កម្ពុជា

ហ៊ុន សែន ថា«ពាក់ម៉ាស់»ពេលជួបចៅ ដើម្បីការពារ​សុខភាពពួកគេ

មេដឹកនាំដ៏ចាស់វស្សា​នៅកម្ពុជា លោក ហ៊ុន សែន បានលើកឡើង នៅថ្ងៃនេះ ថាលោក បាន«ពាក់ម៉ាស់»​ នៅពេលលោកមកលេង ចៅទី២២ម្នាក់ ដែលទើបកើត​កាលពីសប្ដាហ៍មុន ដើម្បីការពារ​សុខភាព ចៅៗទាំងឡាយរបស់លោក។

លោកនាយករដ្ឋមន្ត្រី បានសរសេរដូច្នេះ នៅលើបណ្ដាញសង្គម ដោយអះអាងថា ជំងឺកូវីដ-១៩ បាន«បំផ្លាញនូវទំនៀមទម្លាប់» ដែល​បន្សល់ទុក ពីដូនតាអស់។ លោក ហ៊ុន សែន បានរៀបរាប់ថា៖

«កូវីដ១៩វាបានបំផ្លាញ នូវទំនៀមទម្លាប់ ដែលបន្សល់ទុក ពីដូនតាអស់ហើយ ដែលសូម្បីតែជួបចៅ ក៍ត្រូវពាក់ម៉ាស់ផងដែរ ដើម្បីការពារ​សុខភាពចៅ។ យើងត្រូវរៀនរស់នៅ ជាមួយនឹងរបៀបរបបថ្មី ដើម្បីសេចក្តីសុខទាំងអស់គ្នា។»

នាយករដ្ឋមន្ត្រី វ័យ៦៨ឆ្នាំ ដែលធ្លាប់ថ្លែងអួតអាងថា «ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា» មិនបានបញ្ជាក់ទេថា បើរូបលោកមិនឈឺជំងឺ ឬមាន​ផ្ទុក​មេរោគ «Covid-19» ទេនោះ តើលោកមានភាពចាំបាច់ ក្នុងការពាក់ម៉ាស់នេះ​ឬទេ។ ប៉ុន្តែនៅក្នុងរូបថត​ច្រើនសន្លឹក ដែល​លោកបង្ហោះ​មកជាមួយ បង្ហាញថា លោក ហ៊ុន សែន និងភរិយាលោក មិនបាន«ពាក់ម៉ាស់»​ក្នុងការជួបជាមួយចៅៗ របស់លោកទេ។

ឯកសារស្រាវជ្រាវ របស់អង្គការសុខភាព​ពិភពលោក (WHO /OMS) បានអះអាងថា មនុស្សដែលមានវ័យក្មេង ជាពិសេសកុមារ មានហនិភ័យតិចបំផុត ក្នុងការឆ្លងយក​មេរោគរាតត្បាតថ្មី។ ផ្ទុយទៅវិញ កុមារតូចៗទាំងនោះ អាចក្លាយជាភ្នាក់ងារចម្លងយ៉ាងងាយ ដើម្បីចម្លងមេរោគដ៏ចង្រៃ ពីគ្រួសារមួយ ទៅគ្រួសារមួយទៀត។

គិតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេស សរុបចំនួន៣៩១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ចំនួន៣៧១នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន២០នាក់៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។