កម្ពុជា

ហ៊ុន សែន ថា«វណ្ណៈកណ្ដាល»​កើនឡើង តាមរយៈ​ផ្ទះស្បូវ​ថ្លៃជាង​ផ្ទះក្បឿង

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានអះអាងថា ក្រោមការដឹកនាំរបស់លោក រហូតមកដល់ថ្ងៃនេះ «វណ្ណៈកណ្ដាល»នៃអ្នកមានទ្រព្យធន នៅក្នុងប្រទេស បានកើនឡើងយ៉ាងច្រើន។

មិនមានអំណះអំណាង ជាតួលេខ ឬរបាយការណ៍ណាមួយជាក់លាក់ ដើម្បីជួយបញ្ជាក់ នូវការលើកឡើង ខាងលើបានទេ។ តែលោក ហ៊ុន សែន បានយកហេតុផល នៃការមើលឃើញ​«នឹងភ្នែក»​មួយចំនួន​មកពន្យល់ ជាពិសេសការឆ្លុះបញ្ចាំង ​ដែលសំខាន់​ជាងគេ គឺតាមរយៈតម្លៃផ្ទះប្រក់ស្បូវ ដែលលោកអះអាងថា មានកម្រិត​ថ្លៃជាង ផ្ទះប្រក់ក្បឿង។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ជាច្រើនពាន់នាក់ នៅរាជធានីភ្នំពេញ ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍នេះ លោក ហ៊ុន សែន បានលើកឡើងថា៖

«ឥឡូវយើងសង្កេតឃើញ វណ្ណៈកណ្ដាលរបស់យើង រីកដុះដាលសម្បើមណាស់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វណ្ណៈកណ្ដាល យើងអាចសង្កេតឃើញបាន តាមរយៈកំណើននៃរថយន្ដ តាមរយៈកំណើននៃផ្ទះសម្បែង របស់ប្រជាពលរដ្ឋ។»

លោកនាយករដ្ឋមន្ត្រី បានបន្តថា៖

«ដែលឥឡូវនេះ គឺថា ផ្ទះស្បូវផ្ទះប្រក់ស្លឹកអីហ្នឹង អាណ្នឹងវាថ្លៃជាង ក្បឿង។ ស្បូវវាពិបាករក​ជាងក្បឿង វាពិបាករក​ជាងហ្វីប្រូស៊ីម៉ង់ ហើយនិង​សង្កសី។ វាពិបាក​រកជាង។ អញ្ចឹងទេ… (…) វណ្ណៈកណ្ដាល​របស់យើង វារីកចម្រើន​ខ្លាំងណាស់៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។

Tags: Hun Sen