កម្ពុជា

ហ៊ុន សែន ព្រមាន​ម្ចាស់​រោងចក្រ អំពី​ទង្វើ​ត្រូវ​និង​ខុស​ច្បាប់

នៅចំពោះកម្មករ-កម្មការិនី ក្នុងស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ក្នុងព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងព្រមានម្ចាស់រោងចក្រ ចំពោះការអនុញ្ញាត ឲ្យកម្មករ-នយោជិក ឈប់សម្រាក ក្នុងម៉ោងធ្វើការ និងការផ្ដល់ប្រាក់បៀវត្សន៍ ចាប់ពីឆ្នាំ២០១៩ខាងមុខតទៅ។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា បើឲ្យឈប់សម្រាក ១៥នាទី «ត្រូវច្បាប់» តែបើឲ្យឈប់សម្រាក ក្រោម ១៥នាទី «ខុសច្បាប់»។ ផ្ទុយទៅវិញ បើឲ្យឈប់សម្រាក លើសពី១៥នាទី «ត្រូវច្បាប់»។

ការថ្លែងព្រមានដោយប្រយោល ពីសំណាក់លោក ហ៊ុន សែន ធ្វើឡើង បន្ទាប់ពីលោកបានសាកសួរ ទៅក្រុមកម្មករ អំពើពេលវេលាឈប់សម្រាក ក្នុងម៉ោងធ្វើការ ដែលនិយាយថា មានរោងចក្រខ្លះ ឲ្យ៥នាទី ខ្លះឲ្យ១០នាទី ១៥នាទី និងខ្លះទៀតឲ្យរហូតដល់ទៅ ៣០នាទី។

ចំពោះប្រាក់បៀវត្សន៍វិញ ត្រូវបានបុរសខ្លាំងកម្ពុជា បញ្ជាក់ប្រហាក់ប្រហែលគ្នាថា បើបើកឲ្យកម្មករនយោជិក ចាប់ពី១៨២ដុល្លារឡើងទៅ ទើប«ត្រូវច្បាប់»។ តែបើបើកប្រាក់បៀវត្សន៍ ឲ្យកម្មករនយោជិក មានចំនួន​តិចជាង ១៨២ដុល្លារ នោះគឺជាទង្វើ«ខុសច្បាប់»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។