កម្ពុជា

ហ៊ុន សែន ភ្ជាប់ថ្ងៃកម្ពុជា​«ផលិតប្រេងដំបូង»​ទៅនឹងនយោបាយឈ្នះៗ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស អំពីការចាប់ផ្ដើម«ផលិតប្រេងដំបូង» របស់កម្ពុជា នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលលោកថា ជាថ្ងៃ«គាប់ជួន»ជាមួយថ្ងៃខួបទី២២ នៃនយោបាយឈ្នះៗរបស់លោក (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២០)។ នេះ បើតាមសំណេរ​ របស់បុរសខ្លាំងនៅកម្ពុជា បង្ហោះនៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។

ការចាប់ផ្តើម«ផលិតប្រេងដំបូង» ធ្វើឡើងចេញពីអណ្ដូងប្រេងទី១ ដែលមានឈ្មោះ «A-0ID» នៃតំបន់ប្លុក A ក្នុងឈូងសមុទ្រកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន«Kris Energy» បានសម្រេចធ្វើកិច្ចព្រមព្រៀង និងគម្រោងផែនការអភិវឌ្ឍ និងអាជីវកម្មអណ្តូងប្រេង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧កន្លងមក។

គ្មានប្រភពឯករាជ្យណាផ្សេង អាចផ្ទៀងផ្ទាត់ព័ត៌មាន អំពីការផលិតប្រេង របស់កម្ពុជា បន្ថែមពីលើព័ត៌មាន ដែលផ្ដល់ដោយ​រដ្ឋាភិបាលលោក ហ៊ុន សែន ខាងលើនេះទេ។

ក្រៅពីភ្ជាប់នយោបាយឈ្នះៗ របស់លោក ទៅនឹងថ្ងៃដំបូង នៃផលិតកម្មប្រេង លោក ហ៊ុន សែន នៅបានអួតអាងទៀតថា ព្រឹត្តិការណ៍ថ្ងៃនេះ ជា«ពរជ័យ»សម្រាប់កម្ពុជា។ លោកបានសរសេរថា៖

«ការរកឃើញ និងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជា ក្រោមការដឹកនាំ​​របស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេស​ជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើង របស់ជនអគតិមួយចំនួននោះទេ។»

«កូវីដ-១៩ បានរំខានដល់យើង តែក៏មិនអាច​បំផ្លាញ​ចោល នូវការខិតខំរបស់យើង ដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី​២០២១ខាងមុខ ទោះយើង​មិនបានសប្បាយរីករាយ ដូចឆ្នាំមុនៗ ដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំ សម្រាប់ជាតិយើង នោះគឺប្រេងដែល​ផលិតចេញ​លើកដំបូង ក្នុងទឹកដីយើង៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។

Tags: Hun Sen