កម្ពុជា

ហ៊ុន សែន៖ «មិន​ជម្លៀស»​ពលរដ្ឋ​ចេញ​ពីចិន ព្រោះ​ខ្លាចនាំ​​ជំងឺ​ចូល​ស្រុក

«ខ្ញុំមានមោទនភាពក្រៃលែង ដែលធ្វើការសម្រេចចិត្តត្រូវ!» នេះ ជាការថ្លែងឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពន្យល់ ពីការបដិសេធរបស់លោក ក្នុងពេលកន្លងមក ក្នុងការ«មិន​ជម្លៀស»និស្សិត និងពលរដ្ឋខ្មែរចេញពីប្រទេសចិន នៅខណៈពេលដែលមេរោគ «កូរូណា» ឬ «Covid-19»​ កំពុងរាតត្បាត នៅក្នុងប្រទេសកុម្មុយនីស្ដិ៍មួយនេះ។

ថ្លែងជាច្រើនម៉ោង នាព្រឹកថ្ងៃទី២៥ ខែមីនានេះ នៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងវិមានសន្ដិភាព (ភ្នំពេញ) លោក ហ៊ុន សែន បានព្រលយឲ្យដឹងថា៖

«ខ្ញុំមានមោទនភាពក្រៃលែង ដែលធ្វើការសម្រេចចិត្តត្រូវ ! នោះ គឺការមិនជម្លៀសនិស្សិតខ្មែរ និងពលរដ្ឋខ្មែរ ចាកចេញពីប្រទេសចិន […] ពេលនោះ បើខ្ញុំយកយន្ដហោះទៅដឹកនិស្សិតខ្មែរ ចេញពីប្រទេសចិន តើមានរឿងអី ដែលវាកើតឡើង? គឺនាំជំងឺចូលស្រុក!»

មេដឹកនាំចាស់វស្សា របស់កម្ពុជា បានបន្តពន្យល់ថា បើរដ្ឋាភិបាលលោក ធ្វើការជម្លៀសពលរដ្ឋកម្ពុជា ចេញពីប្រទេសចិននោះ នឹងធ្វើឲ្យខូចផលប្រយោជន៍ពីរយ៉ាង។ លោកថា៖

«មួយ គឺនាំជំងឺចូលស្រុក ពីរ គឺបំផ្លាញចំណងទាក់ទង កម្ពុជា-ចិន។»

មិនត្រឹមតែពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសចិនទេ តែចាប់ពីពេលនេះតទៅ ពលរដ្ឋខ្មែរទាំងអស់ នៅលើពិភពលោក នឹងមិនអាចវិល ចូលប្រទេសវិញបានទេ ដើម្បីអ្វីមួយ ដែលលោក ហ៊ុន សែន អះអាងដូចគ្នាថា មិនត្រូវទទួលពួកគេ ដើម្បីកុំឲ្យពួកគេនាំជំងឺចូលស្រុក។

ដូចនិស្សិតខ្មែរជាង១០នាក់ ដែលគ្រោងវិលត្រឡប់ ពីសហរដ្ឋអាមេរិក ត្រូវបានបុរសខ្លាំងកម្ពុជាបដិសេធ មិនឲ្យត្រឡប់ចូលមាតុភូមិវិញ ដោយប្រាប់ឲ្យនិស្សិតទាំងនោះ ត្រូវនៅរួមសុខរួមទុក្ខ ជាមួយពលរដ្ឋអាមេរិក តទៀតទៅ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។