ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានហៅក្រុមអ្នកនយោបាយប្រឆាំង នៅព្រឹកថ្ងៃសុក្រនេះ «ឲ្យមកស្បថ»ជាមួយលោក ជុំវិញការលើកឡើងថា លោកដឹកនាំយូរទៅ ធ្វើឲ្យប្រទេសកម្ពុជាកាន់តែក្រទៅៗ។
បុរសខ្លាំងកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ក្រោមជំនួយឧបត្ថម្ភ របស់ប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ។
នាយករដ្ឋមន្ត្រី ដែលអង្គុយក្នុងតំណែង តាំងពីឆ្នាំ១៩៨៥ បានថ្លែងអួតអាង ពីភាពរីកចម្រើនទាំងឡាយ ដែលកើតមាន នៅក្រោមការដឹកនាំរបស់លោក ដោយធ្វើការប្រៀបធៀប នៅនឹងឆ្នាំ១៩៧៩ ពេលកម្ពុជាទើបចាកចេញ ពីរបបប្រល័យពូជសាសន៍ ដែលជាចំណុចសូន្យ។
លោក ហ៊ុន សែន បានហៅក្រុមអ្នករិះគន់ ថាជា«ក្រុមអាសិរ្ពិស ដែលចេះតែនិយាយទាំងមិនបើកភ្នែកមើលការពិត» ហើយលោកបានបបួលអ្នកទាំងនេះ «ឲ្យមកស្បថ ដាក់ជីវិតឲ្យងាប់»ទាំងខ្លួនឯង ទាំងម៉ែឪ បូកថែមទាំងជីដូនជីតា។
លោកថា ពួកប្រឆាំងដែលរិះគន់ការដឹកនាំរបស់លោកថា កាន់តែធ្វើឲ្យកម្ពុជាក្រទៅៗនោះ មានយ៉ាងហោចក៏«ទូរស័ព្ទឆ្លាតវៃ»មួយក្នុងដៃ ដើម្បីចូលទៅបញ្ចេញមតិយោបល់ នៅលើទំព័រហ្វេសប៊ុករបស់លោកដែរ។
យ៉ាងណា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របបដឹកនាំរបស់លោក បានរងការរិះគន់ធ្ងន់ធ្ងរ មិនត្រឹមតែពីក្រុមអ្នកនយោបាយប្រឆាំងប៉ុណ្ណោះទេ តែក៏បានរងការរិះគន់ខ្លាំងៗដែរ ពីសំណាក់អង្គការអន្តរជាតិធំៗ ជាពិសេសជុំវិញការចេញរបាយការណ៍ជាបន្តបន្ទាប់ ស្ដីពីអំពើពុករលួយធ្ងន់ធ្ងរ ការបំផ្លាញធន់ធានធម្មជាតិដ៏ខ្ទេចខ្ទាំ ក៏ដូចជាការរំលោភសិទ្ធិមនុស្ស និងការងាកចេញ ពីការដឹកនាំតាមបែបប្រជាធិបតេយ្យ៕