ព្រះតេជគុណ លួន សុវ៉ាត បានចេញភ័ក្រធ្វើប្រតិកម្ម នៅទីបំផុត! ព្រះសង្ឃដ៏ល្បីអង្គនេះ ដែលត្រូវបានជ្រើសរើស ឲ្យទទួលពានរង្វាន់សិទ្ធិមនុស្ស ដោយអង្គការអន្តរជាតិជាច្រើន បានអះអាងថា ក្នុងវេលានេះ ព្រះអង្គ កំពុងគង់ក្នុងទីសុវត្ថិភាព ដើម្បីគេចចេញ ពីការ«ធ្វើស៊ី»បែបនយោបាយ បង្កើតឡើងដោយក្រុមអ្នកមានអំណាច នៅកម្ពុជា។
ប្រតិកម្មរបស់ព្រះតេជគុណ ធ្វើឡើងនៅលើបណ្ដាញសង្កម បន្ទាប់ពីមានព្រឹត្តិការណ៍ បង្ហោះសារជាសម្លេង ដ៏គួរឲ្យមន្ទិល នៅលើទំព័រហ្វេសប៊ុកមួយ ឈ្មោះ «Srey Da Chi-Kraeng» ដែលទើបត្រូវបានបង្កើត កាលពីចុងខែឧសភានេះប៉ុណ្ណោះ។ សារជាសម្លេងនោះ ជាការថតវីដេអូ ទៅលើការជជែកគ្នាមួយ ដែលមានរូបថត និងឈ្មោះព្រះសង្ឃ លួន សុវ៉ាត នៅជាប់ជាមួយ។
នៅប៉ុន្មានថ្ងៃ ក្រោយការបង្ហោះសារជាសម្លេង នៅលើទំព័រហ្វេសប៊ុក ដែលគ្មានអត្តសញ្ញាណពិតប្រាកដខាងលើ ក្រុមមេដឹកនាំសាសនា នៅកម្ពុជា ក្នុងនោះមានព្រះមេគណខេត្តសៀមរាប បានប្រកាសសម្រេច ឲ្យផ្សឹកព្រះសង្ឃ លួន សុវ៉ាត ក្រោមការចោទប្រកាន់ថា បានសេពមេថុនធម្ម (រួមភេទ) ជាមួយស្រ្តីភេទ។
ផ្ទុយទៅវិញ គណនេយ្យហ្វេសប៊ុកមួយ ឈ្មោះ «Tev Vev» ដែលអះអាងថា មានរូបថតខ្លួន ត្រូវបានបង្ហោះដោយគ្មានការអនុញ្ញាត នៅលើទំព័រហ្វេសប៊ុក «Srey Da Chi-Kraeng» ខាងលើ បានចេញមុខមកបដិសេធថា សារសម្លេងនោះ មិនមែនជាការពិតទេ ដោយហៅការបង្ហោះទាំងនោះ ថាគឺដើម្បីបង្ខូចកិត្តិយសខ្លួន និងគ្រួសារខ្លួន។
សម្រាប់ព្រះតេជគុណ លួន សុវ៉ាត ដែលពេលនេះ «កំពុងគង់ក្នុងទីសុវត្ថិភាព» បានចាត់ទុករឿងរ៉ាវ ទាំងអស់ខាងលើ គឺជា«រឿង នយោបាយ» ក្រោមមូលហេតុ ដូចការដកស្រង់ប្រតិកម្ម«ភាគខ្លះ» របស់ព្រះអង្គ នៅខាងក្រោមដូច្នេះ៖
«អាត្មាភាព សូមធ្វើការបដិសេធន៍ចោលទាំងស្រុង រាល់ការចោទប្រកាន់ មូលបង្កាច់ លាបពណ៌ ប្រឌិតពត៌មានក្លែងក្លាយ កាត់តយករូបភាពអ្នកដទៃ និងសម្លេង មកថតបញ្ចូលគ្នា ក្នុងហ្វេសប៊ុក ឲ្យកើតទៅជាសាច់រឿង១ ដែលខុសការពិត ដែលបង្កើតឡើងក្នុងសម័យបច្ចេកវិទ្យាទំនើប ដោយខុសទៅនឹងច្បាប់ជាតិ ច្បាប់អន្តរជាតិ ច្បាប់សាសនា និងច្បាប់បណ្តាញពត៌មានសង្គម ដើម្បីកំចាត់ (ធ្វើស៊ី ) ហើយបង្ហោះចូល ក្នុងបណ្តាញសង្គមហ្វេសប៊ុកក្លែងក្លាយ ផ្សព្វផ្សាយបន្តលឿនរហ័ស ដូចរន្ទះបាញ់ខែចេត្រ តាមបណ្តាញពត៌មានផ្សេងៗ បន្តទៀត ដែលមាននិន្នាការនយោបាយ បក្សក្តោបក្តាប់អំណាច និងបក្សពួកក្រុមជនដែលតែងតែជេរប្រមាថព្រះសង្ឃជារឿយៗ និងដែលតែងតែស្អប់អាត្មា។»
