កម្ពុជា

ខ្មែរនៅអ៊ឺរ៉ុបគ្រោង«ធ្វើបាតុកម្មជាថ្មី» ម្ដងនេះនៅមុខ​ក្រសួងការបរទេសបារាំង

នៅថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ សហគមន៍ខ្មែរនៅក្នុងប្រទេសបារាំង និងអឺរុប នឹងគ្រោងប្រមូលគ្នាដើម្បី ធ្វើបាតុកម្មជាថ្មី នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។

ខុសពីកន្លងមក ដែលបាតុកម្មរបស់បណ្ដាជនខ្មែរ តែងត្រូវបានរៀបចំធ្វើ នៅលើទីលានត្រូកាដេរ៉ូ បាតុកម្មថ្ងៃទី២២ ខែកុម្ភៈនេះ នឹងត្រូវរៀបចំធ្វើ នៅខាងមុខក្រសួងការបរទេសបារាំង ដែលមានអាស័យដ្ឋាន «37 Quai D’Orsay 75007 Paris»។

ក្រុមអ្នករៀបចំបាតុកម្ម បានអះអាងថា ក្រុមបាតុករនឹងធ្វើការជួបជុំគ្នា ចាប់ពីម៉ោង ១១ ដល់ម៉ោង ១៧ ល្ងាច ដើម្បីទាមទារឱ្យម្ចាស់ប្រទេសហត្ថលេខី ទាំង១៨ ជាពិសេសប្រទេសបារាំង [ដែលជាសហប្រធានសន្និសីទ] នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ត្រូវដាក់សម្ពាធបន្ថែមទៀត ទៅលើរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

អ្នករៀបចំបាតុកម្មម្នាក់ ពីចំណោមអ្នករៀបចំបាតុកម្មផ្សេងទៀត កញ្ញា លឹម កណ្ណិកា បានឲ្យដឹងថា៖

«ប្រទេសបារាំងបានប្រកាស ទទួលស្គាល់មេដឹកនាំប្រឆាំង នៃប្រទេសវេណេស៊ុយអេឡា ជាប្រធានាធិបតីស្ដីទីនៃប្រទេសនេះ។ ចុះចំពោះប្រទេសកម្ពុជាវិញ ប្រទេសបារាំងមានជំហរបែបណា?»

ការ«ធ្វើបាតុកម្មជាថ្មី» នៅខាងមុខក្រសួងការបរទេសនេះ ជាឱកាសដើម្បីឲ្យក្រុមបាតុករ ធ្វើការទាមទារឲ្យមានការគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះ ឲ្យបានខ្ជាប់ខ្ជួន និងបន្តស្នើឲ្យសហភាពអឺរុប ទាមទារលក្ខខណ្ឌ ៥ចំណុច ពីរបបក្រុងភ្នំពេញ ដើម្បីបញ្ចៀសទណ្ឌកម្ម នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអ៊ឺរ៉ុប «EBA»។

យ៉ាងណា រដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ហាញជំហរ ក្នុងពេលកន្លងមកថា ខ្លួនមិនបានខ្វល់ខ្វាយ ពីបាតុកម្មរបស់បណ្ដាជនខ្មែរ នៅក្រៅស្រុកទេ ដោយចាត់ទុកបាតុកម្មរបស់ពួកគេទាំងនោះ គ្រាន់តែជាការបញ្ចេញមតិ របស់មនុស្សប៉ុន្មាននាក់ ដែលគ្មានទម្ងន់អ្វី សម្រាប់រដ្ឋាភិបាល ឬប្រទេសកម្ពុជានោះឡើយ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។