ការប្រកាសប្រើលុយ របស់ក្រុមហ៊ុនឯកជន ឬក្រុមឧកញ៉ា ដើម្បីទិញរថយន្ដយោធាពីចិន យកមកបំពាក់ឲ្យកងកម្លាំងជាតិ បានតម្រូវឲ្យលោក ហ៊ុន សែន បញ្ចេញប្រតិកម្ម ដើម្បីការពារនយោបាយរបស់លោកមួយនេះ រហូតលោកបានធ្លោយមាត់ ឲ្យដឹងថា នៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈ គឺពិតជាមានសម្ព័ន្ធភាព រវាងកងទ័ពនិងក្រុមហ៊ុនឯកជន ។
ការធ្លោយមាត់របស់លោក ហ៊ុន សែន ធ្វើឡើងក្នុងការចុះ ពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទទី២២ ខែមិថុនានេះ។
បុរសខ្លាំងនៅកម្ពុជា បានរៀបរាប់ឡើងថា៖
«នៅទីនេះ សូមបញ្ជាក់ឡើងវិញថា យើងអត់បានប្រើប្រាស់ថវិការដ្ឋ សូម្បីតែមួយសេន។ ប៉ុន្តែនយោបាយរបស់ខ្ញុំ គឺខឿនការពារជាតិ របស់ប្រជាជន។ អញ្ចឹង មិនមែនជារឿងថ្មីទេ ដែល ហ៊ុន សែន បានធ្វើរឿងនេះ ជោគជ័យខ្លាំងណាស់។»
បន្ទាប់មក បុរសអង្គុយក្នុងអំណាច តាំងពីជាង៣៥ឆ្នាំ បានបង្ហើបយកករណី នៃការចងសម្ព័ន្ធភាព រវាងកងទ័ព និងក្រុមហ៊ុនឯកជន មកបញ្ជាក់ថា៖
«អញ្ចឹង បានជាមានអង្គភាព ធ្វើសម្ព័ន្ធភាពជាមួយគ្នា។ ក្រុមហ៊ុននេះ ធ្វើសម្ព័ន្ធភាព ជាមួយកងពលនោះ ឬក្រុមហ៊ុននេះ ធ្វើសម្ព័ន្ធភាព ជាមួយអង្គភាពនោះ។ អញ្ចឹងទេ វាទៅជាការផ្សារភ្ជាប់ រវាងកងទ័ពនិងប្រជាជន បេះមិនដាច់។ រហូតដល់ក្រុមហ៊ុនខ្លះ ក៏ធ្វើសម្ព័ន្ធភាព ជាមួយនឹងកងនគរបាល ការពារព្រំដែន។»
កាលពីពីរសប្ដាហ៍មុន រថយន្ដយោធាចិន ប្រមាណជា២៩០គ្រឿង ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ទិញពីប្រទេសចិន ដោយប្រើប្រាក់ដែលមន្ត្រីរដ្ឋាភិបាលអះអាងថា រៃអង្គាសបាន ពីសប្បុរសជន ដែលសុទ្ធសឹងជាឧកញ៉ាៗ អ្នកមានប្រាក់។
លោក ហ៊ុន សែន នៅបានប្រើវេទិកា ក្នុងព្រឹកថ្ងៃចន្ទនេះ ដើម្បីវាយបក ទៅកាន់ក្រុមអ្នករិះគន់ និងមន្ត្រីគណបក្សប្រឆាំង ដែលបានបរិហារការចំណាយខាងលើ ថាធ្វើឡើងមិនត្រូវទិសដៅ និងមិនចំពេល។ លោកនាយករដ្ឋមន្ត្រី បានហៅក្រុមអ្នករិះគន់ទាំងនេះ ថាជាក្រុម«តិរច្ឆាន» ដែលពូកែទើសសព្វគ្រប់។
លោកថា៖
«អញ្ចឹងឥឡូវនេះ បើគេមិនមែនជា”តិរច្ឆាន”ទេ ពួកគេក៏គួរសប្បាយចិត្តថា រថយន្ដដែលបំពាក់ ឲ្យកងកម្លាំងប្រដាប់អាវុធនេះ វាជាមធ្យោបាយជាតិ មិនគ្រាន់តែការពារជាតិទេ តែមធ្យោបាយ ក្នុងការដឹកជញ្ជូន ដឹកកងទ័ពទៅសង្គ្រោះ នៅកន្លែងណាមួយ (…)៕»