កម្ពុជា

ហ៊ុន សែន ក្រុងខ្លួន​ក្នុងផ្ទះ ខណៈ​កម្ពុជា​គ្មាន​ការឆ្លង​«Covid-19»ធំដុំ

ខណៈប្រទេសកម្ពុជា អួតអាងថាខ្លួនគ្មានការឆ្លងជំងឺ «Covid-19» នៅក្នុងសហគមន៍ទេ និងបាន​ព្យាបាល​អ្នកជំងឺ​ជាសះ សឹងតែទាំងអស់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណោះ បែរជា​អះអាងថា លោកកំពុង​ស្ថិត​​ក្នុងស្ថានភាព ក្រុងខ្លួន​ក្នុងផ្ទះ ដើម្បី​បញ្ចៀស​​ការឆ្លងជំងឺ បើសូម្បីធ្វើកីឡាវាយកូនគោល ក៏លោកត្រូវធ្វើ នៅក្នុងបរិវេណ​នៃភូមិគ្រឹះ និងមិនចេញក្រៅនោះដែរ។

បុរសខ្លាំងនៅកម្ពុជា បានអះអាងដូច្នេះ នៅលើបណ្ដាញសង្កម កាលពីប៉ុន្មាននាទីមុន ដោយសរសេរឡើងថា «ដំណាក់កាលកូវីត-១៩ លែងដឹងថា ថ្ងៃណាជាថ្ងៃធ្វើការ ឬថ្ងៃណា​ជាថ្ងៃឈប់សម្រាក ទៀតហើយ»។

លោកថា៖

«មុនកូវីត-១៩ កម្មវិធីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស [មាន]រាប់មិនអស់។ ពេលកូវីត-១៩មកដល់ ការងារភាគច្រើនធ្វើនៅផ្ទះ ដោយពិនិត្យសម្រេច និងចុះ​ហត្ថលេខា លើឯកសារក្នុងរង្វង់ ពី២០ទៅ៣០ច្បាប់ ក្នុងមួយថ្ងៃ។»

«ក្រៅពីឯកសារ គឺ​មើល​របាយការណ៏ ពីរាជធានីខេត្ត ទាំង២៥ ការសុំយោបល់ ឬពិគ្រោះ​យោបល់ ជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីតាមប្រពន្ធ័ WhatsApp – Telegam –  Line និងប្រពន្ធ័ផ្សេងទៀត ដែលនេះជាផ្នែកមួយ នៃការប្រយុទ្ធ​ជាមួយ​កូវីត​ផងដែរ។»

បន្ទាប់មក លោក ហ៊ុន សែន បានរៀបរាប់ពីការបង្ខាំងខ្លួនលោក នៅក្នុងគេហដ្ឋាន បើសូម្បីតែ​ចេញ​ធ្វើកីឡា ក៏លោកមិនចេញទៅធ្វើ នៅខាងក្រៅផ្ទះដែរ ដោយ​បារម្មណ៍​ខ្លាច«ឆ្លងកូវីដ»។ លោក​បញ្ជាក់ថា៖

«ចាប់ពីពេលនេះទៅ ខ្ញុំលែងចេញទៅវាយ នៅតារាងខាងក្រៅទៀតហើយ លើកលែងតែត្រូវទៅបើកការប្រកួត ពានរង្វាន់ធំៗ ដែលប្រកួតក្នុងប្រទេសយើង។ ភរិយាខ្ញុំ កូនៗខ្ញុំ និងអង្គរក្សរីករាយ ជាមួយព័ត៌មាននេះ ព្រោះពួកគេបារម្មណ៏ពីសន្តិសុខ ពិសេសការឆ្លងកូវីត-១៩ មកលើរូបខ្ញុំតែម្តង។»

គិតត្រឹមព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានបញ្ចេញតួលេខផ្លូវការ ថាខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៣៩នាក់ ក្នុងនោះចំនួនអ្នកជំងឺជាសះស្បើយ សរុបចំនួន១៦៤នាក់៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។