«ហ្អែងពេញចិត្ត ក៏នៅស្រុកខ្មែរ ហ្អែងមិនពេញចិត្តទេ ហ្អែងទៅនៅក្រៅទៅ» នេះ ជាសារនយោបាយ របស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ទៅកាន់អ្នកវិភាគទាំងឡាយ ដែលតែងរិះគន់ ចំពោះជំហររដ្ឋាភិបាលរបស់លោក ក្នុងសំណុំរឿង នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីសំណាក់សហភាពអ៊ឺរ៉ុប (EU)។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ឲ្យដល់និស្សិតច្រើនពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ (ភ្នំពេញ) លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលឯកបក្ស និងជាប្រធានគណបក្សកាន់អំណាច នៅកម្ពុជា បានចុចចំ យកឈ្មោះលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា មកធ្វើជា«ផ្ទាំងស៊ីប» ដើម្បីពន្យល់ថា បើសិនណា ជាបណ្ដាអ្នករិះគន់ទាំងឡាយ មិនមានគំនិត«ស្រប» នឹងនយោបាយរបស់លោកទេ ពួកគេគ្មានជម្រើសអ្វី ក្រៅពីចេញពីប្រទេសកម្ពុជាឡើយ។
ដូចជាវាគ្មិនផ្សេងទៀតដែរ លោក រ៉ុង ឈុន ដែលមាននិន្នាការ ស្និតលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ តែងទម្លាក់ការទទួលខុសត្រូវ នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីកម្ពុជា ដោយសហភាពអឺរ៉ុប ទៅលើរដ្ឋាភិបាលកម្ពុជា ជាពិសេសទៅលើលោករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់តែម្ដង។
ជាការឆ្លើយតបវិញ លោក ហ៊ុន សែន បានប្រើពិធីចែកសញ្ញាប័ត្រ ទៅដល់និស្សិត ក្នុងថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០នេះ ព្រលះលោក រ៉ុង ឈុង និងបណ្ដាអ្នកវិភាគ ជាមួយនឹងភាសា«អាម៉ឹង»ដូច្នេះថា៖
«កម្ពុជាបញ្ជាក់ច្បាស់ហើយ ថាមិនទៅស្នើសុំ អា២០% ត្រឡប់មកវិញទេ។ សុំអាអ្នកវិភាគ ជាពិសេសអា រ៉ុង ឈុន នោះ និយាយស្ដាប់ឲ្យបាន។ គេត្រៀមបម្រុងឯណេះហើយ ឲ្យបាត់ទៅ អា២០%នោះ។»
រដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចដាក់វិធានការមួយចំនួន ក្នុងនោះ មានការលើកលែងពន្ធចំនួន៦ខែ ដល់ ១ឆ្នាំ ពីរោងចក្រកាត់ដេរណា ដែលជួបបញ្ហាខ្វះខាតវត្ថុធាតុដើម និងរងផលប៉ះពាល់ ពីការព្យួរប្រព័ន្ធអនុគ្រោះ «EBA» ក៏ដូចជាជួយចេញប្រាក់បៀវត្សរ៍ ២០% ទៅលើប្រាក់ខែគោល (១៩០ដុល្លារ) សម្រាប់កម្មករណា ដែលត្រូវរោងចក្រព្យួរការងារ។
ប៉ុន្តែលោក រ៉ុង ឈុន បានពន្យល់តាមវិទ្យុ«អាស៊ីសេរី»ថា រាល់វិធានការទាំងនោះ សុទ្ធសឹងតែជាដំណោះស្រាយក្នុងរយៈពេលខ្លី និងធ្វើឡើង សម្រាប់តែកម្មករណា ដែលកំពុងប៉ះពាល់ ពីរឿងព្យួរការងារប៉ុណ្ណោះ។ លោកថា រឿងសំខាន់ជាងនេះទៅទៀតនោះ គឺរដ្ឋាភិបាលត្រូវប្រឹងប្រែងរក្សាប្រព័ន្ធអនុគ្រោះពន្ធ «EBA» ឱ្យបាន ដើម្បីធានានិរន្តរភាពការងារ សម្រាប់កម្មកររោងចក្រ និងអ្នកទទួលផល ពីវិស័យកាត់ដេរ។
សម្រាប់លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា គ្មានទេ ការចរចាជាមួយសហភាពអ៊ឺរ៉ុប ដើម្បីសង្គ្រោះប្រព័ន្ធអនុគ្រោះពន្ធ «EBA»។ បុរសខ្លាំងកម្ពុជាថ្លែងថា៖
«ខ្ញុំនឹងប្រកាសចេញ នៅថ្ងៃទី១ ខែមេសាខាងមុខ នូវវិធានការបន្ថែមទៀត លើវិធានការ ថ្ងៃទី២៩ ខែមិនា ២០១៩ ដែលដាក់រួចកន្លងទៅ។ ព្រោះអានេះ ជាការស្រោចស្រង់ខាងសេដ្ឋកិច្ច។»
«បើស្ថានភាពសេដ្ឋកិច្ចអ៊ឺរ៉ុប មិនល្អ ការបញ្ជាទិញពីប្រទេសនានា ក៏នឹងធ្លាក់ចុះដែរ។ យើងត្រូវមើល ឲ្យច្រើនជ្រុង កុំមើលតែមួយជ្រុង។ ហើយគិតស្មានថា ឲ្យកម្ពុជាធ្វើទៅតាមការទាមទារ របស់ EU ដើម្បីបានអា ២០%… អត់ផ្លូវទេ អត់ធ្វើទេ ខ្ញុំបានប្រកាសហើយ មិនយកឯករាជ្យ អធិបតេយ្យភាព របស់កម្ពុជា ទៅដោះដូរ ជាមួយភាពអនុគ្រោះណាទាំងអស់។»
បន្ទាប់មក នាយករដ្ឋមន្ត្រីដែលកាន់តំណែង ជិតបួនទសវត្សន៍ បានបន្តព្រលះក្រុមអ្នករិះគន់ ជាពិសេសលោក រ៉ុង ឈុន ថាបើមិនពេញចិត្តទេ «កុំនៅស្រុកខ្មែរ»។ លោកថា៖
«ខ្ញុំឃើញអាមួយហ្នឹង គឺថានិយាយតែពី “EBA”… ហ្អែង “EBA” ហ្អែងទៅតែឯងទៅ។ ហ្អែងពេញចិត្ត ក៏នៅស្រុកខ្មែរ ហ្អែងមិនពេញចិត្តទេ ហ្អែងទៅនៅក្រៅទៅ […] ចង់ឲ្យកម្ពុជា ធ្វើទៅតាមបំណង ការទាមទាររបស់គេ មិនឲ្យអនុវត្តច្បាប់របស់ខ្លួន អញ្ចឹងមានន័យអី តទៅទៀត? បើអ្នកឯងមិនពេញចិត្តទេ ទៅបម្រើគេទៅ កុំនៅស្រុកខ្មែរ បើស្រុកខ្មែរវាអន់យ៉ាងហ្នឹងនោះ៕»