«អាត្មាចាត់ទុករឿងទាំងអស់នេះ គឺជារឿងនយោបាយទាំងស្រុង ព្រោះថា ចំណាត់ការ របស់មន្ត្រីថេរសភាសង្ឃ ខេត្តសៀមរាប និងក្រុងភ្នំពេញ និងមន្ទីរធម្មការ និងសាសនាជាដើម បានធ្វើការចេញសេចក្តីសម្រេច ស៊ីសង្វាក់គ្នា និងលឿនរហ័ស ដូចភ្នែកបន្ទោល ដែលខុសពីរឿងបុគ្គលផ្សេងៗ ដោយមិនបានធ្វើការ ពន្យាពេល ស្រាវជ្រាវរាវរក ស៊ើបអង្កេត រកភ័ស្តុតាង បទល្មើសជាក់ស្តែងពិតប្រាកដណា១ទេ ក្រៅតែពឹងផ្អែក ទៅលើសម្លេង និងហ្វេសប៊ុកក្លែងក្លាយ យកមកធ្វើជាគោល នៃសេចក្តីសម្រេច។»
«សម្លេងគ្រាន់តែជានាម តែគ្មានរូបរាង ពណ៌សម្បុរទេ ហើយសម្លេង ក៏ត្រូវបានគេធ្វើត្រាប់ តាមមនុស្សឬសត្វ, ច្រៀងតាម ឬបញ្ចូលសម្លេង ឬសម្លេងស្រដៀងគ្នាដូចគ្នា ដែលយើងធ្លាប់ឃើញឮ ជារឿយៗផងដែរ ហើយការបង្កើតជាសារបែកធ្លាយ នៃសម្លេងឆ្លងឆ្លើយ ជាច្រើននាក់ នៃឥស្សរជនអ្នកនយោបាយ នៅក្នុងប្រទេសកម្ពុជាកន្លងមក ក៏យើងធ្លាប់ឃើញ កើតមានផងដែរ ដែលសុទ្ធតែកើតឡើង ក្នុងន័យប្រើសម្លេង ជាអាវុធដើម្បីកេងចំណេញនយោបាយ ឬវាយប្រហារបង្ខូចកិត្តិយសកេរ្តិឈ្មោះ ដល់គូបដិបក្ខផងដែរ ហើយសម្លេងខ្លះ គេនិយាយលេងសើចសោះ បែជាបញ្ចេញបញ្ចូល មកធ្វើជាការពិត ទៅវិញក៏មាន។»
«ប្រសិនបើមានវីដេអូជាក់ស្តែងណា១ ដែល [បង្ហាញថា អាត្មាភាព] បានប្រព្រឹត្តខុសឆ្គង ដូចការចោទប្រកាន់ខាងលើ មកលើអាត្មាភាពមែននោះ អាត្មានឹងទទួលយកទោសកំហុស ទៅតាមវីដេអូសកម្មភាពជាក់ស្តែងទាំងនោះ។ ប៉ុន្តែបើគ្រាន់តែជាសម្លេង ជារូបភាពកាត់តទេ គឺអាត្មាមិនអាច ទទួលយកបានទេ។»
«ក្រោយថ្ងៃចេញសេចក្តីសម្រេច ឲ្យចាប់ផ្សឹកដោយចោទថា ខុសនឹងវិន័យសង្ឃរួចមក សកម្មភាព នៃការតាមចាប់ខ្លួនអាត្មា គឺខុសបច្ចេកទេស ទាំងស្រុង គឺបែជា ប្រើអំណាចព្រះរាជអាជ្ញារ និងអំណាចស្នងការប៉ូលីសខេត្តសៀមរាប ទៅចោទទៅចាប់អ្នកដទៃ ដែលមិនមែន ជាអាត្មាទៅវិញ ក្នុងនោះ មានការនាំខ្លួនក្មួយប្រុសអាត្មា២នាក់ ទៅសាកសួរ នៅស្នងការខេត្ត ហើយវ៉ៃខ្នោះដៃ និងប្រើហឹង្សា និងឃុំខ្លួនក្មួយអាត្មា ម្នាក់១យប់២ថ្ងៃ ទើបមានការដោះលែង ក្រោយបងប្អូនទៅធានា និងបង់លុយកាក់ អស់មួយចំនួនធំផងដែរ។»
