៉ោងមុននេះ ទំព័រហ្វេសប៊ុករបស់ចលនាការពារធនធានធម្មជាតិកម្ពុជា ដ៏ល្បីល្បាញ បានបង្ហោះសារឡើងថា៖

«សូមស្វាគមន៍សារជាថ្មី មកកាន់ហ្វេសបុកផេកចលនាមាតាធម្មជាតិ។ យើងមានអារម្មណ៍​សោមនស្សរីករាយ ដែលក្រុមហ៊ុនហ្វេសបុក សម្រេចសង្គ្រោះផេកនេះ ក្រោយពីការប៉ុនប៉ង​ប្លន់​ពីសំណាក់អាជ្ញាធរ នៃរបបសន្តិភាព (លោក ហ៊ុន សែន)»

កាលពីដើមខែកញ្ញា ទំព័រហ្វេសប៊ុកខាងលើ ដែលមានអាស័យដ្ឋាន « facebook.com/mothernaturecambodia » បានបាត់រូបពីបណ្ដាញសង្គម បន្ទាប់ពីសកម្មជនរបស់ចលនានេះ ចំនួន៣នាក់ ត្រូវបានអាជ្ញាធរ​របបក្រុងភ្នំពេញ​ចាប់ខ្លួន។ សកម្មជនទាំងបីរូបរួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលត្រូវបានចាប់ខ្លួន ក្រោមហេតុផលថា រៀបចំដំឡើងស្ទូឌីយោផ្សាយវីដេអូ និងព័ត៌មាន ដោយគ្មានច្បាប់អនុញ្ញាត និងការបង្ហោះព័ត៌មាន ពីយុទ្ធនាការ ដើរទៅ​ភូមិគ្រឹះនាយករដ្ឋមន្ត្រី ដើម្បីសុំឱ្យដោះស្រាយករណីលុបបឹងតាមោក នៅជាយរាជធានី។

លោក អាឡិច បានចោទអាជ្ញាធរក្រុងភ្នំពេញ ថាបានចូលទៅកាន់កាប់ ដោយបំពាន (ឬប្លន់) ទំព័រហ្វេសប៊ុកមួយនេះ ដោយទំនងជាបានបង្ខំលោក ថុន រដ្ឋា ឲ្យប្រាប់លេខ​សម្ងាត់ ក្នុងនាមជា«អភិបាលទំព័រ» ដើម្បីក្រុមអាជ្ញាធរទាំងនោះ អាចចូលទៅក្នុងទំព័រ​ខាងលើ និងផ្លាស់ប្ដូរទិន្នន័យនានា។

យ៉ាងណា ស្ថាបនិកជាតិអេស្ប៉ាញ ដែលនិយាយ និងសរសេរភាសាខ្មែរច្បាស់ដូចថ្ងៃ បានពន្យល់​កាលពីម្សិលមិញ លើគណនេយ្យហ្វេសប៊ុក របស់លោកថា៖

«ចោរកម្មលួចហ្វេសប៊ុកផេក របស់ចលនាមាតាធម្មជាតិ ពីសំណាក់របបសន្តិភាព បាន​បរាជ័យទាំងស្រុង។ បន្ទាប់ពីមានការអន្តរាគមន៍ ពីយើងខ្ញុំ និងអង្គការដៃគូរក្នុង និងក្រៅស្រុកដ៏ទៃទៀតជាច្រើន ក្រុមហ៊ុនហ្វេសប៊ុក បានប្រគល់ផេកមាតាធម្មជាតិ មកឱ្យម្ចាស់ដើមវិញ ដែលនឹងដំណើរការចាប់ពីពេលនេះតទៅ។»

គ្មានប្រតិកម្មផ្លូវការ ពីមន្ត្រីទទួលខុសត្រូវ នៃរដ្ឋាភិបាលក្រុងភ្នំពេញ ចំពោះហេតុការណ៍​ខាងលើ​នេះទេ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែង​ប្រាប់​សារព័ត៌មានក្នុងស្រុកថា លោកមិនបានដឹងច្បាស់ អំពីករណីមានការលួច ចូលទំព័រ​ខាងលើទេ ប៉ុន្តែលោកថា ជាទូទៅ មន្ត្រីជំនាញនឹងរឹបអូសភ័ស្តុតាងទាំងអស់ ដែល​ពាក់ព័ន្ធ​បទល្មើស រួមទាំងផ្នែកបច្ចេកវិទ្យា ហើយតុលាការធ្វើការស៊ើបអង្កេត លើករណី​នេះ។

ក្នុងសារបង្ហោះជាថ្មី នៅថ្ងៃសុក្រនេះ ទំព័រហ្វេសប៊ុក «មាតាធម្មជាតិ» ឬ «Mother Nature Cambodia» បានបន្តសរសេរថា៖

«ទន្ទឹមនឹង(ទទួលបានទំព័រមកវិញ)នេះ ពួកយើងជាសកម្មជន ចលនាមាតាធម្មជាតិ មានភាព​សោកស្តាយជាពន់ពេក ដែលអាជ្ញាធរនៃរបបនេះ បានចាប់ខ្លួន​សកម្មជន​ចលនាមាតាធម្មជាតិ ដ៏ស្អាតស្អំចំនួនបីរូប #លោកថុនរដ្ឋា #កញ្ញាភួនកែវរស្មី និង #កញ្ញាឡុងគន្ធា តាមអំពើរចិត្ត ដោយខុសទៅនឹងច្បាប់។ យើងហួសចិត្ត ដែលរបបមួយ​នេះ បានចាត់ទុកថា ការសុំជួបលោក ហ៊ុន សែន ដើម្បីបង្ហាញអំពីកង្វល់ ចំពោះការលុប​បឹងតាមោក គឺជាអំពើរញុះញង់ទៅវិញ។»

«យើងពុំសុខចិត្តឡើយ ចំពោះអំពើរអយុត្តិធម៌នេះ ហើយនឹងទាមទារ ឱ្យដោះលែង​សកម្មជន​មាតាធម្មជាតិ ទាំង៣រូបជាបន្ទាន់។ យើងសង្ឃឹមថា របបនេះនឹង​រក្សាបាន​នូវសតិសម្បជញ្ញៈជាខ្មែរ គោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ​កម្ពុជា៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។