កម្ពុជា

អ្នកវិភាគ៖ បើចាប់ខ្លួន អំ សំអាត តើគួរចាប់ខ្លួន ហ៊ុន សែន មុនឬទេ ?

បើមាន«ច្បាប់ចាប់លោក អំ សំអាត តើគួរចាប់ខ្លួនលោក ហ៊ុន សែន មុនឬទេ ?» នេះ ជាសំនួរ របស់អ្នកវិភាគ​នយោបាយ និងសង្គម លោក គឹម សុខ នៅចំពោះការគម្រាមរបស់លោក ហ៊ុន សែន ក្នុងការចាប់ខ្លួន អ្នកធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ក្នុងស្រុក​មួយរូប កាលពីព្រឹកម៉ិញ។

ការគម្រាមរបស់លោក ហ៊ុន សែន ធ្វើឡើង​កាលពីព្រឹកថ្ងៃចន្ទទី៣០ ខែមីនានេះ ដើម្បីប្រតិកម្មតប នឹងការថ្លែង របស់លោក អំ សំអាត ដែលជានាយករង ​ទទួលបន្ទុក​សិទ្ធិមនុស្ស ​នៃ​អង្គការ​លីកាដូ តាមរយៈវិទ្យុអាស៊ីសេរី កាលពីម្សិលម៉ិញ ទាក់ទងនឹងរបាយការណ៍មួយ អំពីការចាប់ខ្លួនមនុស្ស យ៉ាងហោច ២៤នាក់ តាំងពីវិបត្តិជំងឺ «Covid-19» ផ្ទុះឡើងមក។

សម្រាប់លោក គឹម សុខ បានពន្យល់ថា លោក ហ៊ុន សែន គ្មានច្បាប់ណា ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរ ក្រោមបញ្ជារបស់បុរសខ្លាំងរូបនេះ អាចចាប់ខ្លួនលោក អំ សំអាត ដែលគ្រាន់តែធ្វើអត្ថាធិប្បាយ សម្ដែងក្ដីបារម្ភ ទៅតាមមូលដ្ឋានច្បាប់​ ដែលបានអនុញ្ញាត​នោះឡើយ។

អ្នកវិភាគបានចោទជាសំនួរឡើងថា៖

«បើមានច្បាប់ចាប់លោក អំ សំអាត តើគួរចាប់ខ្លួនលោក ហ៊ុន សែន មុនឬទេ ព្រោះមេ “CPP” [រូបនេះ] បានបំភ្លៃថា កម្ពុជាទាល់តែថ្ងៃ៣១កុម្ភៈ ទើបមានកូវីដ១៩ នៅពេលវីរុសនេះ ត្រូវបានរកឃើញ​លើ​ជនជាតិចិន ក្នុងខេត្តព្រះសីហនុ ទឹកដីខ្មែរ តាំងពីខែមករានោះ?»

លោក គឹម សុខ បានហៅការលើកឡើង របស់លោក ហ៊ុន សែន នៅពេលនោះ ថាជា«សារបែកទិស» ដែលបង្កឲ្យមានចល្លាចល ក្នុងថ្ងៃនេះ និងសម្រាប់ថ្ងៃក្រោយ។ លោកពន្យល់ថា៖

«សារបែកទិសនេះ (អំពី ថ្ងៃ៣១កុម្ភៈ) របស់លោក ហ៊ុន សែន គឺជាបុព្វហេតុបាក់ស្មារតីជាតិខ្មែរធំជាងគេ នៅពេលតួនាទីអំណាចប្រតិបត្តិរបស់គាត់ ធំជាងគេទាំងអស់ បែរជាគិតងាយនិយាយធូរ មិនឲ្យប្រជាពលរដ្ឋរួមជាតិ មានការប្រុងប្រយ័ត្ន នឹងគ្រោះអាសន្ន។»

«ការអត្ថាធិប្បាយរបស់គាត់ (លោក អំ សំអាត) គ្មានលទ្ធផល នាំឲ្យកើតចលាចលអាសន្នសោះ ប៉ុន្តែចលាចលអាសន្នបច្ចុប្បន្ន និងដែលអាចរីកធំនៅថ្ងៃក្រោយ គឺដោយសារនយោបាយបែកទិស ដែលគូសវាស[ដោយ]សម្តេច… ។»

ក្នុងរសៀលថ្ងៃចន្ទដដែលនេះ លោក អំ សំអាត បានចេញមុខ មកបកស្រាយ តាមរយៈវីដេអូមួយថា ការផ្សព្វផ្សាយ​របស់វិទ្យុអាស៊ីសេរីនោះ បានកាត់សំឡេងខ្លី ដែលលោកថា ខុសពីន័យដើម របស់លោក។

នាយករងអង្គការលីកាដូរូបនេះ អះអាងបន្តថា៖

«គោលបំណងរបស់ខ្ញុំបាទ និងអង្គការលីកាដូ ធ្វើយ៉ាងណាជំរុញឱ្យមានការអនុវត្តច្បាប់ គោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីឱ្យប្រទេសយើងរស់នៅក្នុងសុខសន្តិភាព រស់នៅក្នុងភាពសុខដុមរមនា ហើយរូបខ្ញុំ ក៏ដូចអង្គការលីកាដូ គាំទ្រវិធានការអនុវត្តច្បាប់។»

ប៉ុន្តែលោក គឹម សុខ បានថ្លែងឡើងថា ការគម្រាមចាប់ខ្លួនគេឯងនោះ ជាទង្វើ«ជ្រុលពេក» របស់លោក ហ៊ុន សែន ដែលកំពុង «ទ័លក្រឡានយោបាយ»ខ្លួនឯង។ អ្នកវិភាគ បានលើកឡើងថា៖

«មើលទៅជ្រុលពេកហើយ, លោក ហ៊ុន សែន ទ័លក្រឡានយោបាយខ្លួនឯងសោះ អាងមានកម្លាំង ប្រើមាត់ប្រុងចាប់គេ បែរជាបំភ្លៃថា មានច្បាប់ចាប់៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។