កម្ពុជា

ហ៊ុន ណេង បងប្រុស ហ៊ុន សែន ទទួលមរណភាព​ដោយ​«គាំងបេះដូង»

បងប្រុសបង្កើត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ណេង បានទទួលមរណភាពហើយ កាលពីល្ងាច​ថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយអាការៈ«គាំងបេះដូង»។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមគ្រួសារត្រកូល ហ៊ុន នៅមុននេះបន្តិច។

មុនពេលអនិច្ចកម្ម លោក ហ៊ុន ណេង ដែលជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម មានតំណែង​ជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាជាតិ។ បងប្រុសនាយករដ្ឋមន្ត្រីរូបនេះ ធ្លាប់ជាអភិបាលខេត្តដ៏ចាស់វស្សា របស់ខេត្តកំពង់ចាម។

ក្នុងពេលភ្លាមៗនេះ ទំព័រហ្វេសប៊ុក​ផ្លូវការ របស់អ្នកមុខអ្នកការច្រើននាក់ ជាពិសេសដូចជាទំព័ររបស់លោក ហ៊ុន ម៉ានី និងអ្នកស្រី ហ៊ុន ម៉ាណា ជាដើម បានប្ដូររូបប្រូហ្វាល់​របស់ផងខ្លួន ដាក់ពណ៌ខ្មៅ ដែលទំនងជាសញ្ញា«កាន់ទុក្ខ។

បើតាមសេចក្ដីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា លោក ហ៊ុន ណេង បានផុតដង្ហើមនៅម៉ោង ៦និង២៥នាទីល្ងាច ដោយអាការៈ«គាំងបេះដូង»។ លោកមានអាយុ៧២ឆ្នាំ។

សព​របស់លោក ​នឹង​ត្រូវ​តម្កល់​ធ្វើបុណ្យ​នៅ​គេហ​ដ្ឋាន ភូមិ​ទី៧ សង្កាត់​កំពង់​ចាម ក្រុង​កំពង់​ចាម ខេត្ត​កំពង់​ចាម មុននឹងដង្ហែ​ទៅបញ្ចុះនៅថ្ងៃទី ៩ ខែ ឧស​ភា ឆ្នាំ ២០២២​ សព​លោក​ ហ៊ុន ណេង ក្នុងវត្ត​សុវណ្ណ​គិរីរ​តនៈ ភ្នំប្រុស ភូមិ​ត្រពាំងចា​រ ឃុំក្រឡា ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។