ខណៈវិបត្តិបានផ្ទុះឡើង តាំងពីប៉ុន្មានខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសក្នុងថ្ងៃអាទិត្យនេះ ថារដ្ឋាភិបាលបានរិះរក «វិធីនានា ដែលអាចធ្វើបាន» ដើម្បីជួយពលរដ្ឋក្រីក្រ នៅតាមតំបន់ដាច់ស្រយាល ដែលខ្វះខាតម្ហូបអាហារ។
ការប្រកាសរបស់បុរសខ្លាំង នៅកម្ពុជា ស្ដីពី«ការរិះរកវិធីនានា ដែលអាចធ្វើបាន» ក្នុងការជួយពលរដ្ឋក្រីក្រ ធ្វើឡើងកាលពីមុននេះបន្តិច នៅលើបណ្ដាញសង្គម ជាមួយនឹងពាក្យពេជន៍នឹករឭក ផ្ញើរទៅកាន់ពលរដ្ឋទាំងនោះ ដែលលោកអះអាងថា មិនបានចុះជួបដោយផ្ទាល់។
លោក ហ៊ុន សែន បានសរសេរបន្តថា៖
«ពិតណាស់ក្នុងស្ថានការណ៍ ដែលជំងឺឆ្លងកូវីដ-១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក គឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង មកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួន ត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅតាមជនបទដាច់ស្រយាលមួយចំនួន ក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។»
បុរសអាយុ៦៧ឆ្នាំរូបនេះ ដែលអង្គុយក្នុងតំណែង តាំងពី៣៥ឆ្នាំ បានប្រកាសពីវិធានការណ៍នៃរដ្ឋាភិបាលរបស់លោក ដូច្នេះថា៖
«រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ រិះរកវិធីនានា ដែលអាចធ្វើបាន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធទី២៤ មិថុនា ខាងមុខនេះ យើងនឹងប្រកាស ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩”។»
សម្រាប់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំង បានរិះគន់ចំណាត់ការ របស់រដ្ឋាភិបាលលោក ហ៊ុន សែន នៅក្នុងការគ្រប់គ្រងវិបត្តិ «Covid-19» ថាមិនអាចធ្វើបាន ដោយយោងតាមលក្ខខណ្ឌបីយ៉ាង។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើបណ្ដាញសង្គមថា៖
«របប ហ៊ុន សែន មិនអាចដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដូចសព្វថ្ងៃ បានទេ។ ដើម្បីដោះស្រាយវិបត្តិបែបនេះ ប្រកបដោយជោគជ័យ របបណាក៏ដោយ ត្រូវតែបំពេញលក្ខខណ្ឌ ៣ យ៉ាង ៖ (ទី១) មានឆន្ទៈនយោបាយ (ទី២) មានធនធាន និងប្រាក់បម្រុងគ្រប់គ្រាន់ (និងទី៣) មានជំនាញ និងសមត្ថភាព៕»