ដើម្បីចូលរួមកាន់មរណទុក្ខ ជាមួយប្រជាជនចិន ដែលបានបាត់បង់ជីវិត ក្នុងការរាតត្បាត នៃជំងឺ«Covid-19» ព្រះរាជាខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានព្រះរាជសព្វព្រះរាជហឫទ័យ បង្ហូតទង់ព្រះមហាក្សត្រ មកពាក់កណ្ដាលដង នៅឯព្រះរាជដំណាក់ ក្នុងរដ្ឋធានីប៉េកាំង ខណៈព្រះមហាក្សត្រី មុនីនាថ សីហនុ ប្រារព្ធពិធី តាមបែបព្រះពុទ្ធសាសនា ក្នុងព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ។
ព័ត៌មាននេះ ត្រូវបានឲ្យដឹង ដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ដែលបានមានប្រសាសន៍ នៅក្នុងជំនួបមួយ ជាមួយព្រះមហាក្សត្រកម្ពុជា កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្នុងព្រះរាជដំណាក់ នារដ្ឋធានីប៉េកាំង ប្រទេសចិន។
ទំព័រហ្វេសប៊ុក «Royal du Cambodge» ដែលជាប្រភព ស្និតនឹងព្រះរាជបល្ល័ង្គកម្ពុជា បានសរសេរបញ្ជាក់ថា ក្នុងជំនួបខាងលើ ក្រៅពីបានបញ្ជាក់ឡើងវិញ ពីមិត្តភាពចិន – កម្ពុជា ដែលជាមិត្តភាព «មិនអាចបំបែកបាន» ប្រមុខការទូតចិន នៅបានថ្លែងអំណរគុណ ចំពោះមេដឹកនាំកម្ពុជា រាប់ទាំង ព្រះរាជាខ្មែរ និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលផ្ដល់«ការគាំទ្រយ៉ាងរឹងមាំ ជូនដល់ប្រទេសចិន»។
លោក វ៉ាង យី ត្រូវបានស្រង់សំដី ដែលថ្លែងពីកាយវិការ របស់មេដឹកនាំកម្ពុជា ចំពោះប្រទេស និងប្រជាជនចិន យកមកចុះផ្សាយ ដូច្នេះថា៖
«ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសម្តែងសមានទុក្ខចំពោះ ឯកឧត្តមប្រធានាធិបតី Xi JinPing និងបានផ្តល់ជំនួយ ជាសាច់ប្រាក់។»
«ក្នុងខណៈពេលដែល ព្រះករុណា ព្រះមហាក្សត្រ ទ្រង់គង់ប្រថាប់ ពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានី ប៉េកាំង ព្រះអង្គបានសព្វព្រះរាជហឫទ័យ បង្ហូតទង់ព្រះមហាក្សត្រ ត្រឹមពាក់កណ្តាលដង នៅមុខព្រះរាជដំណាក់ ដើម្បីកាន់ទុក្ខ ដល់អ្នកស្លាប់ដោយសារជំងឺ COVID-19។ ចំណែកឯ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ បានប្រារព្ធពិធី តាមបែបព្រះពុទ្ធសាសនា នៅព្រះបរមរាជវាំង នៃប្រទេសកម្ពុជា ដើម្បីបួងសួង ដល់ប្រជាជនចិន។»
រដ្ឋមន្ត្រីការបរទេសចិន បានបន្តថា៖
«ដំណើរទស្សនកិច្ចរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ទៅកាន់ប្រទេសចិន ក៏បានសម្តែងការគាំទ្រ យ៉ាងខ្លាំង។ ភាគីចិន នឹងចងចាំជានិច្ច នូវចំណុចនេះ៕»