កម្ពុជា

Covid-19៖ ហ៊ុន សែន បញ្ចេញម៉ាស់ ២លាន ឲ្យខ្មែរបន្ថែមទៀត

បន្ទាប់ពីប្រកាសផ្ដល់ម៉ាស់«២លាន» សម្រាប់ពលរដ្ឋក្នុងរាជធានី កាលពីប៉ុន្មានថ្ងៃមុនរួច លោក ហ៊ុន សែន បានសម្រេចបញ្ចេញម៉ាស់​«២លាន»​បន្ថែមទៀត សម្រាប់ចែកជូន​ពលរដ្ឋ នៅក្នុងខែត្រសៀមរាប (១លានម៉ាស់) និងនៅក្នុងរាជធានីភ្នំពេញ (១លានម៉ាស់)។ នេះ បើតាមរបាយការណ៍ខ្លីមួយ ដែលផ្សាយដោយប្រព័ន្ធឃោសនា របស់របបក្រុងភ្នំពេញ។

២លាន … និង៥លានជាង

ចំនួនម៉ាស់ ទាំងពេលមុន និងពេលនេះ មានចំនួនសរុប៤លាន ដែលលោក ហ៊ុន សែន សម្រេចចែកឲ្យពលរដ្ឋកម្ពុជា។

ក្នុងខែវិច្ឆិកាកន្លងមក លោក ហ៊ុន សែន បានធ្វើ​អំណោយ​ជាម៉ាស់ ចំនួន៤លានម៉ាស់ ទៅឲ្យប្រទេសឡាវ និងប្រទេសភូមា ខណៈជំងឺ​រាតត្បាត​កូវីដ-១៩ (Covid-19) កំពុង​បន្តឆ្លង ក្នុងរលកទី២ និងទី៣ នៅជុំវិញពិភពលោកនៅឡើយ។

ម៉ាស់ចំនួន១លាន៥ម៉ឺនទៀត ក៏នឹងត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ដឹកបញ្ជូន ទៅឲ្យប្រទេសទីម័រខាងកើត នៅក្នុងថ្ងៃពុធទី២ ខែធ្នូ ឆ្នាំ២០២០នេះដែរ។

ពលរដ្ឋមួយចំនួន រស់នៅក្នុងរាជធានីភ្នំពេញ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជួប​សម្ភាសជាមួយ បានអះអាង​ថា ពួកគេដែលមានជីវភាពខ្សត់ខ្សោយ មិនដែលទទួលបាន​ម៉ាស់ សូម្បីតែមួយ ពីរដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ។

១៧នាក់ឆ្លងក្នុងសហគមន៍

អាជ្ញាធរសុខាភិបាលកម្ពុជា បានអះអាងថា គិតមកដល់​ថ្ងៃអង្គារទី១ ខែធ្នូ ឆ្នាំ២០២១នេះ មនុស្ស១៧នាក់​ត្រូវ​បាន​ធ្វើតេស្ដិ៍ បង្ហាញលទ្ធផល​​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​កម្ពុជា​ទទួលស្គាល់ ពី​ករណី​ឆ្លង​ក្នុង​សហគមន៍​លើកដំបូង ​កាលពី​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​មុន។ ពលរដ្ឋជាច្រើនពាន់នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ខណៈអាជ្ញាធរ​កំពុងបន្ត​ធ្វើតេស្ដិ៍ ដើម្បីស្វែងរកករណីឆ្លងជំងឺនេះ ជាច្រើនពាន់នាក់​បន្តទៀត៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។