កម្ពុជា

ហ៊ុន សែន បង្ហើបថា កឹម សុខា ព្រមាន​មន្ត្រី​កុំឲ្យ​«សុំសិទ្ធិ​ធ្វើនយោបាយ»

បុរសខ្លាំងកម្ពុជា បានបង្ហើបនៅថ្ងៃនេះ ថាមាន«អាអ្នកខ្លះ» ដែលកំពុងនៅជា​ប់ឃុំក្នុងផ្ទះ បានព្រមានមន្ត្រីខ្លួនឯង កុំឲ្យ​«សុំសិទ្ធិ​ធ្វើនយោបាយ»។ បើគេមិនច្រឡំទេ «អាអ្នកខ្លះ» ដែលនាយករដ្ឋមន្ត្រីកម្ពុជាសំដៅនោះ គឺលោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ នៅក្នុងគេហដ្ឋានលោក ក្នុងរាជធានីភ្នំពេញ រហូតមកដល់​ថ្ងៃនេះ។

ថ្លែងក្នុងព្រឹកថ្ងៃចន្ទទី២៥ ខែមិនា ឆ្នាំ២០១៩នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានទម្លាយរឿងនេះ ចេញមក ដោយលាយឡំ​ទាំងការព្រមាន ដូច្នេះថា៖

«មានអាអ្នកខ្លះ​ នៅឃុំក្នុងផ្ទះនៅឡើយ ប៉ុន្តែព្រមានគេ កុំឲ្យគេ សុំសិទ្ធិ​ធ្វើនយោបាយ ។ ចាំហ្អែងរួចខ្លួនទៅ… អញមិនឲ្យហ្អែងរួចខ្លួនទេ។ តែតុលាការកាត់ហើយ គ្មានរញ៉េរញ៉ៃ។ វាមិនដែលភ្ជាប់ខ្លួនហើយ… សុទ្ធតែជេរគេ​អាក្បត់ជាតិ អាលក់ខ្លួន អាលក់​សតិសម្បជញ្ញៈ… គ្រប់សព្វហើយ លាបពណ៌​ឲ្យអតីតសហការី​ខ្លួនឯង។»

ជំនួយការរបស់លោក កឹម សុខា គឺលោក ហ៊ីង សុខសាន្ដ បានប្រតិកម្មយ៉ាងខ្លី តបលោក ហ៊ុន សែន វីញថា បុរសខ្លាំងរូបនេះកំពុងខឹង ព្រោះមានមនុស្ស ចេញសុំសិទ្ធិ​ធ្វើនយោបាយ​ពីលោក មានចំនួនតិចពេក។

លោក ហ៊ុន សែន ទម្លាយ​ពីជំហរ​ជំនួស​លោក កឹម សុខា​ រឿង​«សុំសិទ្ធិធ្វើនយោបាយ»?

លោក កឹម សុខា មិនដែលបានបង្ហាញជំហររបស់លោក ដោយផ្ទាល់ជាសាធារណៈ ម្ដងណាឡើយ រាប់ពីពេល​ដែលលោក​ត្រូវបានផ្ទេរ​យកមកឃុំ នៅក្នុងគេហដ្ឋានរបស់លោក។ មានការបង្ហោះតិចតួច នៅលើទំព័រហ្វេសប៊ុក របស់ប្រធានគណបក្សប្រឆាំង កាលពីដើមឆ្នាំនេះ តែមិនមែនជាការបង្ហោះ ដែលមានជាប់ទាក់ទង នឹងនយោបាយទេ។ 

កន្លងមក លោក សម រង្ស៊ី ធ្លាប់បានអះអាងដែរថា រឿងដែលលោក ហ៊ុន សែន ខឹងលោក កឹម សុខា ខ្លាំងបំផុតនោះ គឺលោក កឹម សុខា មិនសុខចិត្តបែកពីលោកដាច់ខាត។ មេដឹកនាំប្រឆាំង បានថ្លែងពីក្រៅប្រទេសថា បើលោក កឹម សុខា សុខចិត្តតែបន្តិច លោក ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា ភ្លាម ហើយបន្ទាប់មក ប្រព័ន្ធបំពងសម្លេង​នៅកម្ពុជា នឹងយកព្រឹត្តិការណ៍នេះ ផ្សាយចេញយ៉ាងគគ្រឹកគគ្រេង ជាមិនខាន។

មន្ត្រីតុលាការ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងពេលកន្លងមកបានប្រកាសថា លោក កឹម សុខា មិនត្រូវបានឃុំខ្លួនទេ ដោយគ្រាន់តែដាក់​ក្រោម​ការឃ្លាំមើល តាមផ្លូវតុលាការប៉ុណ្ណោះ។

សម្រាប់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានហៅការទម្លាយចេញ របស់លោក ហ៊ុន សែន ថាជាការទទួលស្គាល់ថា លោក កឹម សុខា ពិតជាត្រូវឃុំខ្លួន នៅក្នុងគេហដ្ឋាន ពិតប្រាកដ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។