កម្ពុជា

កូនស្រីធម៌ ហ៊ុន សែន រងបណ្ដឹង​ពី​ប្អូនស្រី ហ៊ុន សែន ពីបទ​បរិហាកេរ្ដិ៍

នៅថ្ងៃអង្គារនេះ អ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតលោក ហ៊ុន សែន បានដាក់ពាក្យ​បណ្ដឹង ឡើង​ទៅតុលាការ ប្ដឹងតារា​ចម្រៀង​វ័យជ្រេ នាង ម៉េង កែវពេជ្ជតា ដែលគេស្គាល់​ថា ជាកូនធម៌របស់លោក ហ៊ុន សែន។

ពាក្យបណ្ដឹងដែល​ត្រូវបានដាក់ ទៅកាន់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ បាន​ចោទប្រកាន់នាង ម៉េង កែវពេជ្ជតា ចំនួន២ករណី ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងបទ​ញុះញង់ ឲ្យមាន​ការរើសអើង» ដោយស្នើសុំតុលាការ ឲ្យផ្តន្ទាទោស​តារាចម្រៀង និងឲ្យមាន​សំណងជំងឺចិត្ត តាមច្បាប់។

រឿងរ៉ាវដែលឈាន ទៅដល់ការប្ដឹងផ្ដល់ គឺទាក់ទងនឹងសំណេរ ចំនួនពីរវាក្យខណ្ឌ របស់​នាង ម៉េង កែវពេជ្ជតា ដែលត្រូវបានតារាចម្រៀង បង្ហោះនៅលើបណ្ដាញសង្គម កាលពី​ថ្ងៃទី៣០ ខែឧសភាកន្លងទៅ។

ប្អូនស្រីលោក ហ៊ុន សែន បានដកស្រង់សំំណេរ ទាំងពីរវាក្យខណ្ឌនោះ មកដាក់ក្នុង​ពាក្យ​បណ្ដឹង របស់អ្នកស្រី ដូច្នេះថា៖

«មនុស្សចាស់អីអញ្ចឹង​ ??? ជួយគិតមេីល​ ! អាក្មេងនេះ ជាក្មេងពាល តែងតែ​ជេរបញ្ចោរ​ប្រមាថថ្នាក់ដឹកនាំ​ និងរដ្ឋាភិបាលខ្មែរកប់ៗមាត់​ តែបែរជាមីងជំទាវនេះ សេពគប់​ជាមួយ​ទៅវិញ​ តេីព្រោះអ្វី​ ? ក្បត់​ ? ឬប្រយោជន៍អាថ៌កំបាំងណាមួយ​ ? ហេីយក្រែង​មីង​ជំទាវ​នេះ ជាដៃគូមីង​ ហ៊ុន​ សុីណាត​ ? តេីរឿងនេះមីងជំទាវ សុីណាត លោកដឹងទេ​ ?»

«មិនមែនខ្ញុំតប ជាមួយពួកក្បត់នេះទេ​ តែខ្ញុំកំពុងប្រមូលអ្វី ដែលជា​ការបំពាន​​របស់​ពួកគេ មកលេីខ្ញុំ​ ដេីម្បីទុកជាភស្តុតាង​ ព្រោះមុននេះ​ ជំទាវ សុីណាត​ បានសុំឲ្យខ្ញុំ​លេីកលែង​ហេីយ​ អោយខ្ញុំឈប់និយាយ​ បានន័យថា​ គាត់ក៏មិនចង់មានរឿង​ ដូច្នេះ​ បេីគាត់អ្នកសុំ តែបែរជាគូរកនគាត់ ​គឺយាយបូរីនេះបែរជាខំ​ ស៊ែរតែរឿង​អាក្រក់​ចោទ​ និងសំអុយឈ្មោះខ្ញុំ មកផុសដូច្នេះ​ បានន័យថាគាត់បំពានសំដីជំទាវ​ សុីណាត​។»

ប្រតិកម្មនឹងពាក្យបណ្ដឹងខាងលើ នាង ម៉េង កែវពេជ្ជតា បានបង្ហោះសារ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន ថ្លែងអំណរគុណ បែប«ឌឺដង» តបទៅអ្នកស្រី ហ៊ុន ស៊ីណាត។ តារា​ចម្រៀង​អះអាងថា អ្នកស្រី ហ៊ុន ស៊ីណាត គ្មានភស្ដុតាងគ្រប់គ្រាន់ ដើម្បីប្ដឹងរូបនាង ឡើងទៅតុលាការទេ។

តារាចម្រៀងវ័យ ៤៦ឆ្នាំ បានសរសេរថា៖

«ក្មួយពិតជាមានកិត្តិយសណាស់​ ដែលមីងធ្វេីបែបនេះ​ អរគុណមីង​។ ការពិត​ តាំងពី​ដំបូង ខ្ញុំមិនដែល​បានយកឈ្មោះគាត់ មកនិយាយសូម្បីបន្តិច ទោះបីដឹងថា គាត់ធ្លាប់​គិតខុស មកលេីខ្ញុំក៏ដោយ​ ព្រោះខ្ញុំនៅផ្តល់កិត្តិយសឲ្យគាត់​ និងពិសេស​មិនចង់ឲ្យឈ្មោះ​គាត់នេះ​ ទៅប៉ះពាល់ ដល់ចាស់ទុំ​សាច់ញាតិ​ល្អៗផ្សេងទៀត ដែលលោកមិនពាក់ព័ន្ធ​។ ប៉ុន្តែបែរជាគាត់លោតកញ្ឆេងបែបនេះ​ទៅវិញ។ តេីគាត់សំ​អាងអ្វី មកប្តឹងផ្តល់​? ត្រឹម​ហេតុផល​ប៉ុណ្ណេះ​ឬ​? តេីសម​នឹងប្តឹង​ដែរទេ​?»

