«បើខុសបន្តិច បិទ! ខុសបន្តិច បិទ! វានឹងគ្មាននរណាហ៊ានសរសេរ ហ៊ានបើកកាសែតនោះទេ» ជាលើកឡើងរបស់ អ្នកច្បាប់ និងជាមេធាវីចាស់វស្សា លោក សុក សំអឿន តាមរយៈសំណេរ «សួរ-ឆ្លើយ» តាមទម្រង់ «សិស្ស-គ្រូ» ដែលលោកបង្ហោះ នៅលើបណ្ដាញសង្គម។
លោកមេធាវី មិនបានលើកយកករណី នៃការបិទកាសែត ឬស្ថាប័នសារព័ត៌មានណាមួយ នៅក្នុងការធ្វើអត្ថាធិប្បាយ របស់លោកនោះទេ។ ប៉ុន្តែ នៅក្នុងរយៈពេលចុងក្រោយនេះ ការចាប់ខ្លួនអ្នកកាសែត និងការបិទស្ថាប័នសារព័ត៌មាន រួមនឹងការរាំងខ្ទប់គេហទំព័រ នៅក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើជាហូរហែ។
ស្ថាប័នសារព័ត៌មាន ចុងក្រោយមួយទៀត ដែលទើបត្រូវបានបង្ខំ ឲ្យបិទទ្វាដែរនោះ គឺវិទ្យុ«រិទ្ធិសែន»ដ៏ល្បីឈ្មោះ នៅខេត្តកំពង់ឆ្នាំង ខណៈប្រធានវិទ្យុមួយនេះ គឺលោក សុខ ឧត្តម ត្រូវបានអាជ្ញាធរខេត្តចាប់ខ្លួន និងបញ្ជូនឡើងទៅតុលាការ។
ការលប់ចោលអាជ្ញាប័ណ្ណ របស់វិទ្យុខាងលើ ពីសំណាក់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានធ្វើឡើង ក្រោមការចោទប្រកាន់ថា វិទ្យុមួយនេះ បានផ្សាយបំផ្លើស ប្រើពាក្យអសុរស និងញុះញង់ឲ្យពលរដ្ឋ ទៅកាន់កាប់ដីរដ្ឋ។
សម្រាប់លោកមេធាវី សុក សំអឿន ដែលជាគ្រូបង្រៀន«អ្នកច្បាប់» មួយរូបផង បានលើកឡើងថា ទង្វើថ្មីៗ ទៅលើស្ថាប័នសារព័ត៌មាន ជាបន្តបន្ទាប់នេះ បានបង្កឲ្យមានមន្ទិល អំពីសេរីភាពសារព័ត៌មាន និងការអនុវត្តច្បាប់ នៅកម្ពុជា រាប់ទាំងច្បាប់របបសារព័ត៌មាន និងច្បាប់ក្រមព្រហ្មទណ្ឌនោះផង។
ខាងក្រោមនេះ ជាការដកស្រង់ទាំងស្រុង នៃការពន្យល់បែប«សួរ-ឆ្លើយ» របស់លោក៖
សិស្ស៖ តើហេតុអ្វីបានជាកាសែត ដែលផ្សាយពត៌មាន ដែលមិនត្រឹមត្រូវ ច្បាប់សារពត៌មានតម្រូវ ត្រឹមឲ្យកាសែតផ្សាយបញ្ជាក់ជាថ្មី? ម៉េចក៏មិនដាក់ទណ្ឌកម្ម ដោយបិទ[ស្ថាប័ននោះ] តែម្តងទៅ?
គ្រូ៖ បើខុសបន្តិច បិទ ! ខុសបនិ្តច បិទ ! វានឹងគ្មាននរណាហ៊ានសសេរ ហ៊ានបើកកាសែតនោះទេ។ ម៉្លោះហើយ ច្បាប់របបសារពត៌មាន មិនធ្វើដូច្នោះទេ គឺបើផ្សាយពត៌មានអ្វីមួយ ដែលមិនពិតជាអញ្ចឹងទេនោះ ច្បាប់អនុញ្ញាត ឲ្យសារពត៌មាននោះ ផ្សាយលាងវិញ ប្រសិនបើរកឃើញថា ពត៌មាននោះ មិនទាន់ពិត១០០ភាគរយ ឬជាការយល់ច្រឡំ។ ការធ្វើបែបនេះ ទើបសេរីភាពសារពត៌មាន វាអាចមានពិត។
សិស្ស៖ ចុះប្រសិនបើប្រទេសមួយ ឃើញតែបិទកាសែត បិទសារពត៌មាន តើហ្នឹង មកពីអ្វី?
គ្រូ៖ អាចមានករណីដូចតទៅ៖
១. ប្រសិនបើការបិទ វាត្រឹមត្រូវ គឺមានន័យថា ប្រទេសនោះខ្វះអ្នកចេះដឹង ខ្វះអ្នកមានសមត្ថភាព និងមានវិជ្ជាជីវៈសារពត៌មានពិត ដែលនាំឲ្យការផ្សាយរបស់ខ្លួន វាខុសច្បាប់ ដែលនាំឲ្យរដ្ឋាភិបាល មិនអាចអនុគ្រោះបាន។
២. អាចមកពីច្បាប់ប្រទេសនោះតឹងពេក តែបើតឹងពេក សេរីភាពសារពត៌មាននឹងចុះថយ ហើយបើសេរីភាពសារពត៌មានចុះថយ ស្ថាប័នសាធារណៈ អាចនឹងកាន់តែមានបញ្ហាក៏មាន។
៣. អាចជាសញ្ញាបង្ហាញថា សេរីភាពសារពត៌មានប្រទេសនោះចុះខ្សោយ ហើយបើសេរីភាពសារពត៌មានចុះខ្សោយ ស្ថាប័នសាធារណៈអាចនឹងមិនសូវមាន តម្លាភាព អំពើពុករលួយនឹងងាយកើនឡើង ហើយនឹងបាត់ឧិកាសចូលរួម ពីសាធារណជន។
សិស្ស៖ អញ្ចឹងច្បាប់របបសារពត៌មានយើង ដូចជាល្អគ្រប់គ្រាន់ហើយមែនឬទេ លោកគ្រូ?