ព្រះអង្គម្ចាស់ នរោត្ដម សិរិវុឌ្ឍ អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីការបរទេស ហើយសព្វថ្ងៃជា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានរដ្ឋាភិបាលជប៉ុន សម្រេចថ្វាយគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០១៩ ហៅជាភាសាអង់គ្លេស «Grand Cordon of the Order of the Rising Sun»។
សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ចេញផ្សាយក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីជប៉ុនបានសម្រេច ក្នុងថ្ងៃដដែលនេះ ផ្ដល់គ្រឿងឥស្សរិយយស ដល់ជនបរទេសចំនួន១៤២រូប ក្នុងនោះមានព្រះអង្គម្ចាស់ នរោត្ដម សិរិវុឌ្ឍ មួយអង្គផង។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសរសេរថា គ្រឿងឥស្សរិយយសនេះ ត្រូវបានថ្វាយទ្រង់ «ដើម្បីទទួលស្គាល់ការរួមចំណែក» របស់ព្រះអង្គម្ចាស់ ក្នុងការពង្រឹកទំនាក់ទំនង និងមិត្តភាព រវាងជប៉ុននិងកម្ពុជា។
ស្ថានទូតបានបន្តថា៖
«ចាប់តាំងពីឆ្នាំ ១៩៩៣ នាពេលដែលសម្តេច នរោត្តម សិរិវុឌ្ឍ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ព្រះអង្គបានរួមចំណែក ក្នុងការជម្រុញទំនាក់ទំនងទ្វេភាគី មិនត្រឹមតែក្នុងឋានៈជា ឧបនាយករដ្ឋមន្ត្រី ប៉ុណ្ណោះទេ តែក្នុងឋានៈជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏ដូចជាស្ថាបនិក នៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាពផងដែរ។ ប្រទេសយើងទាំងពីរ បានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រ នាពេលបច្ចុប្បន្នអាស្រ័យដោយការលះបង់ឥតឈប់ឈរ របស់សម្តេច ចំពោះទំនាក់ទំនងរបស់យើង៕»