កម្ពុជា

ហ៊ុន សែន បញ្ជា​ឲ្យប្ដូរ​លក្ខខណ្ឌ​«ឫកធំ» សម្រាប់​អ្នកដំណើរ​បរទេស

បន្ទាប់ពីការចុះផ្សាយ របស់សារព័ត៌មានបរទេស ដែលអះអាងថា «កម្ពុជាតូចតែ ឫកធំ» នោះមក លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រាប់​ទៅស្ថាប័ន​ពាក់​ព័ន្ធ​ នៅ​ដើមសប្ដាហ៍នេះ ឲ្យប្ដូរលក្ខខណ្ឌ​«ឫកធំ»ទាំងនោះ មួយចំនួនចេញ សម្រាប់​ជន​បរទេស ដែល​ធ្វើ​ដំណើរ​ចូលប្រទេស​កម្ពុជា។

បទបញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើងតាម​រយៈសារជាសម្លេងមួយ កាលពីថ្ងៃអាទិត្យ​កន្លងមក ដែលធ្វើ​ទៅ​កាន់​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​អប់រំ ក្រសួង​សុខាភិបាល និង​រដ្ឋ​មន្ត្រី​ទីស្ដី​ការ​គណៈរដ្ឋ​មន្ត្រី លោក ប៊ិន ឈិន ដើម្បីហេតុផល ដែល​បុរសខ្លាំង​នៅកម្ពុជា អះអាងថា មិនបង្កឧបសគ្គ និងជាការទាក់ទាញ ដល់អ្នក​វិនិយោគ​បរទេស។

ក្នុងសារសំឡេង ដែលបានបែកធ្លាយ មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃនេះ លោក ហ៊ុន សែន បានលើកឡើងថា៖

«ដកចេញនូវការតម្កល់ប្រាក់ ៥ម៉ឺនដុល្លារ និង ៣ពាន់ដុល្លារ ចំពោះអ្នកជាវិនិយោគិន អ្នក​បច្ចេកទេស ដែលធ្វើការនៅស្រុកខ្មែរ ជាជនបរទេស គួរតែដកចេញទៅ ដើម្បីបន្ធូរ​បន្ថយ និងទាក់ទាញវិនិយោគ រក្សាអ្នកវិនិយោគចាស់ បន្ថែមអ្នកវិនិយោគថ្មី ដែលមិន​បង្កើត​ពីឧបសគ្គ នៃប្រាក់ធានានេះទេ»។

កាលពីថ្ងៃទី០៥ ខែមិថុនា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ញើលិខិតមួយ ទៅ​កាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីលើកឡើងពីការកំណត់ គិតថ្លៃសេវា សម្រាប់​ការធ្វើតេស្ត រកមេរោគកូវីដ-១៩ ពីជនបរទេសដែលជាន់ជើង ចូលទឹកដីកម្ពុជា។

បើតាមលិខិតនោះ ជនបរទេសម្នាក់ ដែលជាន់ជើងចូលកម្ពុជា អាចចំណាយជាមធ្យម ពីចន្លោះជិត២០០ដុល្លារ ទៅ៣០០ដុល្លារអាមេរិក នៅក្នុងមួយថ្ងៃ ហើយពួកគេត្រូវកំហិត ឲ្យធ្វើចត្តាឡីស័ក មិនតិចជាង១៤ថ្ងៃឡើយ បើពួកគេ រកមិនឃើញលទ្ធផលវិជ្ជមាន នៃ​ជំងឺ​រាតត្បាតនេះ។ ផ្ទុយទៅវិញ បើពួកគេត្រូវបានធ្វើតេស្ដិ៍ រកឃើញមានផ្ទុកជំងឺ «Covid-19» នោះការចំណាយ អាចកើនឡើងទ្វដង។

ការដាក់កំហិត ឲ្យបង់ប្រាក់​ដ៏សន្ធឹកសន្ធាប់នេះ បានបង្កឲ្យជនបរទេសទាំងឡាយ មានការរារែក ក្នុងការធ្វើដំណើរ ចូលប្រទេសកម្ពុជា។ នេះ បើតាមសារព័ត៌មានជាច្រើន នៅបរទេស ដែលបានវាយតម្លៃការកំណត់ខាងលើ របស់រដ្ឋាភិបាលកម្ពុជា ថា «កម្ពុជាតូច តែឫកធំ»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។