«ឥឡូវខ្ញុំសុំប្រកាស ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិកសមាជិកា គណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សុំទទួលទាន”នំបញ្ចុក”ទាំងអស់គ្នា» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនំបញ្ចុកសាមគ្គី ដែលរៀបចំឡើងជាលក្ខណៈអន្តរជាតិ ដោយក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ពីក្រៅប្រទេស។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៅមជ្ឈមណ្ឌលកោះពេជ្រ (រាជធានីភ្នំពេញ) ក្នុងព្រឹកថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ។ លោក ហ៊ុន សែន ថ្លែងឡើងថា៖
«ហើយឮគេថា យកថ្ងៃ៩(ខែមិថុនា)នេះ ធ្វើជាទិវានំបញ្ចុក។ សូមថ្ងៃ៩នេះ សមាជិកសមាជិកាគណបក្សប្រជាជន ថ្នាក់ដឹកនាំតាមខេត្ត គណៈពង្រឹង នាំគ្នាចុះមូលដ្ឋាន រៀបចំនំបញ្ចុក ឲ្យសមាជិកគណបក្សប្រជាជន ស៊ីក្នុងថ្ងៃ៩នេះ។»
ការលើកឡើងរបសលោក ហ៊ុន សែន ទំនងជាសំដៅទៅ ដល់សាខាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំក្នុងប្រទេសបារាំង ដែលបានប្រកាសរៀបចំ ជា«ទិវានំបញ្ចុក»មួយឡើយ នៅថ្ងៃទី៩ ខែមិថុនាខាងមុខ។ ម្ចាស់កម្មវិធី បានអះអាងថា កម្មវិធីបុណ្យ«នំបញ្ចុកសាមគ្គី»នេះ មានបំណងដើម្បីលើកតម្លៃ ចំណីអាហារប្រពៃណីជាតិ និងរឹតចំណងមេត្រីភាព រវាងខ្មែរ និងខ្មែរ។
បុរសខ្លាំងកម្ពុជា បានបន្តថា៖
«នេះ មិនមែនយកបន្លាជុសបន្លាទេ។ យកពូថៅវ៉ៃបំបាក់បន្លាហ្នឹង គ្រវាត់ចោលបណ្ដោយ។ កុំឲ្យវាចង្រៃពេក។ ថ្ងៃក្រោយ ហ្អែងប្រកាសស៊ីនំគ្រក់ អញក៏ស៊ីនំគ្រក់ ហ្អែងប្រកាសស៊ីបាញ់ឆែវ អញក៏ប្រកាសស៊ីបាញ់ឆែវ លើកលែងតែហ្អែងប្រកាសស៊ីដំថ្ម ឲ្យហ្អែងច្រាសតែឯងទៅ។»
លោក ហ៊ុន សែន ថា៖
«បើគេយកថ្ងៃ៩ ជាទិវានំបញ្ចុក យើងក៏ប្រកាសយកអាថ្ងៃ៩ហ្នឹង ស៊ីនំបញ្ចុក។ ស៊ីឲ្យវាព្រាត។ ហើយវាខ្វះ… ខាងអាពួកផ្កាប់មុខ វាខ្វះនំបញ្ចុកស៊ី ហៅវាមកចូលស៊ីមក។ ហើយបើវាហៅយើងទៅចូលស៊ី ក៏ទៅចូលស៊ីជាមួយវាទៅ។ នំបញ្ចុកសាមគ្គិជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិទេ៕»