កម្ពុជា

ហ៊ុន សែន លេងបាន​តែកីឡា​កូន​គោល ខណៈ សម រង្ស៊ី លេងកីឡាជាច្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកមកដល់វ័យនេះ លេងកីឡាបានតែកីឡាវាយកូនគោលមួយប៉ុណ្ណោះ បើទោះជាលោកចូលចិត្តកីឡាទាំងអស់យ៉ាងណាក៏ដោយ។ កាលពីប៉ុន្មានថ្ងៃមុន លោក សម រង្ស៊ី ដែលមានអាយុច្រើនជាងលោក ហ៊ុន សែន បានបង្ហាញថា លោក«លេងកីឡាជាច្រើន» និង​ច្រើនជាងគូបដិបក្ខនយោបាយ​របស់​លោក។

នៅលើបណ្ដាញសង្គម លោក ហ៊ុន សែន អាយុ៦៦ឆ្នាំ បានបង្ហោះពាក្យប៉ុន្មានម៉ាត់ កាលពីមុននេះបន្តិចថា៖

«តាមពិតទៅ​ ខ្ញុំចូលចិត្តកីឡាទាំងអស់​ រួមទាំងបាល់ទាត់​ បាល់ទះ​… តែដល់វ័យសព្វថ្ងៃ​ គឺវាយកូនគោលជាកីឡា ដែលខ្ញុំមិនអាចខ្វះបាន​ ទោះហត់នឿយយ៉ាងណា​ ក៏ខ្ញុំឆ្លៀតពេលបានដែរ។»

សម្រាប់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី អាយុ៦៩ឆ្នាំវិញ លោកមិនដែលអះអាងថា លោកចូលចិត្តកីឡាអ្វីជាងគេទេ តែក្នុងពេលកន្លងមក គេឃើញលោកឧស្សាហ៍បង្ហាញថា លោកលេងកីឡាបានជាច្រើនប្រភេទ ដូចជា ជិះកង់ ហែលទឹក កីឡាស្គី និងកីឡាវាយតឺនីសជាដើម។

ផ្ទុយពីលោក ហ៊ុន សែន ដែលមិនសូវបង្ហោះវីដេអូ បង្ហាញពីសកម្មភាពធ្វើកីឡារបស់លោកនោះ លោក សម រង្ស៊ី តែងបង្ហោះជារឿយៗ នូវទិដ្ឋភាពលេងកីឡារបស់លោក មានដូចយ៉ាងខាងក្រោម៖

យ៉ាងណា គេក៏ធ្លាប់បានឃើញដែរថា កាលពីច្រើនឆ្នាំកន្លងមក លោក ហ៊ុន សែន រួមនឹងមេដឹកនាំមួយចំនួន នៃគណបក្សប្រជាជនកម្ពុជា បាននាំគ្នាលេងទាត់បាល់ យ៉ាងស្វិតស្វាញ នៅលើវាលស្មៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កណ្ដាលរាជធានីភ្នំពេញ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។