«ក្រៅពីការនាំខ្លួនក្មួយប្រុសអាត្មា ទៅសួរចម្លើយ និងគម្រាមគំហែង ក្រុមប៉ូលីសស្នងការខេត្ត ប្រមាណ៤ទៅ៥ឡាន បានដឹកនាំកម្លាំង ទៅឆែកឆេរ និងរឹបអូសទ្រព្យសម្បត្តិឯកជន រំលោភលើសិទ្ធិមានកម្មសិទ្ធិ របស់អាត្មានៅភូមិកំណើតក្នុង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃ៧មិថុនា២០២០ ដោយដកហូតទូរស័ព្ទមួយចំនួន ពីក្មួយអាត្មា ដកហូតឡាន «Lexus470» ១គ្រឿង កាមេរ៉ាជិត១០គ្រឿង ទូរទស្សន៍១គ្រឿង ទូទឹកក ធុងទឹកកក ឯកសាផ្សេងៗមួយចំនួនទៀត ចេញពីផ្ទះញោមប្រុសអាត្មាផង ផ្ទះក្មួយប្រុសអាត្មាផង ពីក្នុងវត្តស្លែងផង យកទៅរក្សាទុក នៅស្នងការប៉ូលីសខេត្ត ក្រៅពីនោះ ក៏បាននាំខ្លួនព្រះសង្ឃ២អង្គ ក្នុងវត្តស្លែង ទៅសួរចម្លើយ និងដកហូតទូរស័ព្ទផងដែរ។»
«ក្រោយមក បានប្រគល់ទូរស័ព្ទមកឲ្យវិញ ប៉ុន្តែទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិឯកជន របស់អាត្មាភាព ត្រូវបានគេដកហូតរក្សាទុក នៅស្នងការប៉ូលីសខេត្ តរហូតមកដល់ថ្ងៃនេះ មិនទាន់ប្រគល់ឲ្យវិញទេ។»
«គេចោទថា ខុសនឹងច្បាប់សាសនា តែដល់ធ្វើចំណាត់ការអនុវត្តន៍ច្បាប់ មិនយកច្បាប់សាសនាមកប្រើទេ បែជាយកអំណាចអាជ្ញា មកវាយប្រហារ គំរាមគំហែង បំភិតបំភ័យ ចោទចាប់ទៅវិញ។»
«នេះគឺជា ចេតនានយោបាយ គំនុំគុំគួន យ៉ាងពិតប្រាកដ ដោយគ្រាន់តែយកលេសថា ខុសវិន័យសង្ឃ ប៉ុន្តែចេតនានយោបាយ ដោយសាតែកន្លងមក អាត្មាភាពជាសកម្មជនសិទ្ធិមនុស្ស សង្ឃដ៏ល្បី ទាំងក្នុង និងក្រៅប្រទេស ធ្វើការងារសង្គម-ជាតិ-សាសនាជាច្រើន ទាក់ទងនិង បញ្ហាជម្លោះដីធ្លី,សិទ្ធិមនុស្ស, ព្រៃឈើ, តស៊ូមតិ ដើម្បីយុត្តិធម៌សង្គម, មនុស្សធម៌, បាតុកម្ម, នយោបាយ, សម្ភាសន៍ និងផ្សាយពត៌មានឯករាជ្យ, ដែលធ្វើឲ្យអ្នកមានអំណាចមួយចំនួន ក្តៅក្រហាយ មិនសប្បាយចិត្ត នឹងសកម្មភាពអាត្មា ជួយសង្គម-ជាតិ-សាសនា-ទឹកដីព្រៃព្រឹក្សានោះទេ ព្រោះវាប៉ះពាល់នយោបាយ និងឆ្នាំងបាយ ផលប្រយោជន៍បក្សពួកគេ។»
