កម្ពុជា

ហ៊ុន សែន បង្ហើប​ពី​បញ្ហា​សុខភាព​លោក ដែល​ពេទ្យ​ហាម​ឈរអង្គុយ«យូរ»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីវ័យ៦៦ឆ្នាំនៅកម្ពុជា បានថ្លែងបង្ហើបថា លោកមានបញ្ហាសុខភាព ដែលតម្រូវ​មិនឲ្យ​លោក ឈរ និងអង្គុយ«យូរ»​ឡើយ។ ជាពិសេស គ្រូពេទ្យរបស់លោក បានបញ្ជាមិនឲ្យលោក លេងកីឡាវាយ​កូនគោល ក្នុងរយៈពេលមួយខែ នៃការព្យាបាលជំងឺនេះ។

លោក ហ៊ុន សែន បានបង្ហើបពីបញ្ហាសុខភាពរបស់លោក នៅក្នុងការថ្លែងមួយ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្នុងខេត្តកណ្ដាល នៅចំពោះកម្មករ-កម្មការិនី ច្រើនពាន់នាក់។ លោកថា៖ 

«តាមពិត គេអត់ឲ្យឈរយូរ… ឥឡូវគេហាមទាំងឈរយូរ គេហាមទាំងអង្គុយយូរទៀត។ ប៉ុន្តែ បើហាមអស់អញ្ចឹង យើងធ្វើអីក៏អត់កើតដែរ។ ឥឡូវប្រឹងទៅ។ ប៉ុន្តែ គេហាមក្នុងរង្វង់ តែមួយខែទេ។ អាកូនគោល ក៏គេហាមក្នុងរង្វង់​មួយខែ​ដែរ ក្នុងដំណាក់កាល នៃការលេបឆ្នាំ ព្យាបាលហាត់ប្រាណ ហើយគេមិនឲ្យវាយកូនគោល មួយខែ។»

យ៉ាងណា បុរសខ្លាំងនៅកម្ពុជា មិនបានបង្ហើបថា លោកមានជំងឺអ្វី ឲ្យប្រាកដនោះទេ។ ប៉ុន្តែជំងឺនេះ បានបង្ខំឲ្យ​លោក​ចាំបាច់ ត្រូវប្ដូរកម្មវិធីផ្លូវការមួយ នៅថ្ងៃទី៣០ ខែធ្នូ ខាងមុខ ដោយលោកឲ្យលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារ​ជាតិ ទៅជំនួសលោក នៅពេលព្រឹក ខណៈរូបលោកទៅចែកពានរង្វាន់ នៅពេលល្ងាច។ លោកបានថ្លែងបន្តថា៖

«ព្រោះខ្ញុំអត់វាយ [កូនគោល] បាន បើវាយមិនបាន ចូលតារាងធ្វើអី? តែចូលតារាង វានឹក ត្រូវតែដាក់ហើយ។ ហើយ​តែដាក់ គ្រូពេទ្យថាខុសក្បួនទៀត អញ្ចឹងត្រូវគោរព ដល់គ្រូពេទ្យ។»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។