កម្ពុជា

កំពង់ស្ពឺ៖ កម្មការិនី​៥នាក់​ដាច់ដៃ​ម្ខាង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់

កម្មការិនី៨នាក់រងរបួសធ្ងន់ធ្ងរ ក្នុងនោះ៥នាក់ បានដាច់ដៃម្ខាងរបស់ពួកគេ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់ ដែលបានកើតឡើង រវាងរថយន្ដពីរគ្រឿង បើកកៀរគ្នា កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ  ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ កម្មការិនី៤នាក់ទៀត បានរងរបួសស្រាល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជាង ៦ព្រឹក លើ​ផ្លូវ​ជាតិ​លេ​ខ​ ៤៤​ ត្រង់ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៣៣-១៣៤​ ស្ថិតក្នុង​ភូមិ​ខ្នុរ​អំពិល​ ឃុំវាលពង់​ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ។

ប្រភពមន្ត្រីអាជ្ញាធរតំបន់ បានឲ្យដឹងថា រថយន្ដប្រភេទ​ «HYUNDAI​ Mighty»​ ពណ៌ខៀវ​ ដែលមានដឹកកម្មករចំនួន​ ៤៩នាក់ ​ក្នុងនោះ ស្រី​ ៤៤នាក់​ បានបើកមកដល់ចំណុចកើតហេតុ ហើយបានប៉ះ ជាមួយរថយន្ដដឹកទំនិញ ប្រភេទ «HINO» ពណ៌សំបកឪឡឹក ដែលបេីកបរ​ក្នុងទិសដៅបញ្រ្ចាសគ្នា។

ក្រោយហេតុការណ៍នោះភ្លាមៗ អ្នកបេីកបររថយន្ដដឹកទំនិញ ​បានរត់គេច​ខ្លួន​បាត់ស្រមោល។

ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលធ្វើក្រុមកម្មការិនី រងរបួសរហូតដាច់ដៃ ដោយហេតុថា ពួកគេបានដាក់ដៃទៅក្រៅទ្រុងរថយន្ដ នៅពេលធ្វើដំណើរនោះ។

អ្នករងរបួសមួយចំនួន ត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ​ មួយចំនួន​ទៀត ត្រូវបានបញ្ជូន មកព្យាបា​ល​នៅមណ្ឌលសុខភាពវាលពង់។ ប៉ុន្តែដំណឹងចុងក្រោយ បានអះអាងថា អ្នករងរបួសខ្លាំងជាងគេ ត្រូវបានបញ្ជូនជាបន្ត មកព្យាបាលរហូតដល់មន្ទីរពេទ្យ ឯរាជធានីភ្នំពេញ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។