ដើម្បីយល់រឿងនេះ គេត្រូវវិលត្រឡប់ ទៅតាមដានហេតុការណ៍ទាំងនេះ ពីខែមុនមកវិញ។ នៅពេលនោះ ការឆ្លើយឆ្លងតបតរ រវាងតួអង្គជាច្រើន បានកើតមាន នៅពាសពេញ​បណ្ដាញសង្គម។ ហើយសារបង្ហោះ របស់តារាចម្រៀង នៅថ្ងៃទី៣០ ខែឧសភានោះ គឺជាការ​ឆ្លើយតប​​នឹងអ្នកស្រី ហង្ស បូរី បន្ទាប់ពីមន្ត្រីយោធា​ពាក់ផ្កាយរូបនេះ បាន​ចែក​រំលែក​វីដេអូ របស់​យុវជនម្នាក់ ដែលដាក់រហស្សនាម «រាជបុត្រ សូរ្យកាយ» នៅលើ​គណនេយ្យ​ហ្វេសប៊ុក​អ្នកស្រី។

នាង ម៉េង កែវពេជ្ជតា បន្តថា៖

«រាជបុត្រអាសូរ្យកាយម្នាក់នេះ ធ្លាប់បានជេរប្រមាថ ថ្នាក់ដឹកនាំកំពូល​រាជរដ្ឋាភិបាល​កម្ពុជា​ និងថ្នាក់ដឹកនាំល្អៗ ដទៃទៀតជាច្រេីន យ៉ាងអសុរសដាច់សាច់​ គ្មានកន្លែងណា​អាចទទួលយកបាន​ តែបែរជាយាយ ហង្ស​ បូរី​ និងនាង​ប្រធាន​សមាគម​សិល្បៈរូបនេះ មានភាព​ស្និទ្ធស្នាលនឹងគ្នា ចាក់ទឹកមិនលិចទៅវិញ​ តេីមិនឲ្យ​ខ្ញុំឆ្ងល់ទេឬ​?​»

«សូម​បងប្អូន​ពិចារណា​ តេីត្រង់ណា ដែលខ្ញុំចោទអ្នកមីង សុីណាត​​? តេីខ្ញុំចោទគាត់ ឬខ្ញុំសួរ​? តេីខ្ញុំចោទគាត់​ ឬ​គាត់រេីសដាក់ខ្លួនខ្លួនឯង ? តេីគាត់ធ្វេីនេះ ព្រោះចង់ប្រាប់ថា គាត់អាចធ្វេីបាបនរណាក៏បាន​? គាត់កំពុងធ្វេីឲ្យ​សង្គម ដែលមានភាពស្ងប់សុខ​ ក្លាយ​ទៅជា​ចលាចល ដោយសារ​គាត់​មែនទេ​?»

ចំណែកឯអ្នកស្រី ហង្ស បូរី វិញ ទំនងជាមានគម្រោង ដាក់បណ្ដឹងមួយទៀត ប្រឆាំង​តារាចម្រៀង​ដែរ។ មន្ត្រីយោធារូបនេះ បានសរសេរដោយមិនបញ្ចេញឈ្មោះ នៅលើ​គណនេយ្យហ្វេសប៊ុក របស់អ្នកស្រី​ថា៖

«ឃើញគេមិនមាត់ ថាគេខ្លាច ថាគេចុះចាញ់នោះមធ្យមទេ តែវាងុំត្រង់ចោទថា គេតាម​អង្វរខ្លួន ថាគេស្នើសុំ​ឲ្យខ្លួន​មានការលើកលែងទោស។ មកដលម៉ោងនេះ ពាក្យបណ្តឹង​បានរៀបរយ រួចជាស្រេចអស់ហើយដែរ ចង់ប្រាប់​កុំឃើញខ្លាគាត់គេង​គិតថាខ្លាងាប់។»

អ្នកស្រី ហង្ស បូរី ប្រើពាក្យព្រមានខ្លាំងៗ ដាក់តារាចម្រៀងថា៖

«តែខ្លាកញ្ចស់អស់នេះ ពិតជាមានបទពិសោធន៌ មិនងាយ​ជ្រួលជ្រើម​ស៊ីនុយសន្ទូច​ផ្តេសផ្តាស ដូចមាត់ត្រីកំភ្លៀញ ត្រីកំភ្លៀវនោះឡើយ ព្រោះវាខ្លាច​ក្រែង​មានគេវ័ធ​ដាច់មាត់ កើតជាដំបៅស្អុយ ស៊ីចំណីលែងឆ្ងាញ់ ព្រោះតែមាត់ដាចពេក ស៊ីចំណីឥតរើស៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។