«ប្រសិនបើ គេចាប់ខ្លួនបានវិញនោះ គឺមិនត្រឹមតែគេផ្សឹកប៉ុណ្ណោះទេ គឺអាចនឹងត្រូវរងទារុណកម្ម អំពើហឹង្សា រហូតដល់ឆ្កួតឬស្លាប់ និង ការចោទប្រកាន់ពីប្រព័ន្ធតុលាការ ទាំងបទចោទចាស់ ដែលមានស្រាប់ ក្នុងដៃតុលាការ ក៏ដូចជា បទចោទ ដែលតុលាការធ្លាប់ចោទ ចាប់អាត្មាកន្លងមក មានបទ ញុះញង់ ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តិទាំងនៅក្នុងប្រទេស និងក្រៅប្រទេស, បទរួមគំនិតក្បត់ជាតិ និងបទចោទប្រកាន់ថ្មី យើងមិនអាចស្មានត្រូវ ថានិងចោទបទអ្វី និងអាចជាប់ពន្ធនាគារ ថែមទៀតផង។»
«ហើយនេះ មិនមែនជាការចោទ និងចាប់ជាលើកទី១ឡើយ គឺច្រើនលើកច្រើនសាហើយ ដែលអាត្មារងគ្រោះ ត្រូវបានគេចោទ និងចាប់ថា ខុសច្បាប់ជាតិ ច្បាប់សាសនា ចាប់តាំងពីចូលរួម សកម្មភាពការងារសង្គម ចាប់ពីឆ្នាំ២០០៩ រហូតមកដល់២០២០នេះ។»
«ដោយមើលឃើញ ពីហានិភ័យខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីកុំឲ្យប៉ះពាល់ ដល់វត្តអារាម ដល់គ្រួសារបងប្អូនញាតិមិត្ត ដូច្នេះហើយ ទើបអាត្មាភាព មិនអាចនៅតតាំង ច្បាំងនឹងការចោទប្រកាន់ ដូចមហាខ្យល់ព្យុះសង្ឃរានេះបានទេ មានតែរត់គេចខ្លួន ដើម្បីមានឱកាស ( ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត ) ផ្លូវដែលត្រូវបន្តដំណើរ នៅវែងឆ្ងាយណាស់ មិនអាចឈប់ត្រឹមនេះបានទេ បើផ្លូវនេះជួបឧបសគ្គគ្រោះថ្នាក់ យើងអាចស្វែងរកផ្លូវផ្សេងទៀត ដើម្បីធ្វើដំណើរ ឆ្លងកាត់ឧបសគ្គគ្រោះថ្នាក់ រហូតដល់ទិសដៅ នៃភាពជោគជ័យ គឺមានជីវិត ត្រូវតែមានន័យ ត្រូវតែតស៊ូ មិនឆាប់មិនយូរ គង់បានជោគជ័យ។»
«អាត្មាភាព លួន សុវ៉ាត បួសហើយនឹងសឹកជារឿងធម្មតាទេ ប៉ុន្តែ មិនមែនសឹក ដោយឲ្យគេចាប់បង្ខំផ្សឹកនោះទេ ព្រោះគ្មានតម្លៃ និងនាំឲ្យប៉ះពាល់កិត្តិយស គឺនឹងមានពេលវេលា ដ៏សមរម្យណាមួយនឹងសឹក ដោយការសម្រេចចិត្ត ដោយខ្លួនឯង នៅក្រៅប្រទេស ក្នុងពេលអនាគតខាងមុខ។»
«ការរត់គេចពីសេចក្តីទុក្ខ ដ៏ធំធេង នៃការចោទប្រកាន់បែប បំផ្លាញ បំភ្លៃ បំភិតបំភ័យ ក្នុងន័យនយោបាយ លាយឡំនិងសាសនា ក្នុងការចាប់យក ចំណុចខ្សោយរបស់អ្នកបួស ក្នុងសាសនាទាំងអស់ មិនថា លោកតូច លោកធំ លោកនេន ភិក្ខុ ទេគឺបើគេចោទថា ខុសធម៌វិន័យ មានស្រីហើយ គឺ១០០ទាំង១០០ អាចនឹងប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះ បើទោះជារឿងនោះពិត ឬមិនពិតក៏ដោយ។»
