នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស លោក ហ៊ុន សែន ដែលបានអវត្តមាន និងមិនបាន «បង្ហាញខ្លួនជាសាធារណៈ» តាំងពី១សប្ដាហ៍កន្លងមក បានបង្ហាញខ្លួនជាថ្មី នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនានេះ ក្នុងពិធីចុះហត្ថលេខា លើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ របស់ប្រទេសជប៉ុន ចំពោះកម្ពុជា ក្នុងវិមានសន្តិភាព (ភ្នំពេញ)។
ក្នុងពិធីដែលមានលោក ហ៊ុន សែន ជាអធិបតីនោះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខា លើលិខិតប្ដូរសារ ស្ដីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ ៣១០លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត គម្រោងហិរញ្ញប្បទានឥតសំណង ចំនួន៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោងផ្សេងទៀត។
កាលពីសប្ដាហ៍មុន គឺនៅថ្ងៃអង្គារ ក្នុងវិមានសន្តិភាពដូចគ្នា លោក ហ៊ុន សែន បានបង្ហាញខ្លួន ជាលើកចុងក្រោយ ពោលគឺក្នុងជំនួបជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា។
ក្នុងរយៈពេលពេញមួយសប្ដាហ៍នេះ គេគ្រាន់តែបានឃើញហត្ថលេខាលោក នៅលើឯកសារផ្លូវការមួយចំនួន និងបានឮសម្លេង របស់លោក ដែលនិយាយជាលក្ខណៈឯកជន អំពីការបិទព្រំដែន ជាមួយប្រទេសវៀតណាម និងបទបញ្ជា ទៅកាន់គណៈអភិបាលខេត្តក្រុង អំពីការឆ្នៃសាលារៀន ឬមជ្ឈមណ្ឌលបណ្ដុះបណ្ដាល នៅតាមខេត្តនីមួយៗ ដើម្បីត្រៀមទទួលអ្នកជំងឺ «Covid-19» តែប៉ុណ្ណោះ។
ការខកខាន មិនបង្ហាញវត្តមាន ជាសាធារណៈ របស់លោក ហ៊ុន សែន ជាករណីដ៏កម្រ បើធៀបនឹងរយៈកាលចុងក្រោយ នៃការចុះជួប ចាប់ដៃ ចែកផ្កា ចែកអំណោយ ជាមួយអ្នកទេសចរណ៍ ពលរដ្ឋ កម្មករនយោជិក មន្ត្រីរាជការ ឬការចុះចែកសញ្ញាប័ត្រ ដល់ក្រុមនិស្សិត សឹងជារៀងរាលថ្ងៃនោះ។
ជាពិសេស ខុសពីទម្លាប់រាល់ដង នាយករដ្ឋមន្ត្រី វ័យ៦៧ឆ្នាំរូបនេះ មិនបានបង្ហាញថា លោកបានធ្វើកីឡាវាយកូនគោល រត់ ឬធាក់កង់លើម៉ាស៊ីន នៅចុងសប្ដាហ៍កន្លងមកនេះទេ៕