កម្ពុជា

ហ៊ុន សែន ព្រមាន​«ដកព្រះរាជអាជ្ញាណា» ដែល​មិនធ្វើតាម​លោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងរសៀលថ្ងៃអង្គារ ទី១២ ខែមិនា ឆ្នាំ២០១៩នេះ ថានឹង«ដកព្រះរាជអាជ្ញាណា» ដែលមិនធ្វើតាមនយោបាយព្រហ្មទណ្ឌ នៃរបបដឹកនាំរបស់លោក។

ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ​២០១៩ របស់ក្រសួងសុខាភិបាល ពីសណ្ឋាគារសូហ្វីតែល​ភ្នំពេញ បុរសខ្លាំងកម្ពុជា បានបញ្ជាក់ថា លោកមិនចង់ឲ្យការលើកឡើងរបស់លោក ជះឥទ្ធិពលទៅលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តែលោកថា លោកមិនសុខចិត្ត។

លោកថា៖

«ត្រូវធ្វើឲ្យហ្មត់ចត់! បើមិនធ្វើឲ្យហ្មត់ចត់ទេ តុលាការឯងក៏មិនរួចខ្លួនដែរ! ខ្ញុំសូមជម្រាប ខ្ញុំមិនព្រមានតុលាការទេ ក៏ប៉ុន្តែខ្ញុំមិនសុខចិត្ត។»

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា បានពន្យល់ថា៖

«ការគ្រប់គ្រង់នយោបាយព្រហ្មទណ្ឌ គឺមានផ្នែកអយ្យការ គឺព្រះរាជអាជ្ញាស្ថិតនៅក្រោមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រោះយើងយកប្រព័ន្ធយុត្តិធម៌ តាមប្រទេសបារាំង។ ដែលចៅក្រមត្រូវតែងតាំងដោយឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម (…) តែព្រះរាជអាជ្ញា ត្រូវតែងតាំងដោយឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រមដែរ ក៏ប៉ុន្តែត្រូវធ្វើឡើង តាមសំណើររបស់រដ្ឋមន្ត្រីយុត្តិធម៌វិញ។ នេះ ជាការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌ។»

លោក ហ៊ុន សែន បន្តបញ្ជាក់ទៀតថា៖

«ហើយបើសិនជាព្រះរាជអាជ្ញា មិនព្រមធ្វើការចោទប្រកាន់ អញ្ចឹងតែព្រះរាជអាជ្ញាតំណាង​ឲ្យរដ្ឋធ្វើម៉េច? អ្វីទៅ ដែលហៅថាព្រះរាជអាជ្ញា? គឺតំណាងឲ្យរដ្ឋ បើសិនជាព្រះរាជអាជ្ញាមិនព្រមធ្វើការចោទប្រកាន់ អញ្ចឹងតើអ្នកឯងមានហេតុផលអីទៀត ដើម្បីនឹងធ្វើជាព្រះរាជអាជ្ញា?»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។