កម្ពុជា

ហ៊ុន សែន តម្រូវឲ្យ​ចៅប្រុស​ទាំងអស់ ត្រូវចេះ​លេង​កីឡា​៣ប្រភេទ

កើតមកជាចៅប្រុស របស់នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវចេះ​លេង​កីឡា​៣ប្រភេទ ! នេះ បើតាមការបង្ហោះសារ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។

អមនឹងរូបថតជាច្រើន ដែលបង្ហាញ ពីការបីបមចៅស្រី ទី២១របស់លោក និងការជួបជុំ​ចៅប្រុសស្រីច្រើននាក់ លោក ហ៊ុន សែន បានបង្ហើបថា ចៅស្រីដែលទើបនឹង​​ចាប់កំណើត​ម្នាក់នេះ មានឈ្មោះ ម៉ាលីយ៉ា ហើយថាឈ្មោះនេះ ត្រូវជាមួយឈ្មោះម្ដាយ ដែលមិន​ពិបាក​សរសេរ។ លោកថា៖

«ទើបបានជួប និងបីចៅស្រីទី២១ មុននេះបន្តិច។ ឪពុកម្តាយគេ បានដាក់[ឈ្មោះ]ថា ម៉ាលីយ៉ា (Malya) ឆ្លាតគ្រាន់បើ ម្តាយឈ្មោះម៉ាលី ឯកូនឈ្មោះម៉ាលីយ៉ា មិនពិបាក​សរសេរ។»

លោកបន្តថា ពីក្នុងចំណោមចៅទាំង២១នាក់ ចៅ១២នាក់ ជាប្រុស និង៩នាក់ ជាស្រី។ បន្ទាប់មកលោក ហ៊ុន សែន បានបង្ហាញពីបំណងរបស់លោក ដែលតម្រូវឲ្យ​ចៅប្រុស​ទាំងអស់ ត្រូវចេះ​លេង​កីឡា​៣ប្រភេទ គឺបាល់ទាត់ បាល់ទះ និងបាល់បោះ។

បុរសខ្លាំងកម្ពុជា បានបន្តថា៖

«ក្នុងចំណោមចៅ២១នាក់ មានប្រុសចំនួន១២នាក់ និងស្រី៩នាក់ គ្រប់គ្រាន់​ដើម្បីបង្កើតក្រុមបាល់ទាត់បុរស មួយក្រុម បាល់ទះបុរស មួយក្រុម បាល់បោះបុរស មួយក្រុម និងបង្កើតក្រុមបាល់ទះនារី មួយក្រុម។ ចង់បានដូចនេះ ចៅប្រុសទាំងអស់ ត្រូវចេះលេង៣ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ និងបាល់បោះ។»

តែជីតាវ័យ៦៧ឆ្នាំរូបនេះ បានទប់អារម្មណ៍ របស់លោកមកវិញ ដោយសរសេរ​ នៅទីបញ្ចប់​ថា៖

«នេះគ្រាន់តែជាគិតរបស់ជីតា តែមិនដឹងថា ចៅៗនឹងធ្វើតាមយើង ឬអត់?»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។

Tags: Hun Sen