កម្ពុជា

ហ៊ុន សែន៖ «គ្មានការដកតំណែង សាយ ឈុំ និង ស ខេង ទេ»

នាយករដ្ឋមន្រ្តី នៃរបបក្រុងភ្នំពេញ បានថ្លែងច្រានចោល ដំណឹងលេចឮទាំងឡាយ ដែលថានឹងមានការដកតំណែង អនុប្រធានគណបក្សប្រជាជនកម្ពុជាទាំងពីររូប គឺលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ។ បុរសខ្លាំងកម្ពុជា ថែមទាំងបានហៅ អ្នកដែលបញ្ចេញដំណឹងនេះ ថាជា«ជនពាល»នោះផងទៀត។

តាំងពីម្សិលម៉ិញ ដំណឹងដកតំណែងលោក សាយ ឈុំ និងលោក ស ខេង ត្រូវបានលោក ឆាំ ឆានី អ្នកប្រើប្រាស់ហ្វេសប៊ុកដ៏ល្បីមួយរូប បង្ហោះនៅលើបណ្ដាញសង្គម មុននឹងដំណឹងនេះ ត្រូវបានចែករំលែក យ៉ាងច្រើនសន្ធឹកសន្ធាប់ តែប៉ុន្មានម៉ោងក្រោយមក។

លោក ឆានី ដែលអះអាងយកដំណឹងនេះ ពីប្រភពមន្ត្រីរបបក្រុងភ្នំពេញ បានសរសេរថា៖ 

«គណបក្សប្រជាជនកម្ពុជា នឹងធ្វើសមាជរបស់ខ្លួន នៅមន្ទីបក្សក្រុង ផ្លូវ២០០៤ ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃ២១ ធ្នូ ២០១៨ ដែលនៅក្នុងសមាជនោះ ហ៊ុន សែន នឹងដកដំណែងអនុប្រធានបក្ស ពី ស ខេង ឲ្យទៅ ហ៊ុន ម៉ាណែត និងដំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យទៅ ហ៊ុន ម៉ានី។»

«ចំណែក ស ខេង ឲ្យទៅធ្វើប្រធានរដ្ឋសភា ដក ហេង សំរិន ឲ្យធ្វើជាប្រធានព្រឹទ្ធសភា ដែលជាតំណែង សាយ ឈុំ ហើយ សាយ ឈុំ នៅពេលនេះ ពុំទាន់មានពត៌មានថា ត្រូវទៅកាន់ដំណែងអីនោះទេ ។»

ប៉ុន្តែនៅចំពោះក្រុមកម្មករ-កម្មការិនីច្រើនពាន់នាក់ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន បានថ្លែងបដិសេធដំណឹងនោះ និងអះអាងទៀតថា នឹងគ្មានករណីខាងលើ មិនអាចកើតឡើង ជាដាច់ខាត ព្រោះផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំខ្លាំងណាស់៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។