«ល្បិចចោទសម័យថ្មី បីដូចល្បិចចោទសម័យពុទ្ធកាលផងដែរ គឺនាង ចិញ្ចាមាណវិការ យកឈើធ្វើជាកូន ហើយទៅចោទព្រះពុទ្ធថា បានរួមមេត្រីនឹងនាងរហូតមានផ្ទៃពោះ តែទីបំផុត ព្រះពុទ្ធយកឈ្នះនាងចិញ្ចា ដោយពាក្យ សច្ចធម៌ យុត្តិធម៌ គឺនាងមិនមានផ្ទៃពោះទេ គឺប្រើល្បិចយកឈើ ទៅរុំព័ទ្ធលើពោះ ឲ្យប៉ោងឡើងទេ។»
«អ្នកដែលបន្ទាបបន្ថោក បំផ្លាញសាសនា ពិតប្រាកដ គឺមិនមែនអ្នក ដែលត្រូវបានគេចោទទេ គឺជនអនាមិក បក្សពួកជនទុច្ចរិត ថោកទាប ដែលរួមគំនិតគ្នា ផលិត បង្កើត កាត់ត បង្ហោះពត៌មានក្លែងក្លាយ ផ្សព្វផ្សាយលើហ្វេសប៊ុកក្លែងក្លាយ ហើយអ្នកដែលជួយផ្សព្វផ្សាយបន្ត ជាសាធារណៈឯណោះទេ ដែលត្រូវមានទោសកំហុស ក្នុងបទល្មើសឧក្រិដ្ឋពត៌មានវិទ្យា ផ្សាយពត៌មានមិនពិត ដែលនាំឲ្យប៉ះពាល់ ដល់តម្លៃពុទ្ធសាសនា ជាសកល តម្លៃសិទ្ធិ ជាឯកជនភាពបុគ្គលដទៃ ជាដើម បីដូចជា បុគ្គលម្នាក់ជាបុរស ឬស្ត្រី ចូលបន្ទប់ទឹកដើម្បីបន្ទោរបង់ ដោយការបិទបាំងកេរ្តិខ្មាសផ្សេងៗ ស្រាប់តែមានបុគ្គលម្នាក់ផ្សេងទៀត ទៅលួចថត ហើយយកទៅបង្ហោះជាសាធារណៈ តើរវាងភាគីទាំងពីរនេះ មួយណាមានទោសកំហុស ខុសច្បាប់ធំជាងគេ គឺអ្នកលួចថត អ្នកបង្ហោះ អ្នកផ្សព្វផ្សាយ ចែកចាយបន្តនោះឯងហើយ ជាអ្នកមានទោសធំជាងគេ។»
«ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានរោងចក្រផលិត និងផ្សព្វផ្សាយពត៌មានក្លែងក្លាយជាច្រើន ហើយក៏សម្បូរទៅដោយ បទចោទប្រកាន់ក្លែងក្លាយ ជាច្រើនកើតឡើង ទៅលើសកម្មជនសិទ្ធិមនុស្ស ដីធ្លី សហជីព សហគមន៍ អ្នកសារពត៌មាន អ្នកនយោបាយ ដែលបានបណ្តាល ឲ្យអ្នកខ្លះរងគ្រោះ ជាប់គុកម្តងជាពីរដង អ្នកខ្លះភៀសខ្លួនរត់ចោលស្រុក អ្នកខ្លះត្រូវបានគេបាញ់សម្លាប់ជាដើម ហើយក្រៅពីបញ្ហាទាំងអស់នេះ ក៏មានរឿងក្លែងក្លាយជាច្រើន បានកើតឡើង ដូចជា ប្រជាធិបតេយ្យក្លែងក្លាយ បោះឆ្នោតក្លែងក្លាយ ឈ្នះក្លែងក្លាយ លុយក្លែងក្លាយ ផលិតផលក្លែងក្លាយ ភ័ស្តុតាងក្លែងក្លាយ ជាដើម ដូច្នេះរឿង ដែលកើតឡើងមួយចំនួន មិនសុទ្ធតែជារឿងពិតនោះទេ៕»