កម្ពុជា

ហ៊ុន សែន៖ «វិស័យ​យោធា​ ជា​ជន្ទល់​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​វៀតណាម-កម្ពុជា»

នៅក្នុងជំនួបមួយ ជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ ជាជន្ទល់ដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា។

ការថ្លែងរបស់លោក ហ៊ុន សែន នៅក្នុងជំនួបនោះ មិនត្រូវបានសារព័ត៌មាន នៅកម្ពុជាណាមួយ ដកស្រង់​យកមកចុះផ្សាយទេ ដែលផ្ទុយគ្នា ពីសារព័ត៌មានផ្លូវការវៀតណាម «VNA» ដែលចេញផ្សាយព័ត៌មាននេះ យ៉ាងលំអិត និងជាច្រើនភាសា (វៀតណាម ចិន អង់គ្លេស និងបារាំង) រួមនឹងសារព័ត៌មាន មិនផ្លូវការ​ជាច្រើនទៀត។

ដោយឡែក ការអះអាងរបស់លោក ហ៊ុន សែន និងមន្ត្រីក្រោមបង្គាប់របស់លោក ដែលលើកឡើង ពីជំនួយហិរញ្ញវត្ថុ ពីសំណាក់ភាគីវៀតណាម ដើម្បីជួយសង់​ទីស្ដីការក្រសួង​ការពារជាតិកម្ពុជា ក្នុងកម្រិត ១០លានដុល្លារនោះ មិនឃើញ​ត្រូវបាន​សារព័ត៌មាន​វៀតណាម ចុះផ្សាយទេ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ «VNA» បានស្រង់សំដីលោក ហ៊ុន សែន ដែលថ្លែង​នៅចំពោះ រដ្ឋមន្ត្រីការពារជាតិ​វៀតណាម លោក ង៉ូ ស៊ុនលិច្ស (Ngo Xuanlich) មកសរសេរ​រៀបរាប់ថា កម្ពុជាបានផ្ដល់សារសំខាន់ ដ៏ធំធេង ក្នុងការថែរក្សា និងពង្រឹង កិច្ចសហប្រតិបត្តិការជាប្រពៃណី និងជាមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យទាំងអស់ ជាមួយវៀតណាម។

ចំណែកលោក ង៉ូ ស៊ុនលិច្ស វិញ បានលើកមកបញ្ជាក់ ប្រាប់បុរសខ្លាំងកម្ពុជា អំពីអ្វីដែលរដ្ឋមន្ត្រីវៀតណាមរូបនេះ បានជជែកជាមួយលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិខ្មែរ កាលពីមួយថ្ងៃមុន។ លោក ង៉ូ ថា ភាគីទាំងពីរបានយល់ព្រមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការ ពហុទម្រង់ ជាពិសេសលើវិស័យទំនាក់ទំនង និងការអប់រំ – វិស័យបណ្ដុះបណ្ដាល​ធន់ធាន​មនុស្ស – ការគ្រប់គ្រងព្រំដែន និងការស្វែងរកឆ្អឹងទាហាន និងជំនាញការស្ម័គ្រចិត្តវៀតណាម ដែលបានស្លាប់​នៅកម្ពុជា។

បន្ទាប់ពីរៀបរាប់ ពីចំណុចត្រូវរ៉ូវគ្នា ជាមួយលោក ទៀ បាញ់ ដែលជាមនុស្សជំនិតបំផុត របស់លោក ហ៊ុន សែន រួច លោក ង៉ូ បានស្នើសុំឲ្យរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីកម្ពុជា ឲ្យបន្តគាំទ្រកិច្ចការងាររួមគ្នា រវាងកងទ័ពទាំងសងខាង។ ការស្នើសុំ ដែលទទួលបាន ការឆ្លើយតបភ្លាមៗ ពីលោក ហ៊ុន សែន ដែលប្រកាសឡើងថា កងទ័ពនៃប្រទេសទាំងពីរ ចាំបាច់ត្រូវបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការមួយ រឹងមាំនៅគ្រប់ផ្នែកទាំងអស់ ដើម្បីធ្វើឲ្យវិស័យកងទ័ព «ក្លាយជាជន្ទល់មួយ ដ៏សំខាន់ នៃចំណងទ្វេរភាគី»។

នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍កិច្ចការ របស់កងទ័ពនៃប្រទេសទាំងពីរ ចំពោះការអនុវត្តពិធីសារ ស្តីពីប្រតិបត្តិការរុករក និងសង្គ្រោះ នៅតាមតំបន់ព្រំដែនដី រួមទាំងការរៀបចំការហ្វឹកហាត់ នៃការស្វែងរក និងសង្គ្រោះ។ លោក ហ៊ុន សែន បានជំរុញឱ្យភាគីទាំងពីរ បន្តអនុវត្តគម្រោង ដើម្បីជួសជុល និងរៀបចំសម្អាត នូវស្ដូបអនុស្សាវរីយ៍មិត្តភាព រវាងវៀតណាម និងកម្ពុជា។

ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងផងដែរថា ប្រទេសកម្ពុជា​នឹង​សម្របសម្រួល​សកម្មភាព​របស់ខ្លួន ជាមួយភាគីវៀតណាម ដើម្បីពន្លឿនការស្វែងរក និងការបញ្ជូនត្រឡប់ទៅវិញ នូវឆ្អឹងសពទាហាន និងជំនាញការស្ម័គ្រចិត្តវៀតណាម ដែលបានស្លាប់ នៅក្នុងប្រទេសកម្ពុជា៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។