កម្ពុជា

ហ៊ុន សែន ចេញទៅវៀតណាម ដើម្បីគោរពសព ឡេ ឌឹកអាញ់

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូមួយ កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភានេះ ចេញពីកម្ពុជាឆ្ពោះទៅកាន់រដ្ឋធានី ហាណូយ ប្រទេស​វៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឡេ ឌឹកអាញ់ អតីតមេដឹកនាំវៀតណាម ដែលបានទទួលមរណភាព កាលពីពីរសប្ដាហ៍មុន។

ទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ហ៊ុន សែន បានសរសេរថា៖

«ឯកឧត្តម ឡេ ឌឹកអាញ់ ជារដ្ឋបុរសវៀតណាមមួយ​រូប និង​ជាតួអង្គ​នយោបាយដ៏​សំខាន់ នៅក្នុង​ប្រវត្តិសាស្ត្រ នៃប្រទេសរវៀតណាម និងប្រទេស​កម្ពុជា ពីព្រោះឯកឧត្តម​បាន​ចូលរួមយ៉ាង​​សកម្ម​ ក្នុងការ​វាយ​រំលំ ​របបប្រល័យពូជសាសន៍ ប៉ុល ពត។»

បុរស​ពិការ​ភ្នែក​ម្ខាង ឧត្តមសេនីយ៍ ​ឡេ ឌឹកអាញ់ បាន​​ទទួល​មរណភាព​ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែមេសា ឆ្នាំ២០១៩ ក្នុង​វ័យ​៩៩ឆ្នាំ ដោយសារតែ​​ជំងឺ​ប្រចាំកាយ​ដ៏រ៉ាំរ៉ាំ និងតាំងពីយូរមកហើយ។ ជនកុម្មុយនីស្ដិ៍រូបនេះ បានកាន់​កាប់អំណា​ច ​ជា​ប្រធានាធិបតី​​វៀតណាម​ ពីចន្លោះ​ឆ្នាំ​១៩៩២ ដល់​១៩៩៧ ដោយប្រើកណ្ដាប់ដៃដែក ដើម្បីការពារអំណាចគណបក្សកុម្មុយនីស្ដិ៍​វៀតណាម។

លោក ឡេ ឌឹកអាញ់ ត្រូវបានគេចាត់ទុកថា ថាជាតួអង្គ​នយោបាយ​ដ៏​សំខាន់​ នៅក្នុងនយោបាយកម្ពុជា។ មេដឹកនាំវៀតណាម ដែលគេបានប្រសិទ្ធនាមថា ជា«ខ្លា​របស់​កម្ពុជា»រូបនេះ គឺជាបុគ្គល​ជួរ​មុខ​គេ ដែល​បាន​រៀបចំ​គម្រោង​ វាយ​រំលំ​របប​កម្ពុជាប្រជាធិបតេយ្យ របស់ ប៉ុល ពត៕


ខាងក្រោមនេះ ជាកម្រងរូបភាពមួយចំនួន ក្នុងដំណើររបស់លោក ហ៊ុន សែន ចូលជួបមេដឹកនាំរូបនេះ កាលពីអំឡុងចុងខែធ្នូ ឆ្នាំ២០១៣ ពោលគឺនៅប៉ុន្មានថ្ងៃ មុនការបង្ក្រាបយ៉ាងហិង្សា ទៅលើបាតុកម្មរបស់គណបក្សប្រឆាំង និងកម្មករ-នយោជិត នៅក្នុងប្រទេស​កម្ពុជា នៅដើមខែមករា ឆ្នាំ២០១៤ (រូបថតរបស់សារព័ត៌មានវៀតណាម)៖

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។