កម្ពុជា

ហ៊ុន សែន បង្ហើបថា​នៅមាន​មណ្ឌល​​កម្សាន្ដ​មួយទៀត​ បន្ទាប់ពី​«រ៉ុក»

«យើងចាប់ផ្ដើមសកម្មភាព ពី”រ៉ុក”នេះមួយ» នេះ ជាការអះអាងឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការបង្ក្រាបករណីគ្រឿងញៀន នៅមណ្ឌលកម្សាន្ដ«រ៉ុក» ក្នុងជំហាន​ឈានទៅបង្ក្រាបមណ្ឌលកម្សាន្ដមួយទៀត ដែលលោកមិនបានបញ្ចេញឈ្មោះឲ្យដឹង។

លោក ហ៊ុន សែន បានថ្លែងឲ្យដឹងដូច្នេះ នៅមុននេះបន្តិច ក្នុងពិធីបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល ពីសណ្ឋាគារសូហ្វីតែល​ភ្នំពេញ ដែលបានប្រព្រឹត្តិទៅ នាវេលារសៀលថ្ងៃអង្គារ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

បុរសខ្លាំងកម្ពុជា បានថ្លែងថា៖

«ករណីរ៉ុកត្រូវជីក (…) ដើម្បីរកមេក្លោង ក៏ត្រូវជីករកឲ្យឃើញ ព្រោះការបំផ្លិចបំផ្លាញ ដែលចេញពីកន្លែងនេះ វាធំធេងពេក វាធំធេងហួស។ ហើយតាមខ្ញុំដឹង នៅសល់មួយកន្លែងទៀត។ តែឥឡូវ វាសំងំ។ ពេលនោះបើបើកប្រតិបត្តិការ ម្ដងពីរកន្លែង គឺអាចចប់។»

ជាមួយនឹងការអះអាង ពីការអនុវត្តន៍នូវអភិក្រមទី៥របស់លោក ដើម្បី«វះកាត់»ចំពោះមន្ត្រីអសកម្មទាំងឡាយនោះ លោក ហ៊ុន សែន បានពន្យល់ថា៖

«តើក្រុមគ្រឿងញៀននេះ វាជ្រកកោននៅទីណា? វាជ្រកកោននៅទីកន្លែងណា ដែលវាគប្បីត្រូវជ្រក ដែលកើតចេញ ពីការគ្រប់គ្រងធូររលុងរបស់យើងតែម្ដង។ កន្លែងមួយចំនួន ដូចជាសណ្ឋាគារខ្លះ ក៏បានក្លាយជាកន្លែង ប្រើប្រាស់គ្រឿងញៀនដែរ។»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។