នៅចំពោះវិបត្តិជងឺ «កូរូណា» ឬ «Covid-19» ដែលកំពុងបន្តរាតត្បាត លើផ្ទៃប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដាក់កំហិតឡើងថា ពលរដ្ឋកម្ពុជា«គ្មានជម្រើស»អ្វីផ្សេង ក្រៅពីស៊ូទ្រាំ ទទួលយកការព្យាបាល ពីគ្រូពេទ្យកម្ពុជា ឬសេវាកម្ម នៃប្រព័ន្ធសុខាភិបាលសព្វថ្ងៃ របស់កម្ពុជានោះឡើយ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងសន្និសីទសារព័ត៌មានមួយ នាវិមានរដ្ឋសភាជាតិ ក្នុងព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ មេដឹកនាំកម្ពុជា បានថ្លែងឡើងថា៖
«ឥឡូវ ទោះបីអស់លោក លោកស្រី ពេញចិត្តឬមិនពេញចិត្ត នូវគ្រូពេទ្យខ្មែរ តែអស់លោកអត់មានជម្រើសទេ ក្រៅតែពីប្រើប្រាស់សេវាកម្ម នៃសុខាភិបាលកម្ពុជា តែប៉ុណ្ណោះ។ អ្នកដែលជួយអស់លោកបាន នៅពេលនេះ មានតែគ្រូពេទ្យកម្ពុជា តែប៉ុណ្ណោះ ដែលអស់លោកត្រូវជឿជាក់។»
គោលការណ៍ របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងវិបត្តិនៃការរាតត្បាត មេរោគ «កូរូណា» ឬ «Covid-19» បានតម្រូវឲ្យរាល់អ្នកជំងឺ ដែលឆ្លងមេរោគខាងលើ នៅលើពិភពលោក ត្រូវនៅសម្រាកព្យាបាល នៅនឹងកន្លែង។
គោលការណ៍នេះ ក៏ត្រូវបានលោក ហ៊ុន សែន ដកស្រង់មកអះអាងដែរ កាលពីពេលកន្លងមក ដើម្បីប្រតិកម្ម ទៅនឹងការចុះផ្សាយ របស់សារព័ត៌មានបរទេស មួយចំនួន ដែលថាមេដឹកនាំរូបនេះ បានឆ្លងជំងឺ ហើយត្រូវបានបញ្ជូន ទៅព្យាបាលជាបន្ទាន់ នៅឯមន្ទីរពេទ្យ របស់ប្រទេសសិង្ហបូរី៕